(ភ្នំពេញ)៖ កម្ពុជាបាននាំចេញកង់ដែលមានតម្លៃ ៣៣១ លានដុល្លារទៅទីផ្សារបរទេស ក្នុងឆមាសទី១ ឆ្នាំ២០២៣ ធ្លាក់ចុះ៣០,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា កម្ពុជា បាននាំចេញកង់ទៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក អង់គ្លេស កាណាដា ជប៉ុន និងចិន ក្នុងចំណោមប្រទេសដទៃទៀត។
កម្ពុជាជាប្រទេសនាំចេញកង់ កំពូលមួយក្នុងចំណោមប្រទេសទាំងប្រាំក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន ហូឡង់ និងអាល្លឺម៉ង់។ កង់បានក្លាយជាផលិតផលផលិតដ៏សំខាន់មួយរបស់កម្ពុជាបន្ទាប់ពីផលិតផលសំលៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម។
ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធ្លាប់បានលើកឡើងថា ការធ្វើពិពិធកម្មផលិតផលឧស្សាហកម្មកំពុងត្រូវបានធ្វើឡើងគួរឱ្យកត់សម្គាល់ ខណៈដែលតម្រូវការ និងការបញ្ជាទិញផលិតផលមិនមែនកាត់ដេរមានការកើនឡើង។
ឯកឧត្តម បានមានប្រសាសន៍ថា ផលិតកង់ ត្រូវបាននាំចេញយ៉ាងច្រើនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅសហភាពអឺរ៉ុប ដែលកង់ផលិតនៅកម្ពុជា កំពុងពេញនិយម។ បច្ចុប្បន្នមានរោងចក្រកង់ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀ។
សូមបញ្ជាក់ថា ទីផ្សារសំខាន់ៗសម្រាប់កង់ផលិតនៅកម្ពុជា មានដូចជា អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន និង កូរ៉េខាងត្បូង ជាដើម ៕