ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា លោក ផាទ្រីក មូរហ្វ៉ី (W.Patrick Murphy)មានប្រសាសន៍ថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) គឺជាកត្តាជំរុញដ៏សំខាន់មួយក្នុងការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើររបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយឯកអគ្គរដ្ឋទូត ផាទ្រីក មូរហ្វ៉ី នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។លោកឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ រដ្ឋមន្ត្រី អុិត សំហេង ដែលបានលើកឡើងពីវឌ្ឍនភាពរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា
(BFC) ដែលជំរុញឱ្យការបញ្ជាទិញពីទីផ្សារសហរដ្ឋអាមេរិកកាន់តែមានកំណើន កំណើននេះគឺកើនទាំងបរិមាណផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ទំហំពាណិជ្ជកម្ម និងបន្ថែមនូវការនាំចេញផលិតផលកាបូប និងសម្ភារធ្វើដំណើរទៀតផង។
យោងតាមក្រសួងការងារបានឲ្យដឹងថា កម្ពុជាបានខិតខំទាញបានផលប្រយោជន៍ពីពាណិជ្ជកម្មកម្ពុជា-អាមេរិក បានចំណាត់ថ្នាក់ជាប្រទេសទី៤ ដែលនាំចេញទៅទីផ្សារអាមេរិក និងជាប្រទេសចំណាត់ថ្នាក់ទី៣ ដែលទទួលអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
(GSP) ពីសហរដ្ឋអាមេរិក។
ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការសំដៅពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា-អាមេរិកឱ្យកាន់តែមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនវិនិយោគទុនរបស់ខ្លួននៅកម្ពុជាក្នុងវិស័យជាច្រើនទៀត។
ទន្ទឹមនឹងនេះភាគីទាំងពីរ បានពិភាក្សាលើអនុសាសន៍មួយចំនួន ដូចជាករណីពលកម្មកុមារ អំពើជួញដូរមនុស្ស ការធ្វើអធិការកិច្ចទីភ្នាក់ងារបញ្ជូនពលករ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលករ ការធានានិរន្តរភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការបន្តធ្វើឱ្យប្រសើរឡើងនូវសិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: និងបន្តអនុលោមភាពស្របតាមបទដ្ឋានការងារអន្តរជាតិដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន។
ភាគីអាមេរិកនឹងផ្តល់កិច្ចសហប្រតិបត្តិការជាច្រើនទៀត ពិសេសលើវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់កាសែតខ្មែរថាមស៍ថា ទីផ្សារសហរដ្ឋអាមេរិកមានសក្តានុពលសម្រាប់ផលិតផលកម្ពុជា ភាគច្រើនជាស្បែកជើង
សម្លៀកបំពាក់ និងទំនិញធ្វើដំណើរ។
លោកបានមានប្រសាសន៍ឱ្យដឹងថា៖ «សហរដ្ឋអាមេរិកនៅតែទីផ្សារមានសក្តានុពលសម្រាប់កម្ពុជា ព្រោះ កម្ពុជានាំចេញប្រហែល៤០ភាគរយទៅ កាន់ទីផ្សារសហរដ្ឋអាមេរិក»។
លោកមានប្រសាសន៍បន្ថែមថា ប្រទេសកម្ពុជានៅតែទទួលបានការបញ្ជាទិញ ដែលផ្តល់ក្តីសង្ឃឹមធ្វើឲ្យការនាំចេញនឹងកើនឡើងនៅចុងឆ្នាំនេះ។