Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជានាំចេញកសិផលជិត ៤លានតោន រកចំណូលបានជាង ២,៤ ពាន់លានដុល្លារ

Media LNN | Jul 13, 2023
កម្ពុជានាំចេញកសិផលជិត ៤លានតោន រកចំណូលបានជាង ២,៤ ពាន់លានដុល្លារ
Clinic narith

ភ្នំពេញ៖ កម្ពុជានាំចេញកសិផល មានបរិមាណសរុបជាង ៣,៩លានតោន ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ​ទទួលបានចំណូលប្រមាណជាង ២,៤ពាន់លានដុល្លារ ។

របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បង្ហាញថា ការនាំចេញអង្ករ មានចំនួនជិត ៣៣ម៉ឺនតោន ស្រូវចំនួន ជាង១,២លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ២,៣លានតោន និងនាំចេញទៅកាន់ទិសដៅ ៦៧ប្រទេស។

ក្រសួងបញ្ជាក់ក្នុងរបាយការណ៍ថា ចំណូលលើការនាំចេញកសិផលធ្លាក់ចុះ ២២.៥ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំ២០២២ មូលហេតុដែលការនាំចេញកសិផល ដោយសារ វិបត្តិសេដ្ឋកិច្ច​សកលលោក បណ្ដាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទថយចុះ និងបង្អាក់​ចរន្តពាណិជ្ជកម្ម និងផលិតកម្មដំណាំមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិន​ច្បាស់លាស់​ខាងទីផ្សារ ​និងបញ្ហាបម្រែបម្រួលអាកាសធាតុ​ នាំឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពនៃដំណាំ។

ទន្ទឹមនេះ កំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុក ដើម្បីផលិតចំណីសត្វ និង​ការកែច្នៃ​ក្នុងប្រទេសបណ្ដាលឱ្យមានកំណើននៃ ការស្រូបយកផលិតផល​ស្រស់​មកកែច្នៃ ក៏ធ្វើឱ្យការនាំចេញ​ធ្លាក់ចុះផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងកាលពីខែមិថុនា កន្លងទៅថា វិស័យ​កសិកម្ម នៅតែជាសសរស្តម្តសេដ្ឋកិច្ចមួយដ៏សំខាន់ បើទោះបីវិស័យនេះ កំពុងធ្លាក់ចុះនៃការរួម​ចំណែក​ចូលសេដ្ឋកិច្ចជាតិ ​ដោយសារការកើនឡើងនៃវិស័យឧស្សាហកម្ម ​និងសេវាកម្ម។

សម្តេចតេជោ ​ក៏បានលើកឡើងថា ​ការប្រើប្រាស់គ្រឿង​យន្តក្នុងវិស័យកសិកម្ម កំពុងមាននិន្នាការ​កើនឡើង ឆ្ពោះទៅរកទំនើបកម្មកសិកម្ម ​ខណៈការប្រើប្រាស់គោក្របីសម្រាប់ការងារកសិកម្ម រួមចំណែកតិចតួចប៉ុណ្ណោះ៕ អត្ថបទ៖ វណ្ណៈ​