Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ការនាំចេញផ្លែចេកស្រស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅឆមាសទី១ឆ្នាំ២០២៣នេះ ធ្លាក់ចុះជាង ២៤%

Media LNN | Jul 14, 2023
ការនាំចេញផ្លែចេកស្រស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅឆមាសទី១ឆ្នាំ២០២៣នេះ ធ្លាក់ចុះជាង ២៤%
Clinic narith

ការនាំចេញផ្លែចេកស្រស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនៅឆមាសទី១ឆ្នាំ២០២៣នេះ សម្រេចបានជាង ១៦ម៉ឺនតោន ធ្លាក់ចុះជាង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អ្នកជំនាញអះអាងថា ការនាំចេញចេកស្រស់កម្ពុជាធ្លាក់ចុះនៅឆមាសទី១នេះ ដោយសារតែកត្តាសំខាន់មួយចំនួនដូចជា បញ្ហាវិបត្តិសេដ្ឋកិច្ចសាកល បានធ្វើឱ្យទីផ្សារចេកស្រស់មិនសូវមានលំនឹង គួបផ្សំកត្តាបម្រែបម្រួលអាកាសធាតុបានធ្វើឱ្យទិន្និផលចេកមានការថយចុះផងដែរ។

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុននាំចេញចេកស្រស់ទៅទីផ្សារប្រទេសចិន បានគូសបញ្ជាក់ឱ្យដឹងថា ការនាំចេញចេកស្រស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅឆមាសទី១នេះ ហាក់មានការធ្លាក់ចុះតិចតួចបើធៀបនឹងឆ្នាំមុន។ ជាក់ស្តែង តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានបង្ហាញថា នៅឆមាសទី១ឆ្នាំ២០២៣នេះ ការនាំចេញចេកស្រស់កម្ពុជាសម្រេចបានចំនួនជាង ១៦ម៉ឺនតោន ធ្លាក់ចុះប្រមាណជាង ២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កត្តាសំខាន់ៗដែលនាំឱ្យការនាំចេញចេកស្រស់ពីកម្ពុជាទៅទីផ្សារអន្តរជាតិធ្លាក់ចុះនៅឆមាសទី១នេះ ឧកញ៉ា ហ៊ុន ឡាក់ អះអាងថា ក៏ដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យទិន្និផលចេកស្រស់ដែលទទួលបាននៅដើមឆ្នាំនេះមានការធ្លាក់ចុះ ។ កត្តាសំខាន់មួយទៀតនោះ គឺតម្លៃទីផ្សារចេកស្រស់ហាក់មិនសូវមានលំនឹង ដែលបណ្តាលមកពីបញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចសកល រួមទាំងប្រទេសចិន ដែលជាប្រទេសប្រមូលទិញផ្លែចេកស្រស់ច្រើនជាងគេពីប្រទេសក្នុងតំបន់អាស៊ាន។

បើតាមអ្នកជំនាញរូបនេះ ការនាំចេកពីកម្ពុជាទៅទីផ្សារអន្តរជាតិផ្តោតខ្លាំងលើទីផ្សារប្រទេសចិន ដោយបច្ចុប្បន្នចេកស្រស់កម្ពុជាប្រមាណ ៩៧% ត្រូវបាននាំចេញទៅទីផ្សារប្រទេសចិន។ សម្រាប់តម្លៃចេកស្រស់បច្ចុប្បន្នវិញ ឧកញ៉ា ហ៊ុន ឡាក់ បញ្ជាក់ថា គឺអាចលក់បានក្នុងតម្លៃ ៥០០ដុល្លារក្នុងមួយតោន។ ជាមួយគ្នានេះ សម្រាប់ស្ថានភាពនាំចេញចេកស្រស់នៅឆមាសទី២ឆ្នាំនេះវិញ ឧកញ៉ា ហ៊ុន ឡាក់ នៅតែមានសុទិដ្ឋិនិយមខ្ពស់ថា ទីផ្សារនាំចេញចេកស្រស់កម្ពុជានឹងមានភាពល្អប្រសើរត្រឡប់មកឡើងវិញផងដែរ។

សូមបញ្ជាក់ថា៖ តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ២ពាន់៤រយលានដុល្លារពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ក្នុងបរិមាណសរុបមានជិត ៤លានតោន ថយចុះជាង ២២% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២៕