Alynana Media Cambodia
Icon Collap
clinic narit

រាល់ល្បែងស៊ីសងតាមប្រព័ន្ធអេឡិកត្រូនិកទាំងអស់នៅកម្ពុជាត្រូវបានអាជ្ញាធរអះអាងថាគឺសុទ្ធតែខុសច្បាប់

Media LNN | Jul 29, 2023
រាល់ល្បែងស៊ីសងតាមប្រព័ន្ធអេឡិកត្រូនិកទាំងអស់នៅកម្ពុជាត្រូវបានអាជ្ញាធរអះអាងថាគឺសុទ្ធតែខុសច្បាប់
Clinic narith

ល្បែងស៊ីសងតាមប្រព័ន្ធអេឡិកត្រូនិក នៅតែមានប្រតិបត្តិការនៅកម្ពុជា នៅមួយរយៈចុងក្រោយនេះ ដោយក្រុមហ៊ុនទាំងនោះបានអូសទាញអ្នកលេងតាមរយៈការផ្សព្វផ្សាយលើបណ្តាញសង្គម និងផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។ ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរបានអះអាងថា រាជរដ្ឋាភិបាលមិនបានផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនល្បែងអនឡាញណាមួយធ្វើអាជីវកម្មនៅកម្ពុជានោះទេ ពោលគឺរាល់ល្បែងអនឡាញទាំងអស់សុទ្ធតែខុសច្បាប់។យ៉ាងណាមិញកន្លងមកអាជ្ញាធរកម្ពុជាបង្ក្រាបទីតាំងបើកល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិកបានជាបន្តបន្ទាប់ ក្រោយការចុះស៊ើបអង្កេត និងមានការប្តឹងពីប្រជាពលរដ្ឋ។ ការលួចបើកល្បែងអនឡាញដោយខុសច្បាប់នេះកំពុងបង្កជាក្តីបារម្ភនិងធ្វើឲ្យប្រាក់ចំណូលរបស់អាជីវកម្មល្បែងពាណិជ្ជកម្មស្របច្បាប់មានការធ្លាក់ចុះ។

ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានផ្តល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនណាមួយ ដើម្បីបើកដំណើរការល្បែងស៊ីសងតាម​ប្រព័ន្ធអេឡិចត្រូនិកនោះទេ ពោលគឺរាល់ល្បែងអនឡាញទាំងអស់ដែលកំពុង​ដំណើរការនៅកម្ពុជា​សុទ្ធតែខុសច្បាប់។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ រាជរដ្ឋាភិបាលផ្តល់អាជ្ញាបណ្ណឲ្យ​ក្រុមហ៊ុនល្បែងពាណិជ្ជកម្មតែពីរប្រភេទប៉ុណ្ណោះរួមមានកាស៊ីណូ និងផ្សែងផ្សងសំណងដែលមាន​ទីតាំងជាក់លាក់តែ​ប៉ុណ្ណោះ។

អាជ្ញាបណ្ណដែលគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មផ្តល់ឲ្យក្រុមហ៊ុនល្បែងពាណិជ្ជកម្មមាន៣ប្រភេទដូចជាអាជ្ញាបណ្ណមេសម្រាប់ស្នាក់កណ្តាល អាជ្ញាបណ្ណសាខាសម្រាប់សាខាក្រុមហ៊ុននីមួយៗ និងអាជ្ញាបណ្ណជាប៉ុស្តិ៍សេវាតូចៗរបស់សាខា ឬក្រុមហ៊ុន។ ប៉ុន្តែរាល់អាជ្ញាបណ្ណទាំងអស់ គឺសុទ្ធតែជាច្បាប់ដើម មិនមែនច្បាប់ចម្លងនោះទេ។ បច្ចុប្បន្ន អាជ្ញាបណ្ណអាជីវកម្មល្បែងពាណិជ្ជកម្ម​ត្រូវបាន​ផ្តល់ដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម មិនមែនចេញដោយក្រសួងសេដ្ឋកិច្ចនោះទេ។

ទោះជាបែបនេះក្តីយើងសង្កេតឃើញថា អាជីវកម្មល្បែងស៊ីសងតាមប្រព័ន្ធអេឡិចត្រូនិកមាន​ការរីកដុះដាល់យ៉ាងច្រើននៅកម្ពុជានៅមួយរយៈចុងក្រោយនេះ ដោយក្រុមហ៊ុនល្បែងទាំងនោះ​បានទាក់ទាញ​អតិថិជនឲ្យចូលរួមលេងតាមរយៈការផ្សព្វផ្សាយតាមបណ្តាលសង្គម និងផ្ញើសារតាមប្រព័ន្ធអេឡិចត្រូនិកទៅអតិថិជនដោយផ្ទាល់។ ដោយសកម្មភាពទាំងនេះបានក្លាយជាបញ្ហារំខានមួយសម្រាប់ប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ហើយវាកំពុងបង្កជាក្តីបារម្ភ និងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន​ល្បែងពាណិជ្ជកម្មស្របច្បាប់ ដែលជាប្រភពចំណូលមួយរបស់រាជរដ្ឋាភិបាល។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម រស់ ភីរុណ នៅក្នុងឆមាសទី១ឆ្នាំ២០២៣ ការប្រមូលចំណូលក្នុងវិស័យល្បែងពាណិជ្ជកម្មសម្រេចបានជាង១០លានដុល្លារ កើនឡើងជាង១០% បើធៀបនឹងការប្រមូលចំណូលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែទំហំនេះស្មើជិត៣០%ប៉ុណ្ណោះ បើធៀបនឹងទំហំថវិកាដែលកំណត់ដោយច្បាប់នៅឆ្នាំនេះ ដែលមានប្រមាណជាង៤០លានដុល្លារ។ បច្ចុប្បន្នកម្ពុជាមានការស៊ីណូ ដែលមានច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មចំនួន១៨០កន្លែង តែកាស៊ីណូទាំងនេះមិនបានដំណើរការទាំងអស់នោះទេ៕