ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពច្បាស់លាស់ ដែលធ្វើឱ្យតម្រូវការទីផ្សារកៅស៊ូសកលធ្លាក់ចុះក្តី ប៉ុន្តែការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែរក្សាបានកំណើនខ្ពស់។ ជាក់ស្តែងនៅឆមាសទី១ឆ្នាំនេះ កម្ពុជាទទួលបានចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូជាង ៣២៣លានដុល្លារ កើនឡើងជាង៤២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទោះបីការនាំចេញមានកំណើនក៏ពិតមែន ប៉ុន្តែមន្ត្រី និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្មកៅស៊ូអះអាងថា មកទល់ពេលនេះទីផ្សារតម្លៃកៅស៊ូនៅមិនទាន់មានស្ថានភាពល្អប្រសើរនៅឡើយទេ ពោលគឺមានការធ្លាក់ចុះជាង២រយដុល្លារក្នុង១តោន។
លោក ម៉ែន សុភ័ក្រ្ត ប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជាបានគូសបញ្ជាក់ថា បរិមាណនាំចេញកៅស៊ូរបស់កម្ពុជានៅឆមាសទី១ឆ្នាំនេះ នៅតែរក្សាបានកំណើន ប៉ុន្ដែសម្រាប់ទីផ្សារតម្លៃកៅស៊ូគិតមកទល់ពេលនេះនៅមិនទាន់ងើបឡើងវិញនៅឡើយទេ។ តម្លៃកៅស៊ូមិនសូវល្អនេះត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពល្អប្រសើរ ដោយសារបញ្ហាសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាវិបត្តិសេដ្ឋកិច្ចនៅបណ្តាប្រទេសធំៗ ដែលបានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារកៅស៊ូពិភពលោក និងតម្រូវការនៃការប្រើប្រាស់ផលិតផលសម្រេចដែលធ្វើពីជ័រកៅស៊ូមានការធ្លាក់ចុះ។ ទោះយ៉ាងណាលោកជឿជាក់ថា តម្លៃកៅស៊ូកម្ពុជានឹងមានភាពល្អប្រសើរវិញនៅពេលខាងមុខ ប្រសិនជាសេដ្ឋកិច្ចពិភពលោកត្រលប់មកស្ថានភាពល្អប្រសើរឡើងវិញ ដែលនឹងជំរុញឲ្យតម្រូវការប្រើប្រាស់ផលិតផលធ្វើពីកៅស៊ូមានការកើនឡើង។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ឹម អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឱ្យដឹងថា ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅឆមាសទី១ឆ្នាំ២០២៣នេះ ហាក់មានការកើនឡើងជាងឆ្នាំមុនបន្តិច ពោលគឺកម្ពុជាសម្រេចបានទំហំនាំចេញជ័រកៅស៊ូជិត១៤ម៉ឺនតោនកើនឡើងជាង៣ពាន់តោន ឬស្មើនឹងជិត៣% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន និងបាននាំចេញឈើកៅស៊ូវិញសម្រេចបានជាង៣ពាន់៦រយម៉ែត្រគូប ដោយទទួលបានចំណូលជិត១៨៨លានដុល្លារ។ ប៉ុន្តែ ថ្នាក់ដឹកនាំរូបនេះអះអាងថា តម្លៃកៅស៊ូ និងឈើកៅស៊ូនៅតែបន្តធ្លាក់ចុះ ដោយតម្លៃជ័រកៅស៊ូជាមធ្យមនៅឆមាសទី១ឆ្នាំនេះ លក់ចេញប្រមាណ១,៣៤៤ដុល្លារក្នុងមួយតោន ថយចុះ២៥២ដុល្លារក្នុងមួយតោន ឬស្មើនឹង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកចំពោះការប្រមូលផល និងការដាំដុះដំណាំកៅស៊ូវិញ ឯកឧត្តម ហ៊ឹម អូន បានវាយតម្លៃថា ទិន្នផលកៅស៊ូនៅឆ្នាំនេះអាចនឹងទទួលបានក្នុងបរិមាណទាប ដែលបង្កឡើងដោយបញ្ហាអាកាសធាតុ។ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារសំខាន់ៗក្នុងការនាំចេញកៅស៊ូរបស់កម្ពុជាមានដូចជាវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុបជាដើម៕