ភ្នំពេញៈ CamGSM ឬសែលកាត (CGSM) ជាក្រុមហ៊ុនដែលទើបនឹងចុះបញ្ជីភាគហ៊ុន និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុផលិតផលក្នុងស្រុក Royal Group of Companies បានរាយការណ៍ពីប្រតិបត្តិការអាជីវកម្មដ៏ល្អជាមួយនឹងប្រាក់ចំណេញសុទ្ធទទួលបាន ៤០,៥៧ លាន ដុល្លារគិតត្រឹមចុងខែធ្នូធៀប ២៧,៧៩ លានដុល្លារកាលពីឆ្នាំ ២០២១ កើនឡើងខ្លាំងដល់ជិត ៤៦ ភាគរយ។ នេះបើយោងតាមឯកសាររបស់ក្រុមហ៊ុនផ្ញើទៅផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី ១១ ខែកក្កដា។
ក្រុមហ៊ុន CamGSM Plc កាលពីថ្ងៃទី ២៧ ខែមិថុនា បានចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការនៅលើទីផ្សារគោលរបស់ផ្សារមូលបត្រកម្ពុជា ដែលជាផ្នែកនៃផែនការពង្រីកក្រុមហ៊ុននាំយកបច្ចេកវិទ្យាទំនើបមកកម្ពុជា និងគាំទ្រដល់ទិសដៅសេដ្ឋកិច្ចឌីជីថលរបស់រដ្ឋាភិបាល។
ក្រុមហ៊ុនបានប្រកាសពីការបញ្ចប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) រយៈពេល ១ ខែជាមួយនឹងភាគហ៊ុនចំនួន ៩ ២៧១ ២០៦ ដែលទិញក្នុងតម្លៃ ២ ២៧០ រៀលដោយបានប្រមូលមូលនិធិប្រមាណ ២១ ពាន់លានរៀល ឬ ៥,២ លានដុល្លារ។
លោកស្រី គឹម សុផានីតា ប្រធាននាយកដ្ឋានប្រតិបត្តិការទីផ្សារ CSX បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែកក្កដាថា ការកើនឡើង ៤៧ ភាគរយនៃប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះ គឺជាប្រតិបត្តិការដ៏ល្អមួយ ខណៈលោកស្រីជឿថាវាគឺជាដំណឹងដ៏គួរឱ្យពេញចិត្តមួយសម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួន ហើយនឹងទាក់ទាញវិនិយោគិនបន្ថែមទៀតមកវិនិយោគនៅក្នុងក្រុមហ៊ុននេះ។
លោកស្រីថ្លែងថា៖ «ចាប់តាំងពីការចុះបញ្ជីមក ខ្ញុំបានមើលឃើញចំណាប់អារម្មណ៍ច្រើនលើសលប់ និងកម្លាំងទិញច្រើនដែលធ្វើឱ្យតម្លៃ និងទំហំជួញដូរកើនឡើងខ្ពស់។ តម្លៃភាគហ៊ុន CGSM បានកើនឡើងជារៀងរាល់ថ្ងៃ ហើយបានកើនឡើងដល់កម្រិតកំណត់ខាងលើប្រចាំថ្ងៃក្នុងរយៈពេល ៤ ថ្ងៃជាប់ៗគ្នា។ នៅក្នុងការបិទការជួញដូរនៅថ្ងៃទី ១១ ខែកក្កដា តម្លៃភាគហ៊ុនបានកើនឡើង ៦០ ភាគរយធៀបនឹងពេលធ្វើ IPO។ ខ្ញុំក៏បានមើលឃើញវិនិយោគិនមួយចំនួនទទួលបានប្រាក់ចំណេញច្រើនពីការជួញដូររយៈពេលខ្លី នេះផងដែរ»។
លោកស្រីបន្ថែមថា វត្តមានរបស់ក្រុមហ៊ុនធំៗដូចជា Cellcard នៅលើផ្សារហ៊ុនបានបង្ហាញពីលទ្ធផលឈ្នះ-ឈ្នះសម្រាប់ទាំងអស់គ្នា។
លោកស្រីបានបន្ថែមថា៖ «ប្រជាជនកម្ពុជាក្នុងនាមជាវិនិយោគិន អាចមានលទ្ធភាពកាន់កាប់ផ្នែកខ្លះនៃក្រុមហ៊ុនធំៗបាន។ ទីផ្សារនេះ នៅពេលនេះអាចទាក់ទាញអ្នកចូលរួមកាន់តែច្រើននៅក្នុងទីផ្សារ ដែលធ្វើឱ្យទីផ្សារមួយនេះមានមុខងារកាន់តែច្រើន ក្នុងការកៀរគរនិធិ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច»។
ក្រុមហ៊ុន Cam GSM Co., Ltd ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២០ មេសា ឆ្នាំ ១៩៩៦។ ក្រុមហ៊ុននេះគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Royal Millicom Co., Ltd (RMC)៕