
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល ៦ខែពាក់កណ្តាលឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ៣២០ លានដុល្លារសហរដ្ឋអាមេរិក ពីការនាំចេញជ័រកៅស៊ូ ខណៈដែលទំហំនេះមានការកើតឡើងជាង ៤២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។
ដោយឡែកត្រឹម១ខែមុន ពោលនៅក្នុងខែមិថុនា ឆ្នាំ២០២៣ កម្ពុជាទទួលបានចំណូលជិត ៦៤លានដុល្លា ដោយមានការកើនឡើយរហូតដល់ ៤៤.៨ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
សូមជម្រាបថា កាលពីឆ្នាំ២០២២ កម្ពុជាបានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ ខណៈដែលទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម។
បើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកៅស៊ូបច្ចុប្បន្នបានឲ្យដឹងថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះកៅស៊ូដែលអាចចៀរជ័របានមានផ្ទៃដីចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង ៧៨ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ ហិកតា ស្មើនឹង ២២ភាគរយ៕




