អ្នកវិទ្យាសាស្ត្របានព្រមានថា ស្នាមប្រេះដ៏ធំនៅអាហ្រ្វិក នឹងបំបែកទ្វីបនេះជាពីរ ហើយបង្កើតជាមហាសមុទ្រទីប្រាំមួយរបស់ផែនដី។បណ្តាប្រទេសនៅតាមបណ្តោយឆ្នេរសមុទ្រភាគអាគ្នេយ៍នឹង ក្លាយជាកោះដ៏ធំមួយ ដែលបង្កើតបានជាសមុទ្រថ្មីទាំងស្រុង ចាប់ពីប្រទេសអេត្យូពី រហូតដល់ប្រទេសម៉ូសំប៊ិក។
ជាអ្វីដែលគេហៅថាស្នាមប្រេះនៅអាហ្វ្រិកខាងកើត ដែលបង្កើតឡើងកាលពី២២លានឆ្នាំមុនប៉ុន្តែទើបបង្ហាញសកម្មភាពក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ, ស្នាមប្រេះមួយបានលេចឡើងនៅតាមបណ្តោយវាលខ្សាច់នៃប្រទេសអេត្យូពីនៅឆ្នាំ២០០៥ ហើយកំពុងពង្រីកក្នុងទំហំ២.៥៤សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ វាគឺជាលទ្ធផលនៃផ្ទាំងតិកតូនិកចំនួនពីរ ដែលញែកចេញពីគ្នា។ហើយថ្មីៗ ការសិក្សាមួយដែលចេញផ្សាយកាលពីខែមិថុនា បានរកឃើញថា ការរុញច្រាននៃថ្មដែលមានកម្តៅក្តៅខ្លាំង ចេញពីស្នូលនៃភពផែនដីរបស់យើង កំពុងធ្វើឲ្យស្នាមប្រេះកាន់តែធំ។
លោក Ken Macdonald សាស្ត្រាចារ្យនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានប្រាប់ DailyMail.com ថា “អ្វីដែលយើងមិនដឹងគឺថាតើ ការប្រេះនេះ នឹងបន្តក្នុងល្បឿនបច្ចុប្បន្នរបស់វា ដើម្បីបង្កើតជាមហាសមុទ្រ ដែរឬក៏យ៉ាងណា។ ដំបូងវាអាចបង្កើតបានប៉ុនសមុទ្រក្រហម ហើយក្រោយមកទៀត បង្កើតទៅជាអ្វីដែលកាន់តែធំ ដូចជាមហាសមុទ្រអាត្លង់ទិក។ ដើម្បីបង្កើតសមុទ្រដែលមានទំហំប៉ុនសមុទ្រក្រហមបច្ចុប្បន្ន គឺវាត្រូវចំណាយពេលប្រហែល ២០ទៅ៣០លានឆ្នាំទៀត”៕