ភ្លៀងធ្លាក់ខ្លាំងនៅប្រទេសកូរ៉េខាងត្បូង បានបង្កជាគ្រោះទឹកជំនន់ និងការរអិលបាក់ដី បណ្តាលអោយមនុស្សយ៉ាងហោចណាស់ ២៦នាក់បាត់បង់ជីវិត។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងបានរាយការណ៍ថា មនុស្ស ២៦នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដែលភាគច្រើននៃជនរងគ្រោះទាំងនោះ បានកប់នៅក្រោមបំណាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបង្កជាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។ ក្រសួងបន្តថា បុគ្គលិកជួយសង្គ្រោះនៅតែតស៊ូ ដើម្បីរុករកទៅដល់រថយន្តប្រហែល ១៥គ្រឿង ដែលជាប់នៅក្នុងរូងក្រោមដីមានប្រវែង ៤៣០ម៉ែត្រនៅទីក្រុងឆឹងជូ ខេត្តឆុងឆឹង ខាងជើង។
ផ្លូវរូងក្រោមដីនេះត្រូវបានទឹកជន់លិចកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីទឹកជំនន់បានហូរចូលលឿនពេក ដែលធ្វើឱ្យមនុស្សនៅខាងក្នុងមិនអាចរត់គេចខ្លួនបាន។ ទន្ទឹមគ្នា ភ្លៀងធ្លាក់កាន់តែច្រើនត្រូវបានគេព្យាករណ៍នឹងកើតមានរហូតដល់ថ្ងៃពុធសប្តាហ៍ក្រោយ ហើយរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង ក៏បានព្រមានអំពីលក្ខខណ្ឌអាកាសធាតុបង្កគ្រោះថ្នាក់ "ធ្ងន់ធ្ងរ"ផងដែរ។