មកទល់ពេលនេះអស់រយៈពេល២ខែហើយដែលប្រទេសថៃមិនទាន់រកឃើញនាយករដ្ឋមន្រ្តីឃើញនៅឡើយក្រោយពីបានរៀបចំការបោះឆ្នោតជាតិជ្រើសរើសមេដឹកនាំប្រទេសសម្រាប់អាណត្តិ។ ជុំវិញបញ្ហាបោះឆ្នោតហើយតែមិនទាន់អាចបង្កើតរដ្ឋាភិបាលសម្រាប់ដឹកនាំ ត្រូវបានអ្នកជំនាញព្រមានថាប្រទេសថៃនឹងបាត់បង់ឱកាសច្រើន ជាពិសេសឱកាសទាក់ទាញអ្នកវិនិយោគបរទេសនិងឱកាសធ្វើជំនួញផ្សេងៗទៀត។បើយោងតាមការចុះផ្សាយរបស់ Bangkok Post លោក Stanley Kang អតីតប្រធានសភាពាណិជ្ជកម្មរបស់ថៃបានឲ្យដឹងថាលោកសង្ឃឹមថារដ្ឋាភិបាលថ្មីនឹងត្រូវរៀបចំក្នុងការដឹកនាំប្រទេសក្នុងពេលឆាប់ព្រោះបើនៅពន្យាពេលទៀតនោះប្រទេសថៃនឹងបាត់បង់ឱកាសវិនិយោគនិងឱកាសធ្វើជំនួញច្រើនពីអ្នកវិនិយោគបរទេស។
លោក Stanley Kang បាននិយាយថា” ខ្ញុំគិតថាប្រទេសថៃនឹងបង្កើតរដ្ឋាភិបាលឆាប់ៗ ហើយអាជីវកម្មបរទេសជាច្រើនកំពុងរងចាំព្រមទាំងរីករាយក្នុងការសហការជាមួយរដ្ឋាភិបាល មិនថាមកពីគណបក្សណានោះទេឲ្យតែអាចបង្កើតរដ្ឋាភិបាលអភិឌ្ឍន៍សេដ្ឋកិច្ចរបស់ថៃបាន”។លោកបានឲ្យដឹងទៀតថាប្រសិនបើការបង្កើតរដ្ឋាភិបាលនៅតែពន្យារពេលនោះ ប្រទេសថៃនឹងបាត់បង់ឱកាសច្រើនណាស់ ហើយវាគឺជាពេលវេលាក៏ពិបាកពោលគឺបាត់បង់ភាពទាក់ទាញអ្នកវិនិយោគនិងអ្នកជំនួញពីខាងក្រៅនិងវិនិយោគិនបរទេសក៏ចាប់ផ្ដើមចាកចេញពីប្រទេសថៃផងដែរ។
ជាក់ស្ដែងក្រោយបោះឆ្នោតហើយផ្សារហ៊ុនរបស់ថៃបានចាប់ផ្ដើមដាំក្បាលចុះយ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទសប្ដាហ៍នេះ។ ផ្សារហ៊ុនរបស់ថៃបានដាំក្បាលចុះក្រោម១៥០០ពិន្ទុជាលើកដំបូងចាប់តាំងពីឆ្នាំ២០២១មក។ ក្នុងនោះនកវិនិយោគបរទេសបន្តលក់ហ៊ុនចេញជាបន្តបន្ទាប់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៣នេះប្រមាណ១០៧ពាន់លានបាតខណៈទំហំជួញដូរដោយវិនិយោគិនបុគ្គល( retail investors) បានបន្តធ្លាក់ចុះជាបន្តបន្ទាប់។ ចំពោះចំនួនអ្នកជួញដូរវិញគេសង្កេតឃើញថាគណនីសកម្មនៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៣បានធ្លាក់ចុះមកត្រឹម៩៨ម៉ឺនដុល្លារបើធៀបនឹងចំនួនច្រើនបំផុត១៣០ម៉ឺនគណនី។
ករណីវិនិយោគិនបរទេសលក់ហ៊ុនចេញនិងដើរចេញពីផ្សារនេះត្រូវបានគេជឿថាមិនមែនត្រឹមរយៈពេលបណ្ដោះអាសន្ននោះទេ នេះក៏ព្រោះតែកត្តាមូលដ្ឋានរបស់ផ្សារហ៊ុនថៃផ្ទាល់ដោយក្នុងនោះ មានកត្តារួមផ្សំជាច្រើនដែលធ្វើឲ្យវិនិយោគិនបរទេសចង់ដើរចេញ ដូចជាតម្លៃហ៊ុនថ្លៃ ការជួញដូរផ្ដោតតែលើវិស័យមួយៗនិងផលចំណេញតិចជាដើម។ លើសពីនេះសេដ្ឋកិច្ចរបស់ថៃចាប់ផ្ដើមកើនឡើងយឺតតាំងពីមុនវិបត្តិកូវីដ១៩មកម្ល៉េះដែលធ្វើឲ្យមិនមានភាពទាក់ទាញដល់ការវិនិយោគលើផ្សារហ៊ុនថៃផ្ទាល់៕