នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្រមានថា ប្រទេសថៃអាចជួបប្រទះនឹងស្ថានភាពស្ងួត ដោយសារបាតុភូតអ៊ែលនីណូ (El Nino) រហូតដល់ដើមឆ្នាំក្រោយ។
អគ្គនាយក TMD លោក ជុំប៉ារី ជុំពូរ៉ាត់ (Chomparee Chompurat) បាននិយាយថា ទឹកភ្លៀងនៅគ្រប់តំបន់ទាំងអស់នៃប្រទេសថៃមានកម្រិតទាបជាងមធ្យម បើទោះបីជារដូវវស្សាចាប់ផ្តើមជាងមួយខែមកហើយក៏ដោយ។ ភ្លៀងធ្លាក់នៅទូទាំងប្រទេសមានកម្រិតទាបជាងមធ្យមភាគ ២៥% ហើយរយៈពេលស្ងួតត្រូវបានព្យាករនៅតាមតំបន់ផ្សេងៗរហូតដល់ថ្ងៃទី១៧ ខែកក្កដា។ លោកអគ្គនាយកបានព្រមានថា ស្ថានភាពនេះអាចនឹងកើនឡើងខ្លាំងនៅក្នុងខែវិច្ឆិកា និងបន្តរហូតដល់ដើមឆ្នាំ២០២៤។
ទន្ទឹមនឹងនេះដែរ ការិយាល័យធនធានទឹកជាតិ (ONWR) របស់ប្រទេសថៃបានរាយការណ៍ថា ទំនប់ធំៗចំនួនបួនរបស់ខ្លួនដែលរួមមានទំនប់ភូមីបុល ទំនប់ស៊ីរីគីត ទំនប់ខ្វៃណយបាំរុងដែន និងទំនប់ប៉ាសាកចូឡាស៊ីដ មានសមត្ថភាពជាមធ្យម ៤០% ។ ភ្លៀងធ្លាក់នាពេលថ្មីៗនេះបានជួយបង្កើនកម្ពស់ទឹកនៅតំបន់មួយចំនួន ប៉ុន្តែមន្ត្រីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
អាជ្ញាធរមកពីមន្ទីរពាក់ព័ន្ធនានាក៏នឹងអនុវត្តវិធានការកាត់បន្ថយផលប៉ះពាល់ទៅលើធនធានទឹក សកម្មភាពកសិកម្ម និងប្រព័ន្ធអេកូឡូស៊ីទាំងមូលផងដែរ។ សាធារណជន ជាពិសេសប្រជាកសិករ ត្រូវបានណែនាំឱ្យត្រៀមលក្ខណៈសម្រាប់គ្រោះរាំងស្ងួតនាពេលខាងមុខ៕