ភ្នំពេញ៖ ចលនាកាយឫទ្ធិនារីកម្ពុជា ត្រូវបានអង្គសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៨ បោះឆ្នោតគាំទ្រសមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកលើកទី៣៩ នៅក្នុងឆ្នាំ២០២៦ នាពេលខាងមុខ។ អង្គសន្និបាតសមាគមកាយឫទ្ធិនារីពិភពលោកបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេស Cyprus ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ កាយរឹទ្ធិជាតិកម្ពុជា នាថ្ងៃទី៣១ កក្កដា ឆ្នាំ២០២៣។
ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សមាគមកាយឫទ្ធិនារីកម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ ដែលជាមហាកិត្តិយសដ៏ឧត្ដុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីបន្ថែមទៀតសម្រាប់ចលនាកាយរឹទ្ធិកម្ពុជា ដែលបានបង្ហាញពីកិត្យានុភាពព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ៕