Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​វិស័យ​ទេសចរណ៍​នៅ​កោះ​ចំនួន​ ២

Media LNN | Jul 08, 2023
កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​វិស័យ​ទេសចរណ៍​នៅ​កោះ​ចំនួន​ ២
Clinic narith

ភ្នំពេញៈ កម្ពុជា​ទទួលបាន​គម្រោង​វិនិយោគ​នៅក្នុង​វិស័យ​ទេសចរណ៍​ចំនួន ​២ ក្រោម​ទុន​វិនិយោគ​ជិត ៤០ ​លាន​ដុល្លារ នៅក្នុង​ឆមាស​ទី ​១ ឆ្នាំ​ ២០២៣ ខណៈ​ឆ្នាំ​ ២០២២ មាន​ចំនួន ៦ គម្រោង​។ នេះ​បើតាម​ថ្នាក់​ដឹក​នាំ​នៃ​ក្រសួងទេសចរណ៍​។​

 

​របាយការណ៍​បូកសរុប​ផែន​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ ឆមាស​ទី​ ២ ឆ្នាំ​ ២០២២ និង​លើក​ទិសដៅ​អនុវត្តន៍​បន្ត​ឆ្នាំ​ ២០២៣-២០២៤ របស់ លោក ទិ​ត ចន្ថា រដ្ឋ​លេ​ខា​ធិ​ការ​ប្រចាំការ​ក្រសួង​ទេស​ចរណ៍ កាលពី​ខែមិថុនា ឱ្យដឹងថា នា​រយៈពេល ៦ ខែ​ដើមឆ្នាំ​ ២០២៣ កម្ពុជា​ទទួលបាន​ការ​វិនិយោគ​ទេសចរណ៍​ចំនួន​ ២ គឺ​គម្រោង ​«​កោះ​មួយ​»​ ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ និង​គម្រោង ​«​កោះ​ទទឹង​» នៅ​ខេត្តកោះកុង ដែល​គម្រោង​ទាំង​ ២ មាន​ទុន​វិនិយោគ​សរុប ៣៧,៧​ លាន​ដុល្លារ​។ ចំណែក​នៅ​ឆ្នាំ ​២០២២ គម្រោង​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ មាន​ចំនួន​ ៦ ដែលមាន​ទុនវិនិយោគ ៣ ៧៧០ ​លាន​ដុល្លារ កើន ១ ០០០​ ភាគ​​រយ​ធៀប​នឹង​ឆ្នាំ​ ២០២១​។​

​លោក ទិ​ត ចន្ថា បាន​លើក​ឡើង​ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ «​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​» គឺជា​វិស័យ​អាទិភាព​មួយ​ដែល​អាច​ប្រៀបបាន​នឹង​«​មាស​បៃតង​» ​របស់​កម្ពុជា និង​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​សង្គម តាមរយៈ​ការផ្តល់​ឱកាស​ការងារ ប្រាក់ចំណូល លើកកម្ពស់​ជីវ​ភាព​រស់នៅ និង​ជា​វិស័យ​នាំ​​ចេញ​នៅនឹងកន្លែង ព្រមទាំង​រក​ទីផ្សារ​លក់​ផលិតផល​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។

​លោក​បន្តថា ក្នុង​គោលបំណង​ជំរុញ​ការ​ងើប​ឡើងវិញ​ក្នុង​វិស័យ​ទេសចរណ៍​ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​ ១៩ រដ្ឋាភិបាល​បានដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​ច្បាប់ បទ​ប្បញ្ញត្តិ និង​វិធានការ​សេដ្ឋ​កិច្ច​សង្គម​នានា​សំដៅ​ធានា​ស្រោចស្រង់​ជីវិត និង​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជា​ពល​រដ្ឋ ពិសេស ​«​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩ (២០២០-២០២៥)​។​

​លោក​បន្តថា​៖ «​ក្រោយ​ការ​បើក​ប្រទេស​ទាំងស្រុង​ឡើងវិញ ​(​ចុងឆ្នាំ​ ២០២១) កម្ពុជា​បានទទួល​ទេសចរ​អន្តរជាតិ​រហូត​ដល់​ជាង ២,៣ ​លាន​នាក់ និង​ទេសចរ​ក្នុងស្រុក ១៣,៩​ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២២ ខណៈ​រយៈ​ពេល ៥ ​ខែ ឆ្នាំ ​២០២៣ ទេសចរ​​អន្តរជាតិ មាន​ចំនួន ២,១​ លាន​នាក់ កើនឡើង ៥៣០​ភាគរយ និង​ទេសចរ​ក្នុងស្រុក ១០​ លាន​នាក់ កើន ៧៦,៤​ ភាគរយ​»​។​

 

​លោក​ឱ្យដឹងទៀតថា សម្រាប់​ចក្ខុវិស័យ​ទេសចរណ៍​កម្ពុជា​ឆ្នាំ​ ២០២៣ នេះ គឺ​កម្ពុជា​នឹង​អាច​ទទួលបាន​ទេសចរ​អន្តរជាតិ​ ៤,៤​ លាន​នាក់ និង​ទេសចរ​ផ្ទៃ​​ក្នុង​ជាង ១៦​ លាន​នាក់​។ ឆ្នាំ​ ២០២៦ ភ្ញៀវទេសចរ​អន្តរជាតិ នឹងមាន​ចំនួន ៧​ លាន​នាក់​។​

​ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​សម្តែង​ការ​​ស្វាគមន៍​ចំពោះ​គម្រោង​ថ្មីៗ​ក្នុង​វិស័យ​ទេសចរណ៍ ពិសេស​ការ​វិនិយោគ​តាម​បណ្តា​កោះ ដោយ​លោក​អះអាងថា គម្រោង​អភិ​​វឌ្ឍន៍​នៅតាម​បណ្តា​កោះ នឹង​ផ្តល់​ផល​វិជ្ជមាន​ជាច្រើន​ទាំង​សម្រាប់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​ប្រទេស​។ លោក​បន្តថា កម្ពុ​ជាមាន​ធនធានធម្មជាតិ​ច្រើន ប៉ុន្តែ​ការកែច្នៃ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ គឺ​នៅ​អន់ថយ​នៅឡើយ​។​

​លោក ស៊ីណាន បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​៦ ខែកក្កដា ថា​៖ «​ក្នុងនាម​ប្រតិបត្តិ​ករ​ទេស​​ចរណ៍ ខ្ញុំ​ពិតជា​រីករាយ និង​គាំទ្រ​ឱ្យមាន​ការវិនិយោគ​នៅក្នុង​វិស័យ​ទេសចរណ៍​ឱ្យបាន​ច្រើន ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ខិតខំ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​ជាច្រើន​ដើម្បី​ជំរុញ​កំ​​ណើ​ន​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​»​។​

​ទាក់ទង​នឹង​គម្រោង​អភិវឌ្ឍន៍​តាម​បណ្តា​កោះ​ក្នុង​ដែនសមុទ្រ​កម្ពុជា លោក​លើកឡើងថា ការ​អភិវឌ្ឍ​តំបន់​ទេសចរណ៍​តាម​កោះ គឺជា​គម្រោង​ដ៏​ល្អប្រសើរ​បំផុត បើ​ការអភិវឌ្ឍ​នោះ​មិន​ប៉ះពាល់​ដល់​ធនធានធម្មជាតិ ព្រោះ​គម្រោង​ទាំងនោះ​គឺ​មិន​ត្រឹមតែ​ជួយ​ភាព​ទាក់ទាញ​អ្នក​ទេសចរ និង​វិនិយោគិន​ឱ្យ​ចូលមក​កម្ពុជា​កាន់តែ​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ការពារ​ទឹកដី​ខ្មែរ​ពី​ការទន្ទ្រាន​ពី​សំណាក់​ជន​បរទេស និង​ជនខិលខូច​មួយចំនួន​ដែល​មានបំណង​បំផ្លាញ​ធនធានធម្មជាតិ​ផងដែរ​៕