សហរដ្ឋអាម៉េរិក៖ បញ្ហាតម្លៃអតិផរណាខ្ពស់នៅសហរដ្ឋអាម៉េរិក ទំនងជានាំឱ្យពលរដ្ឋកាន់តែច្រើនឡើងនាំគ្នាកាត់បន្ថយការចំណាយរបស់ខ្លួន ក៏ដូចជាពិចារណាឡើងវិញនូវគម្រោងដំណើរកម្សាន្តក្នុងអំឡុងឱកាសនៃវិស្សមកាលឈប់សម្រាកនារដូវក្តៅនេះ។
បើយោងតាមការស្ទង់មតិមួយកាលពីពេលថ្មីៗនេះ បានបង្ហាញថា តម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅសហរដ្ឋអាម៉េរិកបានបន្តកើនឡើងខ្លាំង ដែលញាំងឱ្យពលរដ្ឋប្រហែល ៤៩% សម្រេចលុបចោលគម្រោងធើ្វដំណើរកម្សាន្តរបស់ខ្លួនសម្រាប់រយៈពេល ៣ខែខាងមុខ ខណៈពលរដ្ឋប្រមាណជា ៦០%ផ្សេងទៀតដែលកំពុងតែត្រៀមខ្លួនសម្រាប់ធើ្វដំណើរកម្សាន្ត បានលើកឡើងថា តម្លៃសេវាកម្ម និងទំនិញប្រើប្រាស់គឺជាចំណុចដ៏សំខាន់មួយ នៅក្នុងការកំណត់ទិសដៅដំណើរកម្សាន្តរបស់ពួកគេ។
ដោយឡែក ចំនួនភ្ញៀវទេសចរណ៍ទៅកាន់រដ្ឋហាវ៉ៃដែលជាតំបន់រមណីយដ្ឋានទេសចរណ៍ក្នុងស្រុកដ៏ពេញនិយមសម្រាប់ពលរដ្ឋអាម៉េរិក បានចាប់ផ្តើមកើនឡើងមកវិញតាំងតែពីខែមីនាឆ្នាំ ២០២២ តែយ៉ាងណាមិញកំណើនមួយនេះ នៅតែមានកម្រិតទាបជាង បើធៀបមុនពេលមានវិបត្តិជំងឺកូវីដ ១៩ ។
គួររំលឹកជូនថា កំណើនអត្រាអតិផរណាប្រចាំឆ្នាំនៅសហរដ្ឋអាម៉េរិកបានថយចុះមកត្រឹមកម្រិត ៣% សម្រាប់ខែមិថុនាកន្លងទៅ ដោយបានក្លាយជាកម្រិតដ៏ទាបមួយមិនធ្លាប់មានចាប់តាំងឆ្នាំ២០២១ ។ ប៉ុន្តែបើទោះបីជាតម្លៃអតិផរណាក្នុងស្រុកហាក់កំពុងថយចុះយ៉ាងណាក្តី ក៏វានៅតែមានកម្រិតខ្ពស់ជាងផែនការកំណត់របស់រដ្ឋាភិបាលអាម៉េរិក ក្រោមគោលបំណងកាត់បន្ថយកំណើនអតិផរណាឱ្យនៅត្រឹម ២% នេះបើយោងតាមរបាយការណ៍សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ ចេញផ្សាយដោយស្ថាប័នសិក្សាស្ថិតិនិងការងាររបស់សហរដ្ឋអាម៉េរិក ៕