បើរាប់ចាប់តាំងពីខែមករា ដល់ខែកក្កដាមកនេះ ចំនួនក្រុមហ៊ុនថ្មីនៅប្រទេសវៀតណាម ដែលបានបង្កើតឡើងរួចនោះគឺមានចំនួនរហូតដល់ ៨៩,៦០០ កើនឡើងប្រមាណ ០,២%នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទោះជាយ៉ាងណាក៏ដោយ ការិយាល័យស្ថិតិទូទៅបានរាយការណ៍ថា ទុនវិនិយោគសរុបរបស់ក្រុមហ៊ុនដែលបានបង្កើតរួចរាល់នោះ បានធ្លាក់ចុះមកនៅត្រឹម ១៧,១% ឬស្មើរនឹង ៨៣៤ពាន់ពាន់លានដុង។
ជាមួយគ្នានោះ វិស័យអចលនទ្រព្យមើលឃើញថា ចំនួនក្រុមហ៊ុនដែលទើបបង្កើតថ្មីមានការថយចុះចំនួន ២,៦២២ ឬធ្លាក់ចុះប្រមាណ ៥៦,២%ជារៀងរាល់ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។
ដោយឡែក លោក Nguyen Van Dinh ប្រធានសមាគមអ្នកអចលនទ្រព្យវៀតណាម (VARS) បាននិយាយដែរថា ចាប់តាំងពីខែឧសភា ឆ្នាំ 2022មក ទីផ្សារហាក់មានការជួបប្រទះនូវការលំបាកយ៉ាងច្រើន ដោយសារតែកត្តានៃផលប៉ះពាល់នៃជំងឺរាតត្បាត កត្តាវដ្តនៃកំណើនទីផ្សារ ក៏ដូចជាការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ច ព្រមទាំងគោលនយោបាយឥណទានដែលបានរឹតបន្តឹងជាបន្តបន្ទាប់ ជាមួយបញ្ហាមូលបត្របំណុលសាជីវកម្ម និងបញ្ហាផ្លូវច្បាប់ដែលកំពុងជាប់គាំងក្នុងការអនុវត្តគម្រោងក៏បានរួមចំណែកដល់បញ្ហាប្រឈមនេះផងដែរ៕