ក្រុមអាជីវកម្មលក់ថយន្ដនៅក្នុងប្រទេសវៀតណាមបានអះអាងថា ទីផ្សារថយន្ដជជុះ បានមើលឃើញ ស្ថានភាពមិនសូវល្អប៉ុន្មានទេ នៅមួយរយៈចុងក្រោយនេះ ពោលគឺចាប់តាំងពី រដ្ឋាភិបាលបានអនុញ្ញាតឲ្យរោងចក្រផលិត និងដំឡើងរថយន្ដក្នុងស្រុក ទទួលបានការ បញ្ចុះតម្លៃ ៥០% សម្រាប់ការចុះបញ្ជី ដែលបានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០២៣។កត្តានេះ ត្រូវបានគេមើលឃើញថា បានធ្វើឲ្យតម្លៃរថយន្ដថ្មី ដែលផលិត និងដំឡើងនៅក្នុង ប្រទេសវៀតណាម ដែលលក់នៅលើទីផ្សារកាន់តែមានតម្លៃទាបជាងមុន។--
អ្នកលក់រថយន្ដជជុះនៅវៀតណាមថ្មីៗនេះ ហាក់មិនសូវសមប្រកបទេ ដោយសារតែ អ្នកប្រើប្រាស់កាន់តែច្រើនបានងាកទៅប្រើប្រាស់រថយន្ដថ្មី ដ្បិតតម្លៃរថយន្ដថ្មីបច្ចុប្បន្ន កាន់តែមានទាបជាងមុន ដោយសារតែមានគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនផលិត និងដំឡើងរថយន្ដនៅក្នុងស្រុក។
ប្រភពដដែលបានអះអាងថា តាមគោលនយោបាយថ្មីរបស់វៀតណាមនេះ គឺជាដំណឹងល្អសម្រាប់អ្នកទិញរថយន្ត និងអ្នកចែកចាយរថយន្តថ្មី ប៉ុន្តែសម្រាប់អ្នកដែលមានបំណងលក់ឫចែកចាយរថយន្តជជុះ គឺស្ថិតនៅក្នុងស្ថានភាពកាន់តែពិបាកជាងមុន ។
រថយន្តដែលផលិត ឫតម្លើងក្នុងស្រុក ដូចជារថយន្ត Kia Morning របស់កូរ៉េ នៅពេលនេះគឺ មានតម្លៃយ៉ាងទាបបំផុត ពោលគឺត្រឹមតែ ៣៥៦ លានដុងឫ ប្រមាណជាង ១ម៉ឺន៥ពាន់ដុល្លារ ដោយឡែករថយន្តប្រណីតប្រភេទ Mercedes-Benz 450 របស់អាល្លឺម៉ង់ គឺមានតម្លៃត្រឹមតែ ជិត ៦ពាន់លានដុង ឫ ជាង២៤ ម៉ឺនដុល្លារ ។មកដល់ពេលនេះក្រុមហ៊ុនលក់រថយន្តថ្មីជាច្រើនកំពុងតែទទួលអត្ថប្រយោជន៍ពីគោលនយោបាយរបស់រដ្ឋាភិបាល ប៉ុន្តែអ្នកគួកជេ រថយន្តជជុះ ឫ រថយន្តប្រើប្រាស់រួចហើយ កំពុងតែរអ៊ូរទាំ ។
លោក ម៉ាញ ថាង ( Mạnh Thắng) អ្នកគូកជេររថយន្តជជុះក្នុងទីក្រុងហាណូយ បាននិយាយថា ទីផ្សារបានទទួលរងនូវវិបត្តិអចលនទ្រព្យ និងការប្រែប្រួលនៅក្នុងទីផ្សារហិរញ្ញវត្ថុ បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សាររថយន្តនៅវៀតណាម ហើយគោលនយោបាយថ្មីនេះ វាល្អសម្រាប់អ្នកដែលមានលុយ តែអ្នកដែលរកស៊ីដូចពួកលោក គឺជាបញ្ហាមួយ ។
លោកបានអះអាងថា នៅពេលដែលរថយន្តថ្មីបញ្ចុះថ្លៃ រថយន្តជជុះដែលកន្លងបានទិញមកក្នុងថ្លៃ ក៏ត្រូវបានបង្ខំចិត្តលក់បញ្ចុះតម្លៃដែរ ដើម្បីទាក់ទាញអ្នកទិញ។
លោក លី វាន់ ធៀន (Lê Văn Tiến ) អ្នកលក់រថយន្តជជុះម្នាក់ទៀតបានអះអាងថា កាលពីចុងឆ្នាំមុននៅក្នុងមួយខែលោកអាចលក់រថយន្តជជុះពី ៣០ ទៅ ៤០គ្រឿង ប៉ុន្ដែ ពេលនេះ គឺ លក់មិនសូវដាច់ឡើយ។
ដើម្បីលក់រថយន្តជជុះមួយគ្រឿងៗដាច់ឥឡូវនេះគេ ត្រូវបង្ខំចិត្តបញ្ចុះតម្លៃរថយន្ត ប្រភេទខ្លះដល់ទៅ ៥០ លានដុង ឫ ជាង ២ ពាន់ដុល្លារ ប្រសិនបើរថយន្ដថ្មីលក់បញ្ចុះតម្លៃប្រមាណជាង ៤ពាន់លានដុល្លារ។