ឆ្នាំ២០២៣សេដ្ឋកិច្ចសកលកាន់តែដាំក្បាលចុះ មនុស្សរកចំណូលមិនបានដូចមុនធ្វើឲ្យប៉ះពាល់ដល់វិស័យធនាគារផងដែរខណៈកម្ចីខូចនៅធនាគារក្នុងតំបន់អាស៊ានបានកើនឡើងយ៉ាងគំហុក។ ជាក់ស្ដែងនៅឆ្នាំ២០២៣នេះកម្ចីខូចក្នុងប្រព័ន្ធធនាគារវៀតណាមបានកើនឡើងខ្លាំងលើសពីការរំពឹងទុក។បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានVietnamnet បានឲ្យដឹងថាកម្ចីខូច(NPL)នៅក្នុងប្រព័ន្ធធនាគារវៀតណាមទាំងមូលបានឡើងដល់៣%គិតត្រឹមដំណាច់ខែកុម្ភៈឆ្នាំ២០២៣ពោលគឺកើនឡើងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។
ប្រភពដដែលបានឲ្យដឹងទៀតថាបើតាមរបាយការណ៍របស់ធនាគារចំនួន២៧ដែលបានចុះបញ្ជីលើផ្សារហ៊ុនបានបង្ហាញថាគិតដំណាច់ខែមីនាឆ្នាំ២០២៣នេះកម្ចីខូចសរុបនៃធនាគារទាំង២៧បូកបញ្ចូលគ្នាមានរហូតដល់ទៅជាង៧ពាន់លានដុល្លារជុំវិញកម្ចីខូចនេះដែរ ក្នុងនោះមានធនាគារមួយចំនួនមានកម្ចីខូចលើស៣%ដែលលើសពីច្បាប់ធនាគារកណ្ដាលរបស់វៀតណាមបានកំណត់ទៅទៀត។ ក្នុងនោះធនាគារ NCB មានកម្ចីខូចដល់ទៅ២៣% VPBank ៦.២៤% BaovietBank ៤.៦៩% និងធនាគារ VIB ៣.៦៤%ផងដែរ។ ហើយកម្ចីខូចត្រូវបានគេព្យាករថានឹងកើនឡើងខណៈទីផ្សារអចលនទ្រព្យនិងប័ណ្ណបំណុលមិនទាន់ងើបឡើងវិញហើយកម្ចីខូចក្នុងអចលនទ្រព្យនិងប័ណ្ណបំណុលមានច្រើន។
បើតាមរបាយការណ៍របស់Fiigroup ដែលចេញផ្សាយVietnamnet បានឲ្យដឹងថាធនាគារវៀតណាមមិនមែនជួបបញ្ហាតែកម្ចីខូចនោះទេប៉ុន្ដែនៅមានបញ្ហាមួយចំនួនទៀតដូចជាការបញ្ចេញកម្ចីមានការកើនឡើងយឺត ចំណែកធនាគារមួយចំនួនទៀតកំពុងខ្វះខាតទុនបម្រុងអប្បរិមាដែលតម្រូវដោយធនាគារកណ្ដាលរបស់វៀតណាម។ តាមពិតទៅវិបត្តិឥណទានរបស់ធនាគារវៀតណាមកើតចេញពីកម្ចីខូចក្នុងវិស័យអចលនទ្រព្យនិងកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនស្របពេលដែលសេដ្ឋកិច្ចធ្លាក់ចុះ។
ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃកម្ចីក្នុងប្រព័ន្ធធនាគារក៏ដូចជាជួយផ្គត់ផ្គង់បុគ្គលនិងអាជីវកម្មក្នុងស្រុក ធនាគារកណ្ដាលវៀតណាមបានចេញសេចក្ដីប្រកាសពីការរៀបចំឥណទានឡើងវិញដោយឲ្យធនាគារពាណិជ្ជវៀតណាមពន្យាពេលក្នុងការបង់សងរបស់អតិថិជន។ យ៉ាងណាមិញធនាគារពាណិជ្ជមួយចំនួនធំបង្ហាញឆន្ទះក្នុងការរៀបចំឥណទានឡើងវិញសម្រាប់តែអាជីវកម្មណាដែលអាចនឹងមានលទ្ធភាពងើបឡើងវិញប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរទាក់ទងនឹងកម្ចីខូចនេះមិនមែនតែធនាគារវៀតណាមទេដែលកំពុងជួបបញ្ហាចំណែកធនាគារថៃក៏ជួបកម្ចីខូចច្រើនផងដែរដោយធនាគារកំពូលទាំង៣របស់ថៃបូកបញ្ចូលគ្នាមានកម្ចីខូចជាង៩.៦ពាន់លានដុល្លារពោលគឺធនាគារថៃមានកម្ចីខូចច្រើនបំផុតនៅអាស៊ាន។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធអង្គការទីផ្សារទុនរបស់ថៃដែលហៅកាត់ថាFetco៕