Alynana Media Cambodia
Icon Collap
clinic narit

បច្ចុប្បន្នតម្លៃត្រីមានទីផ្សារល្អប្រសើរជាងមុន ខណៈវារីវប្បករមួយចំនួនផ្អាកការចិញ្ចឹម

Media LNN | Aug 01, 2023
បច្ចុប្បន្នតម្លៃត្រីមានទីផ្សារល្អប្រសើរជាងមុន ខណៈវារីវប្បករមួយចំនួនផ្អាកការចិញ្ចឹម
Clinic narith

ភ្នំពេញ៖​ នាពេលបច្ចុប្បន្ននេះ ប្រភេទត្រីប្រា ត្រីពោ ត្រីឆ្ដោ បានចាប់ផ្តើមមានតម្លៃល្អប្រសើរជាងមុនឡើងវិញនៅលើទីផ្សារក្នុងស្រុក គ្រាដែលសមាគមមានការបារម្ភចំពោះការផ្អាកចិញ្ចឹមរបស់វារីវប្បករមួយចំនួន ដោយសារកន្លងមកវិស័យនេះ បានជួបបញ្ហាប្រឈមខ្លាំងក្នុងខ្សែចង្វាក់ផលិតកម្ម។ នេះបើផ្អែកតាមអះអាងពីសមាគមវារីវប្បករកម្ពុជា។

លោក ឡែមផូរ វរិទ្ធិ មន្ត្រីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ឱ្យដឹងថា ទីផ្សារត្រីក្នុងស្រុកមួយចំនួនចាប់ផ្ដើមប្រសើរឡើងវិញ ក្រោយបានរងផលប៉ះពាល់ខ្លាំងក្នុងអំឡុងវិបត្តិកូវីដ១៩ កន្លងមក។ ជាក់ស្ដែងទីផ្សារត្រីប្រា ត្រីពោ និងត្រីឆ្ដោ បច្ចុប្បន្នសុទ្ធតែមានការកើនឡើងបើធៀបនឹងអំឡុងមានការរាតត្បាតជំងឺកូវីដ១៩។

លោកបានបន្តថា សព្វថ្ងៃ ត្រីប្រា មានតម្លៃចាប់ពី ៥.០០០រៀល ទៅ ៥.៥០០រៀលក្នុង ១គីឡូក្រាម ដែលខុសពីពេលមុនអាចលក់បានតែត្រឹមតម្លៃ ៤ពាន់រៀល ក្នុង ១គីឡូក្រាម។ ចំណែកឯត្រីពោ កាលពីមុនមានតម្លៃ ៦.០០០ រៀលក្នុង ១គីឡូក្រាម តែបច្ចុប្បន្នមានតម្លៃពី ៧.៥០០រៀលទៅ ៨.០០០រៀលក្នុង ១ គីឡូក្រាម។ ដោយឡែក សម្រាប់ត្រីឆ្ដោបានកើនឡើងពីតម្លៃ ១ម៉ឺនរៀល ទៅ ១២.០០០រៀល ក្នុង ១គីឡូក្រាម។

លោកបានសង្កត់ធ្ងន់ថា ទីផ្សារតម្លៃមានភាពល្អប្រសើរក្ដី តែលោកបានបង្ហាញការបារម្ភជាខ្លាំងចំពោះស្ថានភាពនៃវិស័យវារីវប្បកម្មនៅកម្ពុជា ដែលអាចប្រឈមនឹងការបន្តធ្លាក់ចុះ ខណៈនៅឆ្នាំនេះ វិស័យវារីវប្បកម្មនៅមិនទាន់មានសញ្ញាណវិជ្ជមាននៅឡើយ ស្របពេលក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុកមួយចំនួនបានផ្អាកការចិញ្ចឹមដោយសារជួបបញ្ហាខ្សែចង្វាក់ផលិតកម្ម។

ព្រមជាមួយគ្នានោះដែរ កត្តាដែលធ្វើឱ្យតម្លៃត្រីមួយចំនួនខាងលើកើនឡើង ដោយសារកសិករមួយចំនួនបោះបង់ការចិញ្ចឹម ដែលជំរុញឱ្យមានតម្រូវការត្រីក្នុងស្រុក ហើយកត្តាដែលធ្វើឱ្យការចិញ្ចឹមថយចុះនាពេលកន្លងមក គឺដោយសារតែការចំណាយថ្លៃដើមលើការចិញ្ចឹមពិសេសចំណីត្រីមានតម្លៃខ្ពស់ ហើយត្រីក៏មិនសូវមានទីផ្សារ និងតម្លៃទាបដែលធ្វើឱ្យកសិករពុំសូវទទួលបានផលចំណេញច្រើន និងអាចឈានដល់ការខាតដើមទុនផងដែរ។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ សមាគមវារីវប្បករកម្ពុជាក៏បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនចិនដ៏ធំមួយ ដើម្បីជំរុញការនាំចេញផលិតផលវារីវប្បកម្មកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ ជុំវិញជំនួបនោះក៏ដើម្បីនាំចេញផលិតផលវារីវប្បកម្មមួយចំនួនទៅទីផ្សារចិន ប៉ុន្តែមិនទាន់មានលទ្ធផលអ្វីគួរឱ្យកត់សម្គាល់ទេ ព្រោះភាគីចិនមានតម្រូវការលើផលិតផលវារីវប្បកម្មមួយចំនួនដូចជា អន្ទង់ ក្ដាម ខ្យង ខ្ចៅ និងបង្កងដែលមានស្ដង់ដារ និងគុណភាពជាដើម៕