ភាគីចិនបានបើកទីផ្សារផលិតផលជលផលជាច្រើនសម្រាប់កម្ពុជា ដែលរួមមាន៖ បង្កងទឹកសាប ត្រីទឹកសាប អន្ទង់ បង្កងសមុទ្ទ បង្កងទឹកសាប និងត្រីសមុទ្ទមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់សមាគមវារីវប្បករនៅកម្ពុជា។ ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីតំណាងសមាគម និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធកាលពីសប្តាហ៍មុន បានជួបប្រជុំជាមួយនឹងតំណាងក្រុមហ៊ុនយក្សអាលីបាបា ជជែកពីបញ្ហានាំផលិតផលជលផលទៅទីផ្សារដ៏ធំមួយនេះក្នុងប្រទេសចិន...។
បើតាមសមាគមវារីវប្បករនៅកម្ពុជា កាលពីថ្ងៃទី១១កក្កដា ក្រុមការងារសមាគមបានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនអាលីបាបា (Alibaba) និងមន្រ្តីមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្វែងរកសហគ្រិនឈានមុខ ដែលជាវារីវប្បករ ហើយមានបំណងផលិត ឬកែច្នៃផលិតផលជលផល ដើម្បីនាំចេញទៅកាន់ប្រទេសចិន។ លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករនៅកម្ពុជាប្រាប់ SBM News តាមតេឡេក្រាមថា ផលជលផលដែលចិនបង្ហាញចំណាប់អារម្មណ៍ និងចង់បើកទូលាយសម្រាប់កម្ពុជានោះរួមមាន៖បង្កងទឹកសាប ត្រីទឹកសាប អន្ទង់ បង្កងសមុទ្ទ បង្កងទឹកសាប និងត្រីសមុទ្ទមួយចំនួនទៀត។ លោក សុខ រ៉ាដែន និយាយថា៖«បើពេលគម្រោងមួយនេះដំណើរការ ផលិតផលជលផលកម្ពុជា នឹងត្រូវដាក់នៅលើកម្មវិធីរបស់ Alibaba ដូចដឹងស្រាប់ហើយថា វាជាទីផ្សារមួយធំ ចឹងវាជាផលល្អសម្រាប់ប្រជាពលរដ្ឋអ្នកចិញ្ចឹមត្រី និងផលិតផលផ្សេងទៀត»។
ប្រធានសមាគមរូបនេះអះអាងថា បើសិនជាក្រុមហ៊ុនយក្សរបស់ចិនមួយនេះ មានបំណងពិតប្រាកដលើផលិតផលរបស់កម្ពុជា នោះលោកជឿថា ដំណើរការនាំចេញមួយនឹងមិនចំណាយពេលយូរឡើយ។ លោកបន្ថែមថា Alibaba នឹងជាអ្នកបើកផ្លូវសម្រាប់ក្រុមហ៊ុន និង Platform ផ្សេងៗទៀតឱ្យងាកមកចាប់អារម្មណ៍លើផលិតផលកម្ពុជា ប៉ុន្តែអ្វីដែលកម្ពុជាត្រូវធ្វើ គឺត្រូវបំពេញតាមស្ដង់ដារ លក្ខខណ្ឌអនាម័យតម្រូវ ដើម្បីធានាថា អ្នកទទួលទាននៅទីផ្សារក្រៅប្រទេសមានសុវត្ថិភាព។ សូមរំឭកថា កាលពីដើមខែមិថុនា ឆ្នាំ២០២៣ ផលិតផលជលផលរបស់កម្ពុជាត្រូវបានក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានគយនៃប្រទេសចិន សម្រេចចុះបញ្ជីក្នុងប្រព័ន្ធដោយជោគជ័យ ដើម្បីឈានទៅអនុញ្ញាតឱ្យនាំចូលទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ តាមរយៈក្រុមហ៊ុនក្នុងស្រុកមួយ តែក្រសួងពាណិជ្ជកម្មនៅមិនទាន់បញ្ជាក់ថា ការនាំចេញនឹងចាប់ផ្តើមនៅពេលណានោះទេ...៕