ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ បានប្រាប់ឱ្យដឹងថា នៅចុងឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន Royal Group Samra Seaplane នឹងដាក់ឱ្យដំណើរការសាកល្បងនូវយន្តហោះចុះចតលើផ្ទៃទឹក ប៉ុន្តែមិនទាន់កំណត់ថានឹងចាប់ផ្តើមពីខេត្តណាដំបូងគេនោះឡើយ។
នេះជាការថ្លែងប្រាប់ឱ្យដឹងពី លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ នាថ្ងៃទី ២៧ ខែកក្កដា បន្ទាប់ពីលោកបានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Samra Seaplane ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់សេវាធ្វើដំណើរផ្លូវអាកាសតាមរយៈយន្តហោះចុះចតលើផ្ទៃទឹក។
លោកថា សេវាធ្វើដំណើរផ្លូវអាកាសតាមរយៈយន្តហោះចុះចតលើផ្ទៃទឹកនឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ និងចុះចតដល់គោលដៅទេសចរណ៍ចម្បងៗនៅតាមបណ្តាកោះឆ្នេរសមុទ្រកម្ពុជា និងខេត្តគោលដៅតំបន់ឦសាន ជាដើម។
លោក ជួប រតនា បានថ្លែងបញ្ជាក់ថា ៖ «តាមផែនការ នៅក្នុងរដូវដែលមានភ្ញៀវច្រើន ឬ high season ក្រុមហ៊ុននេះ គ្រោងសាកល្បងដាក់ដំណើរការមួយគ្រឿងដែលសេវាធ្វើដំណើរផ្លូវអាកាសតាមរយៈយន្តហោះចុះចតលើផ្ទៃទឹកនេះ មានភាពងាយស្រួល ប៉ុន្តែឥឡូវនេះគេកំពុងសិក្សាផ្នែកច្បាប់ ព្រោះច្បាប់យើងក៏មិនទាន់មានការគ្របដណ្តប់អស់លើយន្តហោះហោះលើផ្ទៃទឹកនេះដែរ»។
បើតាមការពន្យល់ពីលោក ជួប រតនា យន្តហោះចុះចតលើផ្ទៃទឹកនេះ អាចផ្ទុកមនុស្សបានប្រមាណជា ៨ នាក់ ដែលវាជាកម្រិតស្តង់ដាល្អជាងគេមួយសម្រាប់ការធ្វើដំណើរ ហើយតម្លៃតាមផែនការប្រមាណជា២ពាន់ដុល្លារក្នុងមួយយន្តហោះនេះ។
លោកបានថ្លែងថា៖ «ឧទាហរណ៍ថា ភ្ញៀវចង់ធ្វើដំណើរពីសៀមរាបទៅគេងនៅកោះសង្សារ គឺយន្តហោះនេះហោះពីសៀមរាបទៅចុះចតនៅកោះសង្សារតែម្តង ដែលវាមានភាពងាយស្រួលដែលអាចចុះចតលើផ្ទៃទឹកដូចជាទូកដែរ»។
លោក ជួប រតនា បានបន្ថែមថា៖ «នៅចុងឆ្នាំនេះ នៅក្នុងរដូវ high season គេគ្រោងនឹងយកមួយគ្រឿងមកសាកល្បងប្រើ ហើយពេលនេះគេកំពុងតែធ្វើការជាមួយនឹងរមណីយដ្ឋានទំនើបៗមួយចំនួនដូចជា កោះឫស្សី កោះសង្សារ កោះក្របីជាដើម ដោយនៅពេលដែលពួកគាត់លក់សំបុត្រទៅឱ្យអ្នកទេសចរបរទេស គេនឹងលក់នូវសំបុត្រយន្តហោះចតលើទឹកនេះដែរ ឬអាចលក់សេវាកម្មកម្សាន្តជាកញ្ចប់ភ្ជាប់ជាមួយនឹងសេវាយន្តហោះចតលើទឹកនេះតែម្តង»។
ជុំវិញគម្រោងនៃការដាក់ឱ្យដំណើរការសាកល្បងនូវយន្តហោះចុះចតលើផ្ទៃទឹកនេះ លោក ធួន ស៊ីណាន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន IMCT ខូអិលធីឌី និងជាប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បង្ហាញការគាំទ្រពីសេវាកម្មនេះផងដែរ។
លោកបានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៧ ខែកក្កដា ថា៖ «នេះជាអ្វីដែលយើងត្រូវការដើម្បីបំពេញបន្ថែមនូវសមត្ថភាពក្នុងការទទួលភ្ញៀវទេសចរលំដាប់ខ្ពស់។ យើងមានអំណោយផលធម្មជាតិវាមិនគ្រប់គ្រាន់ទេ យើងចាំបាច់មានសេវាកម្មបំពេញបន្ថែមដើម្បីគាំទ្រទើបគ្រប់តម្លៃនូវការទាក់ទាញភ្ញៀវ»។
សូមរំឭកផងដែរថា នាដើមខែមិថុនា ឆ្នាំ ២០២៣ កន្លងទៅនេះ ក្រុមហ៊ុន Seaplane Asia Limited of Hong Kong និង Royal Group of Cambodia បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាមួយ ដើម្បីចាប់ផ្តើមបើកប្រតិបត្តិការលើយន្តហោះតាមសមុទ្រនៅប្រទេសកម្ពុជា។
លោក គិត ម៉េង ប្រធានក្រុមហ៊ុន The Royal Group បានលើកឡើងនាពិធីនោះថា លោកមានមោទនភាពក្នុងការចូលរួមកម្លាំងជាមួយក្រុមហ៊ុន Seaplane Asia និងសូមណែនាំក្រុមហ៊ុន Royal Group Samra Seaplane ដែលជាសេវាអាកាសចរណ៍សមុទ្រលំដាប់ខ្ពស់ដំបូងគេនៅកម្ពុជា។
ចំណែកលោក ដេននីស ខេលឡឺ (Dennis Keller) នាយកប្រតិបត្តិនៃក្រុមហ៊ុន Seaplane Asia Limited បានលើកឡើងដែរថា កម្ពុជាមានសក្ដានុពលយ៉ាងធំធេងសម្រាប់ប្រតិបត្តិការលម្ហែកាយលើផ្ទៃសមុទ្រ ដោយសារតែភាពស្រស់ស្អាតធម្មជាតិដ៏អស្ចារ្យ និងសេដ្ឋកិច្ចរីកចម្រើន ក៏ដូចជាវិស័យទេសចរណ៍ផងដែរ។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី ២៦ ខែកក្កដា បានឱ្យដឹងថា សម្រាប់ចុងសប្ដាហ៍ពីថ្ងៃទី ១៧ ដល់ទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ កម្ពុជា ទទួលបានភ្ញៀវសរុបមានចំនួន ២៦៩ ៣៥៦ នាក់ ក្នុងនោះភ្ញៀវជាតិ ២២៩ ៥១៩ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន ៣៩ ៨៣៧នាក់។
ក្រសួងបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តបាត់ដំបង, ខេត្តព្រះសីហនុ, រាជធានីភ្នំពេញ,ខេត្តកំពត, ខេត្តសៀមរាប, ខេត្តកំពង់ស្ពឺនិងខេត្តពោធិ៍សាត់៕