បន្ទាប់ពីក្រុមហ៊ុនអ្នកឧកញ៉ា គិតម៉េងចុះបញ្ជី នៅថ្ងៃទី២៧ខែមិថុនានិងក្រុមហ៊ុនអ្នកឧកញ៉ា គួច ម៉េងលី ចុះបញ្ជីបើកជួញដូរភាគហ៊ុនថ្ងៃទី២៨ខែមិថុនានៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រហូតមកដល់ចុងសប្តាហ៍ទី១នៃខែកក្កដា ឆ្នាំ២០២៣ មន្ត្រីជំនាញនៃផ្សារមូលបត្រកម្ពុជាឬហៅកាត់ថាCSX បានចាត់ទុកថាភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ាទាំង២រូបនេះកំពុងធ្វើឱ្យទីផ្សារមានការជួញដូរភាគហ៊ុនយ៉ាងគគ្រឹងគគ្រេងបើប្រៀបធៀបទៅនិងពេលមុនៗ។
អ្នកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារមូលបត្រកម្ពុជា ហៅកាត់ថាCSX បានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ាទាំងពីរនៅថ្ងៃដំបូងបានទាក់ទាញអ្នកចូលរួមច្រើនដូចគ្នា ហើយក្រុមហ៊ុននីមួយៗប្រមូលទុនបានប្រហែល១ពាន់លានរៀលឬស្មើប្រមាណ២៥ម៉ឺនដុល្លារអាមេរិកដូចគ្នាតែបើគិតជាភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងមានប្រហែល៤៨ម៉ឺនហ៊ុននិងភាគហ៊ុនរបស់អ្នកឧកញ៉ាគួចម៉េងលីមាន៤៦ម៉ឺនហ៊ុន។
ចំពោះតម្លៃនៅថ្ងៃជួញដូរដំបូងរបស់ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងវាមានការកើនឡើងប្រហែល៤%បើប្រៀបធៀបទៅនិងថ្លៃIPO(ថ្លៃបោះលក់ដំបូង)២២៧០រៀលកើនដល់២៣៣០រៀលក្នុងមួយភាគហ៊ុន ហើយខាងភាគហ៊ុនរបស់ក្រុមហ៊ុនគួចម៉េងលីឡើងថ្លៃជិត៦%ថ្លៃពី២០២០ទៅដល់២០៨០រៀល។
អ្នកស្រី គឹម សុផានីតា មានប្រសាសន៍ថា«បន្ទាប់ពីថ្ងៃបើកជួញដូរដំបូងនៅផ្សារមូលបត្រកម្ពុជារហូតមកដល់សប្តាហ៍ទី១ខែកក្កដានេះយើងសង្កេតឃើញថាសន្ទុះនៃការជួញដូររបស់ភាគហ៊ុនទំាងពីរមានតម្លៃខុសគ្នាតិចតួច។ភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងមានតម្រូវការចង់ទិញមានចំនួនច្រើន ដោយតម្លៃភាគហ៊ុនរបស់គាត់កើនឡើងស៊ឹងតែរាល់ថ្ងៃ ។ ជាក់ស្តែងនៅរយៈពេល២ថ្ងៃចុងក្រោយនេះតម្លៃភាគហ៊ុនគាត់បានឡើងដល់កម្រិតកំពូលដោយក្នុង១ភាគហ៊ុនមានតម្លៃ៣០០០រៀល ខណៈតម្លៃជួញដូរនៅថ្ងៃបិទផ្សារកាលពីថ្ងៃទី៦កក្កដាម្សិលមិញថ្លៃ២៧៣០រៀល។ដោយឡែកភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ាគួចម៉េងលីវិញមានការជួញដូរសកម្មដូចគ្នា តែតម្លៃភាគហ៊ុនចុះមកត្រឹម២១០០រៀលក្នុងមួយហ៊ុនគិតត្រឹមថ្ងៃបិទផ្សារថ្ងៃទី៧កក្កដានេះ»។
បើតាមមន្ត្រីជំនាញរបស់CSX តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង បន្តឡើងថ្លៃ អាចមកពីសក្តានុពលរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនមានភាពទាក់ទាញត្រង់ចែកភាគលាភក្នុងរយៈពេល៣ខែម្តង ហើយខាងក្រុមហ៊ុនធានាភាគលាភរហូតដល់៧%ក្នុងមួយឆ្នំា។
អ្នកស្រីសង្កត់ធ្ងន់ថា«ខ្ញុំសង្កេតឃើញថាក្រោយពេលមានវត្តមានរបស់ក្រុមហ៊ុនអ្នកឧកញ៉ា គួចម៉េងលី និងក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េងចូលមកផ្សារមូលបត្រកម្ពុជាមកបាន ធ្វើឱ្យទីផ្សារយើងមានភាពគគ្រឹង គគ្រេងខ្លំាងជាងមុន ហើយចំណុចល្អដែលធ្វើឱ្យភាគហ៊ុនទំាងពីរនេះមានអ្នកចូលរួមវិនិយោគខ្លំាងនេះដោយសារតែជាក្រុមហ៊ុនធំល្បីហើយមានកេរ្តិ៍ឈ្មោះបោះសម្លេងហើយប្រជាពលរដ្ឋស្គាល់ច្បាស់ អីចឹងទៅធ្វើឱ្យពួកគាត់កាន់តែចាប់អារម្មណ៍ចង់ចូលរួមវិនិយោគជាមួយក្រុមហ៊ុនទំាងពីរ។លើសពីនេះក្រុមហ៊ុនទំាងពីរនៅពេលគាត់ធ្វើIPOមានអ្នកចូលរួមទិញសុទ្ធតែជាឯកបុគ្គលឬវិនិយោគិនរាយនេះមានការជួញដូរប្រចំាថ្ងៃច្រើនជាងIPOមុនៗដែលមានអ្នកទិញជាប្រភេទក្រុមហ៊ុនហើយមិនមានការជួញដូរប្រចំាថ្ងៃ»៕