Alynana Media Cambodia
Icon Collap
clinic narit

ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង ២៣.៦ពាន់លានដុល្លារ ថយចុះ ១៣ភាគរយ ក្នុងឆមាសទី១

Media LNN | Jul 10, 2023
ពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានជាង ២៣.៦ពាន់លានដុល្លារ ថយចុះ ១៣ភាគរយ ក្នុងឆមាសទី១
Clinic narith

កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណជាង ២៣.៦ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ២៧ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅថ្ងៃទី ១០ ខែ កក្កដា នេះ។យោងតាមតារារបាយការណ៍គយ បានបង្ហាញថា ការនាំចេញរបស់កម្ពុជា មានទំហំទឹកប្រាក់ជាង ១១ ពាន់លានដុល្លារ ស្មើនឹង ០.៨ភាគរយ និងនាំចូលមកវិញ គិតជាទឹកប្រាក់ជាង ១២ពាន់លានដុល្លារ ធ្លាក់ចុះ ២២ភាគរយ បើធៀននឹងឆ្នាំ ២០២២។

ប្រភពដដែលបញ្ជាក់ថា ចិន នៅតែមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ សរុបជាង ៦.១៥ពាន់លានដុល្លារ រយៈពេល ៦ខែ ចាប់ពីខែ មករា-មិថុនា ឆ្នាំ ២០២៣។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំ​ពាណិជ្ជកម្មជាមួយកម្ពុជា សរុបទាំងនាំចេញ និងនាំចូលប្រមាណជាង ៤.៣៥ពាន់លានដុល្លារ។ ដោយឡែកវៀតណាម នៅលេខរៀងទី៣ បន្ទាប់មកថៃ  ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗទៀត។

 

សម្រាប់ទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញរួមមាន៖ សម្លៀកបំពាក់ សម្រេចបាន ២.៤ពាន់លានដុល្លារ មានការថយ​ចុះជាង ២១ភាគរយ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ១.៥ពាន់លានដុល្លារ កើនឡើងជាង ១០៨ភាគរយ, គុជខ្យង​ធម្មជាតិ ឬចិញ្ចឹម ត្បូងថ្មមានតម្លៃ សម្រេចបាន ជាង ៥៦៥លានដុល្លារ កើនឡើង ២៨៦ភាគរយ, ស្បែកជើង ស្រោម​ជើងជាង ៧០០លានដុល្លារ ធ្លាក់ចុះ ១៧ភាគរយ និងទំនិញផ្សេងៗដទៃទៀត។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការនាំចេញរបស់កម្ពុជា រយៈពេល៦ខែ​នេះ មិនអាចមានកំណើនទេ ខណៈដែលវិបត្តិសកលនៅតែបន្តកើតមាន, មានន័យថា សេដ្ឋកិច្ច Slow Down។

 

លោកបណ្ឌិតបន្តដូច្នេះថា « ខ្ញុំនៅតែយល់ថា កំណើននៅតែមានការលំបាក ដោយសារតែមានចំណងពាក់ព័ន្ធ​នឹងសេដ្ឋកិច្ចអន្តរជាតិ, ការនាំចេញរបស់យើងលក់ចេញទៅក្រៅប្រទេស ដូច្នេះអាស្រ័យលើអ្នកទិញ មិនអាស្រ័យ​លើខ្លួនយើងទេ ហើយប្រទេសអ្នកផលិតដទៃទៀត ក៏ខំប្រឹងផលិត ដើម្បីលក់ប្រជែងគ្នាដូចយើងដែរ។ ដូច្នេះហើយ​កត្តាដែលធ្វើឱ្យមានវិបត្តិនេះ គឺបញ្ហាទីផ្សារ និងបញ្ហាអ្នកទិញ»

ដើម្បីឱ្យមានកំណើននៃការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិឡើងវិញ លោក​បណ្ឌិត គី សេរីវឌ្ឍន៍ បានលើកឡើងថា កម្ពុជាត្រូវតែព្យាយាមកាត់បន្ថយថ្លៃដើមឱ្យទាបជាងមុន ឬបន្ធូរបន្ថយពន្ធ ឬលក្ខខណ្ឌណាមួយ ដើម្បីជួយសម្រួលដល់ផលិតកម្ម ដើម្បីជំរុញការនាំចេញឱ្យបានច្រើន។

សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៥២ពាន់លានដុល្លារ កើនជាង ៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ភាគរយ និងការនាំចូលមានទំហំទឹកប្រាក់ ២៩,៩ពាន់លានដុល្លារ មានកំណើន៤,៣ ភាគរយ។ នេះបើយោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕