Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាល​អនុម័ត​គ​ម្រោ​ង​វិនិយោគ​ចំនួន ១១៣ នៅក្នុង​ឆមាស​ទី១ ឆ្នាំនេះ​

Media LNN | Jul 12, 2023
រដ្ឋាភិបាល​អនុម័ត​គ​ម្រោ​ង​វិនិយោគ​ចំនួន ១១៣ នៅក្នុង​ឆមាស​ទី១ ឆ្នាំនេះ​
Clinic narith

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​គម្រោង​វិនិយោគ​ចំនួន ១១៣ ដែលមាន​ទុន​វិ​និ​​យោគ​ប្រមាណ ១,១ ​ពាន់​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ១២២ ​ពាន់​កន្លែង កាលពី​ឆមាស​ទី​១ ដែល​គម្រោង​វិ​និ​យោគ​ភាគច្រើន​នៅក្នុង​វិស័យ​ឧស្សាហកម្ម​, កសិកម្ម និង​ក​សិ​ឧស្សាហកម្ម​, ទេស​​ចរណ៍ និង​វិស័យ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​។​

​បើតាម​របាយការណ៍រ​បស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC) ដែល ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី​ ១១ ខែ កក្កដា​នេះ គឺ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២៣ CDC បានអនុម័ត​ឱ្យ​គម្រោង​ថ្មី និង​គម្រោង​ពង្រីក​ផលិត​កម្ម​ចំនួន ១១៣ ដែលមាន​ទុន​វិ​និ​​យោគ​សរុប ១,១​ ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ១២២​ ពាន់​កន្លែង​។ ក្នុងចំណោម​គម្រោង​វិនិយោគ​ទាំង​ ១១៣ នេះ គម្រោង​ចំនួន​ ១០២ ស្ថិតនៅក្នុង​វិស័យ​ឧស្សាហកម្ម គម្រោង​ចំនួន​ ៧ ស្ថិតក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម គម្រោង​ចំនួន​ ៣ ស្ថិតនៅក្នុង​វិស័យ​ទេសចរណ៍ និង​គម្រោង​ចំនួន​ ១ ស្ថិតនៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្សេងៗ​។​

CDC បញ្ជាក់ថា បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​ឆ្នាំ ​២០២២ ចំនួន​គម្រោង​វិនិយោគ​មានការ​កើនឡើង​ចំនួន​ ១៥ ​គម្រោង ខណៈ​ទុនវិនិយោគ​ថយចុះ​ប្រមាណ ១,៩ ​ពាន់​លាន​ដុល្លារ​។​

CDC ឱ្យដឹងថា​៖ «​មូលហេតុ​ចម្បង​នៃ​ការថយចុះ​បរិមាណ​ទុនវិនិយោគ​ដ៏​គួរឱ្យកត់សម្គាល់​នេះ គឺ​ដោយសារ​វត្ត​មាន​របស់​គម្រោង​ធំៗ​មួយចំនួន​នៅ​ឆមាស​ទី​១ ឆ្នាំ ​២០២២ ក្នុងនោះ​មាន​គម្រោង​វិនិយោគ​មណ្ឌល​ភ័ស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង ស្ថិតនៅ​ក្រុង​បូកគោ ខេត្តកំពត ក្រោម​ទុនវិនិយោគ ១,៣ ​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Kampot Logistics and Port Company limited, គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ អានុភាព ១៥០ MW ស្ថិតនៅ​ខេត្តកោះកុង មាន​ទុនវិនិយោគ ៣៨៩​ លាន​ដុល្លារ​របស់​ក្រុមហ៊ុន Cambodia Upper Tatay Hydropower Co.,Ltd និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្បក​កង់​យាន​យន្ត​គ្រប់​ប្រភេទ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សី​ហ​នុ ទុនវិនិយោគ ២៩៧ ​លាន​ដុល្លារ របស់​ក្រុមហ៊ុន General Intellicence (Cambodia) Co.,Ltd»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែកក្កដា​ថា កម្ពុជា​នៅតែ​ជា​ទិសដៅ​ការ​វិនិយោគ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ដោយសារតែ​កម្ពុជា​កំពុង​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំង​ទ្វេភាគី និង​ក្នុង​តំបន់ ពិសេស​ជាមួយនឹង​ការដាក់ចេញ​ច្បាប់​វិនិយោគ​ថ្មី​ដែល​ផ្តល់​ការលើកទឹកចិត្ត​កាន់តែ​ច្រើន​ដល់​វិ​និ​យោគិន​ក្នុង​វិស័យ​នានា​។​

 

​លោក​ថ្លែងថា​៖ «​សម្រាប់​គម្រោង​វិនិយោគ​ទាំងអស់នេះ​គឺ​ឆ្លុះបញ្ចាំង​ឱ្យ​យើង​ឃើញថា ប្រទេស​កម្ពុជា​នៅតែ​ជា​ទិសដៅ​វិនិយោគ​សម្រាប់​វិ​និ​យោ​គិ​ន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ លើសពីនេះ​ទៀត យើង​ក៏​ទាក់ទាញ​វិនិយោគ​ខ្នាត​មធ្យមៗ​មក​កាន់តែច្រើន​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​គោ​លន​យោ​បាយ​គាំទ្រ​ដល់ SMEs ដើម្បី​ជំរុញ​ឱ្យ​ការវិនិយោគ​ទាំងនេះ​អាច​ក្លាយទៅជា​ឧស្សាហកម្ម​សម្រាប់​នាំចេញ​បាន​។

​យើង​សង្កេតឃើញថា ចិន​នៅតែ​ឈានមុខ​គេ​សម្រាប់​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា​យើង ដោយ​ភាគច្រើន​គឺ​នៅក្នុង​ឧស្សាហកម្ម​កែច្នៃ​។ មួយវិញទៀត​គម្រោង​វិនិយោគ​នៅលើ​វិស័យ​ឧស្សាហកម្ម​ដែលមាន​ច្រើន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​វិ​និ​យោ​គិ​ន​ចិន​តែងតែ​ចាប់អារម្មណ៍ ដោយ​សារ​ប្រាក់​ឈ្នួល​នៅ​ប្រទេស​ចិន​ កាន់​តែ​ឡើង​ខ្ពស់ ហើយ​លំហូរ​វិនិយោគ​ពី​ប្រទេស​ចិន​នឹង​អាចមក​កាន់​ប្រទេស​កម្ពុជា​ដោយសារតែ​យើង​មានតម្លៃ​ពលកម្ម​ថោក​»​។​

CDC បង្ហាញ​ទៀតថា ក្នុង​ឆមាស​ទី១ ឆ្នាំ​ ២០២៣ តួលេខ​វិនិយោគ​មកពី​ប្រទេស​ចិន​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី​១ ដោយបាន​ចូលរួមចំណែក​ស្ទើរ ២/៣ ​នៃ​ទុនវិនិយោគ​សរុប ខណៈ​ការវិនិយោគ​ក្នុងស្រុក​បាន​ឈរ​នៅ​លំដាប់​លេខ​រៀង​ទី២ ដោយ​ចូលរួម​ប្រមាណ​ ២០ ​ភាគរយ​នៃ​ទុន​សរុប​។​

​ការវិនិយោគ​មកពី​ប្រទេស​ចិន មាន​ចំណែក​ប្រមាណ ៦៥,៣៨ ​ភាគរយ​, កម្ពុ​ជាមាន​ចំណែក ១៩,៨៦​ ភាគរយ​, វៀតណាម ៦,៦៤​ ភាគរយ​, សី​ស្ហែ​ល ៣,៣១​ ភាគរយ​, ថៃ ១,៧៧​ ភាគរយ​, កូរ៉េ ១,៧​ ភាគរយ​, សា​ម័​រ ០,៦០ ​ភាគ​​រយ​, អាមេរិក ០,៤៩​ ភាគរយ​, សិង្ហ​បុរី ០,១៨​ ភាគរយ​; និង ស៊ុយអែត មាន ចំនួន ០,០៧ ​ភាគរយ​៕