ប្រទេសនាំចេញអង្ករធំជាងគេរបស់ពិភពលោក គឺឥណ្ឌា គ្រោងកាត់បន្ថយការនាំចេញអង្កររហូតដល់ទៅ ៨០ ភាគរយ ចូលទៅក្នុងទីផ្សារ ដោយសារតែបារម្ភពីបញ្ហាអតិផរណាក្នុងប្រទេស ។
រដ្ឋាភិបាលឥណ្ឌា កំពុងតែពិភាក្សាគ្នាពីបញ្ហាកាត់បន្ថយការនាំចេញអង្ករក្នុងទំហំដ៏ធំសម្បើម ដើម្បីបង្ការហានិភ័យនៃអតិផរណា មុនពេលបោះឆ្នោតមកដល់ រួមជាមួយនឹងបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក ដែលបង្កឡើងដោយបាតុភូត El Niño ផងដែរ ។
ទន្ទឹមនោះ ផែនការកាត់បន្ថយនេះ នឹងធ្វើឲ្យតម្លៃនៅក្នុងប្រទេសឥណ្ឌាធ្លាក់ចុះផងដែរ ប៉ុន្តែអាចជំរុញឲ្យតម្លៃទីផ្សារអង្ករពិភពលោក កើនឡើងខ្ពស់ ខណៈឥណ្ឌា មានចំណែករហូតដល់ ៤០ ភាគរយ នៃការផ្គត់ផ្គង់អង្ករពិភពលោកទាំងមូល ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករខូច និងដាក់ពន្ធ ២០ ភាគរយលើការនាំចេញអង្ករស និងសម្រូប រួមទាំងរឹតបន្តឹងការនាំចេញស្រូវសាលី និងស្ករផងដែរ ៕