Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

បច្ចុប្បន្នវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងអេឡិចត្រូនិច កាន់តែមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់

Media LNN | Jul 12, 2023
បច្ចុប្បន្នវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងអេឡិចត្រូនិច កាន់តែមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់
Clinic narith

បច្ចុប្បន្នវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងអេឡិចត្រូនិច កាន់តែមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានរួមចំណែកកាន់តែសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច តាមរយៈកំណើននៃការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី ទៅកាន់ទីផ្សារអន្តរជាតិ។ ក្រុមអ្នកជំនាញបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យបច្ចេកវិទ្យា និងអេឡិចត្រូនិច និងចាត់ទុកវិស័យនេះ គឺជាវិស័យថ្មីមួយដែលនឹងរួមចំណែកក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ក្រៅពីវិស័យអាទិភាពដូចជា វិស័យកសិកសម្ម វិស័យកាត់ដេរ និងទេសចរណ៍ជាដើម។ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ដែលទទួលបានចំណូលច្រើនជាងគេក្នុងចំណោមមុខទំនិញសំខាន់ៗ ដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីផលិតផលកាត់ដេរ វាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង។ ជាក់ស្ដែង នៅឆមាសទី១ ឆ្នាំ២០២៣ កម្ពុជាសម្រេចបានទំហំទឹកប្រាក់ជាង១,៥ពាន់លានដុល្លារ ពីការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនី នៃទំហំការនាំចេញសរុបជាង១១ពាន់លានដុល្លារ។

តើវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អាចជំនួយឲ្យវិស័យកាត់ដេរបានឬទេនៅថ្ងៃអនាគត?

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា បច្ចុប្បន្នវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា កម្ពុជា ហាក់មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានរួមចំណែកកាន់តែសំខាន់ក្នុងសេដ្ឋកិច្ច។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការដាក់ឲ្យអនុវត្តច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី ធ្វើឲ្យវិនិយោគិនបរទេសកាន់តែច្រើន បាននិងកំពុងបង្ហាញការចាប់អារម្មណ៍វិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ តែម្ដង។ បើតាមឯកឧត្តម ហេង សុខគង់ ដ្បិតវិស័យឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្ត មានការរីកចម្រើន តែត្រូវដើរទន្ទឹមគ្នាជាមួយវិស័យផ្សេងៗ តួយ៉ាងដូចជា វិស័យកាត់ដេរជាដើម។ ត្រង់ចំណុចនេះឯកឧត្តមបានពន្យល់ថា សម្រាប់កម្ពុជា ទាំងវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ពិតជាមិនអាចបោះបង់វិស័យមួយណាបានឡើយ ពោលស្ថិតក្នុងបរិបទនេះ វិស័យទាំងពីរត្រូវតែដើរទន្ទឹមគ្នា។ ខណៈក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងរៀបចំផែនការលើកកម្ពស់វិស័យកាត់ដេរនៅកម្ពុជា តាមរយៈជំរុញការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនក្នុងវិស័យនេះ ក្នុងគោលបំណងជំរុញនិងបង្កើនផលិតភាពការងារឲ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។ជាមួយគ្នានេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាកត់សម្គាល់ឃើញថា កំណើននៃការនាំចេញគ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំអគ្គិសនី បង្ហាញពីសញ្ញាណវិជ្ជមានសម្រាប់វិស័យឧស្សាហកម្មបច្ចេកវិទ្យានៅកម្ពុជា។ សម្រាប់ឧកញ៉ា លឹម ហេង ប្រទេសដែលមានការអភិវឌ្ឍន៍ភាគច្រើន មានការពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា ជាងវិស័យកាត់ដេរ ដែលជាវិស័យឧស្សាហកម្មធុនស្រាល និងងាយប្រែប្រួល។ បើតាមឧកញ៉ា លឹម ហេង ជាទូទៅប្រទេសដែលមានការអភិវឌ្ឍ និងជឿនលឿន វិស័យកាត់ដេរនឹងមានការថមថយ ខណៈវិស័យឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា នឹងមានការរីកចម្រើន។ សម្រាប់អ្នកជំនាញរូបនេះ ការរីកចម្រើននៃឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា អាចនឹងប៉ះពាល់ដល់កម្លាំងពលកម្មនៅកម្ពុជា ក្នុងវិស័យមួយចំនួន ជាពិសេសក្នុងវិស័យកាត់ដេរ ប៉ុន្តែ បញ្ហានេះមិនមែនជាបញ្ហាគួរឲ្យព្រួយបារម្ភខ្លាំងពេកនោះទេ។

ដ្បិតបច្ចុប្បន្ន ប្រទេសកម្ពុជា មានភាពរីកចម្រើនលើគ្រប់វិស័យ តែសមត្ថភាពរបស់ធនធានមនុស្សនៅកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ ដែលទាមទារឲ្យកម្ពុជា ដោះស្រាយលើបញ្ហានេះ ជាចាំបាច់។ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនូវការរីកចម្រើនរបស់ប្រទេសកម្ពុជា រួមទាំងពិភពលោក ផងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់និងជំរុញការលើកកម្ពស់ផ្នែកធនធានមនុស្ស និងចាត់ទុកការអប់រំ គឺជាអាទិភាពមួយ ក្នុងការងារអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា រាជរដ្ឋាភិបាលនឹងដាក់ដំណើរការកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនគ្រួសារក្រីក្រ ដោយមិនគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភ នៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤។ សម្រាប់ធនធានមនុស្សដែលត្រូវទទួលការបណ្ដុះបណ្ដាលនេះ មានចំនួនប្រមាណ ១លាន៥សែននាក់ នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេសកម្រិត១៕