ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានព្រមានចាត់វិធានការច្បាប់ចំពោះម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មទាំងឡាយណាដែលមិនអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនបានឈប់សម្រាក ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានជូនដំណឹងកាលពីថ្ងៃអង្គារថា ម្ចាស់ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារ រួមមានសិប្បកម្ម ក្រុមហ៊ុន សណ្ឋាគារ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត កាស៊ីណូ ផ្សារទំនើប និងគ្រប់អាជីវកម្មទាំងអស់ត្រូវតែអនុញ្ញាតឱ្យកម្មករនិយោជិត បានឈប់សម្រាកពីការងារចំនួន៣ថ្ងៃជាកំហិត ដើម្បីពួកគេបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ក្រសួងបានបញ្ជាក់ថា កាលបរិច្ឆេទសម្រាប់កម្មករនិយោជិតឈប់សម្រាកដើម្បីទៅចូលរួមបោះឆ្នោត គឺនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗនៅដដែល។
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសថា ក្រុមអធិការការងារថ្នាក់ក្រសួង និងថ្នាក់មន្ទីររាជធានីខេត្តទាំងអស់នឹងចុះត្រួតពិនិត្យការអនុវត្តកាតព្វកិច្ចឈប់សម្រាកនេះយ៉ាងម៉ឺងម៉ាត់។
លោកព្រមានថា៖ «ក្នុងករណីរកឃើញការបំពានកាតព្វកិច្ចនេះ ត្រូវចាត់វិធានការតាមច្បាប់ជាធរមាន»។
ជាមួយគ្នានេះលោកបានណែនាំដល់កម្មករនិយោជិតថា បើមានការហាមប្រាមត្រូវផ្ដល់ព័ត៌មានមកក្រសួងជាបន្ទាន់តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ឬខ្សែទូរសព្ទបន្ទាន់១២៩៧។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនអាចទាក់ទងសំុការបញ្ជាក់បន្ថែមលើករណីនេះបានទេពីម្សិលមិញ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហភាពសហជីពកម្ពុជា បានលើកឡើងថា នេះជាការត្រឹមត្រូវហើយ ព្រោះវាជាច្បាប់របស់ប្រទេស។ ដូច្នេះច្បាប់បានអនុញ្ញាតដល់កម្មករនិយោជិតឈប់សម្រាក ដើម្បីបានទៅចូលរួមបោះឆ្នោត ហើយម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវតែគោរពតាមច្បាប់របស់ប្រទេស ទោះម្ចាស់ក្រុមហ៊ុនជាជនជាតិអ្វីក៏ដោយ គឺត្រូវតែគោរពតាមច្បាប់ប្រទេស ហើយអនុញ្ញាតឱ្យបុគ្គលិករបស់ខ្លួនឈប់សម្រាកដើម្បីទៅចូលរួមបោះឆ្នោត។
អ្នកស្រីបញ្ជាក់ថា ប្រសិនបើពួកគេមិនគោរពតាមច្បាប់ប្រទេសកម្ពុជាទេ ក្រសួងមានសមត្ថិកិច្ចត្រូវតែចាត់វិធានការលើម្ចាស់ក្រុមហ៊ុននោះទៅតាមច្បាប់។
អ្នកស្រីបន្តថា ក្នុងករណីច្បាប់អនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាកដើម្បីទៅចូលរួមបោះឆ្នោត ប៉ុន្តែពួកគេឈប់ ហើយមិនទៅចូលរួមបោះឆ្នោត នោះជាសិទ្ធិរបស់ពួកគេ។ ទោះជាយ៉ាងណាកម្មករនិយោជិតទាំងអស់ដែលបានមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគប្បីនាំគ្នាទៅបោះឆ្នោត។
អ្នកស្រីនិយាយថា៖ «បើគោលការណ៍អនុញ្ញាតឱ្យឈប់សម្រាកដើម្បីទៅបោះឆ្នោត យើងត្រូវនាំគ្នាទៅបោះឆ្នោត។ ប្រសិនបើពួកគេទៅបោះឆ្នោតឬមិនបោះឆ្នោត ជាសិទ្ធិរបស់បុគ្គលនីមួយៗ»។
អ្នកស្រីបញ្ជាក់ថា៖ «ក្នុងករណីច្បាប់អនុញ្ញាតឱ្យឈប់សម្រាកដើម្បីចូលរួមបោះឆ្នោត ហើយបើក្រុមហ៊ុនបញ្ឈប់បុគ្គលិកដែលមិនទៅបោះឆ្នោត នោះជាកាតព្វកិច្ចឬគោលការណ៍របស់ក្រុមហ៊ុននីមួយៗ»។
អ្នកស្រីបន្ថែមថា ដោយឡែកសម្រាប់ស្ថាប័នព័ត៌មានឬអង្គភាពកងកម្លាំងរក្សាសណ្ដាប់ធ្នាប់សាធារណៈក្នុងកំលុងពេលបោះឆ្នោះ ពួកគេមានកាតព្វកិច្ចធ្វើសេចក្ដីរាយការណ៍ព័ត៌មាន ក៏ដូចជាកងកម្លាំងរក្សាសណ្ដាប់ធ្នាប់សាធារណៈគួរតែទៅធ្វើសេចក្ដីរាយការណ៍នៅមណ្ឌលដែលខ្លួនមានឈ្មោះបោះឆ្នោត។ ដូច្នេះពួកគេគោរពបាននូវការបោះឆ្នោតនិងគោរពបាននូវកាតព្វកិច្ចការងាររបស់ខ្លួន។
សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានប្រជាពលរដ្ឋសរុប
៩ ៧១០ ៦៥៥នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩ នៅទូទាំងប្រទេស។
បក្សនយោបាយ ដែលមានឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សរុបមានចំនួន១៨ គណបក្ស ខណៈគណបក្សភ្លើងទៀន ដែលជាបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា ត្រូវបានអាក់ខានចូលរួមបោះឆ្នោត ដោយសារគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ខ្វះខាតនីតិវិធីមួយចំនួន៕