Alynana Media Cambodia
Icon Collap
clinic narit

ផ្សារហ៊ុនថៃដាំក្បាលចុះខណៈវិនិយោគិនបរទេសដកលុយជិត៣ពាន់លាន$ចេញក្រោមហេតុផលធំៗ៣នេះ

Media LNN | Jul 26, 2023
ផ្សារហ៊ុនថៃដាំក្បាលចុះខណៈវិនិយោគិនបរទេសដកលុយជិត៣ពាន់លាន$ចេញក្រោមហេតុផលធំៗ៣នេះ
Clinic narith

ឈានដល់ពាក់កណ្ដាលឆ្នាំ២០២៣នេះផ្សារភាគហ៊ុនរបស់ប្រទេសថៃបានចាប់ផ្ដើមដាំក្បាលចុះយ៉ាងខ្លាំងក្រោយបោះឆ្នោតជ្រើសរើសមេដឹកនាំអាណត្តិថ្មី ដោយផ្សារហ៊ុនរបស់ថៃបានដាំក្បាលចុះក្រោម១៥០០ពិន្ទុជាលើកដំបូងចាប់តាំងពីឆ្នាំ២០២១មក។បើយោងតាមការចុះផ្សាយរបស់ Bangkok Post បានឲ្យដឹងថាមានកត្តាធំៗដែលធ្វើឲ្យផ្សារហ៊ុនរបស់ថៃបានធ្លាក់ចុះខ្លាំង។ កត្តាទាំងនោះមានដូចជា វិនិយោគទទួលបានផលចំណេញទាប  កំណើនសេដ្ឋកិច្ចរបស់ថៃយឺត និងស្ថានភាពនយោបាយក្នុងប្រទេសថៃមិនច្បាស់លាស់និងច្របូកច្របល់។   កត្ដាទាំង៣ដែលបានរៀបរាប់ខាងលើបានធ្វើឲ្យលុយប្រមាណជាង១០០ពាន់លានបាត( ប្រមាណ២.៨៩ពាន់លានដុល្លារ) បានហូរចេញផ្សារហ៊ុនដែលជាទុនរបស់អ្នកវិនិយោគបរទេស។ នេះបើគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះ។

 

 ផ្សារហ៊ុនរបស់ថៃត្រូវបានគេរំពឹងថានឹងបន្តដាំក្បាលចុះថែមទៀតពោលគឺធ្លាក់ចូលក្នុងទីផ្សារធ្លាក់ចុះខណៈសន្ទស្សន៍ផ្សារហ៊ុនបានធ្លាក់ចុះក្រោម១៥០០ពិន្ទុ។ ក្នុងនោះដែរគេសង្កេតឃើញថាតម្លៃជួញដូរបានធ្លាក់មកត្រឹម៣០ទៅ៤០ពាន់លានបាតក្នុងមួយថ្ងៃបើធៀបនឹងអត្រាខ្ពស់បំផុត១០០ពាន់លានបាតក្នុងមួយថ្ងៃ។

 

មិនតែប៉ុណ្ណោះ អ្នកវិនិយោគបរទេសបន្តលក់ហ៊ុនចេញជាបន្តបន្ទាប់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះប្រមាណ១០៧ពាន់លានបាតខណៈទំហំជួញដូរដោយវិនិយោគិនបុគ្គល( retail investors) បានបន្តធ្លាក់ចុះជាបន្តបន្ទាប់។  ចំពោះចំនួនអ្នកជួញដូរវិញគេសង្កេតឃើញថាគណនីសកម្មនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៣បានធ្លាក់ចុះមកត្រឹម៩៨ម៉ឺនដុល្លារបើធៀបនឹងចំនួនច្រើនបំផុត១៣០ម៉ឺនគណនី។

 

 ករណីវិនិយោគិនបរទេសលក់ហ៊ុនចេញនិងដើរចេញពីផ្សារនេះត្រូវបានគេជឿថាមិនមែនត្រឹមរយៈពេលបណ្ដោះអាសន្ននោះទេ នេះក៏ព្រោះតែកត្តាមូលដ្ឋានរបស់ផ្សារហ៊ុនថៃផ្ទាល់ដោយក្នុងនោះ មានកត្តារួមផ្សំជាច្រើនដែលធ្វើឲ្យវិនិយោគិនបរទេសចង់ដើរចេញ ដូចជាតម្លៃហ៊ុនថ្លៃ  ការជួញដូរផ្ដោតតែលើវិស័យមួយៗនិងផលចំណេញតិចជាដើម។ លើសពីនេះសេដ្ឋកិច្ចរបស់ថៃចាប់ផ្ដើមកើនឡើងយឺតតាំងពីមុនវិបត្តិកូវីដ១៩មកម្ល៉េះដែលធ្វើឲ្យមិនមានភាពទាក់ទាញដល់ការវិនិយោគលើផ្សារហ៊ុនថៃផ្ទាល់។

 

 គួរបញ្ជាក់ផងដែរចាប់ពីឆ្នាំ២០១៣វិនិយោគិនបរទេសតែងតែលក់ហ៊ុនចេញពីផ្សារហ៊ុនថៃជារៀងរាល់ឆ្នាំជាពិសេសឆ្នាំបោះឆ្នោតតែម្ដងដោយលក់មុនជិតដល់ថ្ងៃបោះឆ្នោតអាណត្តិថ្មីហើយចូលទិញវិញក្រោយបោះឆ្នោត។ ដោយឡែកនៅឆ្នាំ២០២៣នេះគឺខុសពីឆ្នាំមុនៗដោយវិនិយោគិនបរទេសនាំគ្នាសម្រុកលក់ហ៊ុនចេញដែលសញ្ញានេះបង្ហាញពីក្ដីបារម្ភរបស់វិនិយោគិនបរទេសចំពោះអស្ថិរភាពនយោបាយក៏ដូចជាទំនុកចិត្តលើសេដ្ឋកិច្ចរបស់ថៃ៕