ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង ម៉ាកូស (Ferdinand Marcos Jr.) បាននិយាយកាលពី ថ្ងៃសៅរ៍ទី២៩ កក្កដាថា ប្រទេសហ្វីលីពីនត្រូវតែបំពេញស្តុកអង្ករនៅក្នុងប្រទេស ដោយព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានដោយសារតែបាតុភូតអាកាសធាតុ អែលនីណូ ដែលអាចប៉ះពាល់ដល់ផលិតកម្មស្រូវនៅក្នុងប្រទេស និង បណ្តាប្រទេសផលិតស្រូវនានា ។ ក្នុងនោះ លោក ជំរុញឲ្យមន្រ្តីរបស់លោកស្វែងរកកិច្ចសន្យាផ្គង់ផ្គងពីឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករដ៏ធំជាងគេបំផុតក្នុងពិភពលោក។លោក ម៉ាកូស ប្រធានាធិបតីហ្វីលីពីន បានប្រាប់មន្ត្រីនៅខេត្ត កាហ្គាយ៉ាន (Cagayan) ភាគខាងជើងប្រទេស ជាកន្លែងដែលគាត់បានទៅពិនិត្យវាយតម្លៃទំហំនៃការខូចខាតដោយព្យុះទីហ្វុង ដូកស៊ូរី ថា "ខ្ញុំកំពុងគិតអំពីការផ្គត់ផ្គង់អង្ករថ្នាក់ជាតិសម្រាប់ប្រទេស" ។ នេះបើតាមសេចក្តីរាយការណ៍តាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។លោក ម៉ាកូស ដែលជារដ្ឋមន្រ្តីក្រសួងកសិកម្មផងដែរ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពផ្គត់ផ្គង់អង្ករពិភពលោក ដោយសារតែពេលនេះប្រទេសនានាសុទ្ធតែកំពុងត្រៀមខ្លួនសម្រាប់ ការមកដល់នៃបាតុភូត អែលនីណូ ។
គេដឹងថា ហ្វីលីពីនជាប្រទេសផលិតអង្ករមួយដែរនៅក្នុងតំបន់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែជាប្រជាជាតិដែលនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក ដោយគេដឹងថា ភាគច្រើនគឺរំពឹងលើការផ្គត់ផ្គង់ពីវៀតណាម ប៉ុន្តែលោក ម៉ាកូសបាននិយាយថាការផ្គត់ផ្គង់ពីប្រទេសវៀតណាមអាចនឹងមានកម្រិតនៅពេលដែលអ្នកទិញផ្សេងទៀតប្រមូលផ្តុំ ការបញ្ជាទិញលើវៀតណាម។លោកម៉ាកូស បាននិយាយថា "ខ្ញុំគិតថាយើងអាចទទួលបានកិច្ចព្រមព្រៀងជាមួយឥណ្ឌា។ យើងប្រហែលជាមាននរណាម្នាក់ ដែលអាចនាំយើងសម្រេចបាននូវកិច្ចព្រមព្រៀងនេះ ជាមួយនឹងឥណ្ឌា " ។ជុំវិញគោលបំណងនេះ អ្នកនាំពាក្យក្រសួងស្បៀងអាហាររបស់ឥណ្ឌាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើប្រធានបទនេះទេ ប៉ុន្តែ កាលពីសប្តាហ៍មុន ឥណ្ឌាទើបតែប្រកាសហាមប្រាមការនាំចេញអង្ករសមិនមែន បាម៉ាទី ដែលជាប្រភេទអង្ករនាំចេញដ៏ធំបំផុតរបស់ខ្លួន ដើម្បីបន្ធូរបន្ថយតម្លៃក្នុងស្រុកដែលបានកើនឡើងបន្ទាប់ពីភ្លៀងបានបណ្តាលឱ្យខូចខាតដំណាំយ៉ាងច្រើន។
បន្ទាប់ពីប្រកាសរបស់ឥណ្ឌា និង ការដួលរលំនៃកិច្ចព្រមព្រៀងនាំគ្រាប់ធុញ្ញជាតិនៅសមុទ្រខ្មៅរវាងរុស្ស៊ី និងអ៊ុយក្រែនតម្លៃអង្ករនៅលើពីផ្សារអន្តរជាតិបានឡើងថ្លៃភ្លាមៗ ហើយប្រទេសមួយចំនួនរួមទាំងហ្វីលីពីនកំពុងតែសម្រុកស្វែងរកកិច្ចព្រមព្រៀងទិញអង្ករបន្ថែមពីវៀតណាម និង ថៃ ។
ប្រភពផ្គត់ផ្គង់អង្ករសម្រាប់ទីផ្សារហ្វីលីពីននៅពេលនេះគេដឹងថា មានវៀតណាម មីយ៉ាន់ម៉ា ថៃ ចិន ឥណ្ឌា ហើយថ្មីៗនេះ ថ្វីត្បិតតែមិនច្រើនហ្វីលីពិនក៏បានចាប់ផ្តើមនាំចូលអង្ករពីកម្ពុជាផងដែរ៕