កម្ពុជា គឺជាគោលដៅដ៏ទាក់ទាញបំផុតមួយក្នុងតំបន់សម្រាប់ក្រុមវិនិយោគិនក្រៅស្រុក ដោយសារមើលឃើញគុណសម្បត្តិសំខាន់ៗជាច្រើនដូចជា កំណើនសេដ្ឋកិច្ចរឹងមាំ ទីតាំងភូមិសាស្រ្ត បរិយាកាសវិនិយោគអំណោយផល ធនធានធម្មជាតិដ៏សម្បូរបែប ទីផ្សារការងារប្រកួតប្រជែង កិច្ចព្រមព្រៀងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌច្បាប់គាំទ្រ និងស្ថិរភាពសង្គម រួមទាំងភាពចាស់ទុំផ្នែកនយោបាយផងដែរ។យោងតាមរបាយការណ៍ដែលមានចេញផ្សាយនៅក្នុងសៀវភៅស្តីពីការវិនិយោគនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣បានបង្ហាញថា គណកម្មការវិនិយោគកម្ពុជាហៅកាត់ថា CIB នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាហៅកាត់ថា CDC និងក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចពិសេស (SEZB) កាលពីឆ្នាំ២០២២បានអនុម័តគម្រោងវិនិយោគចំនួន ១៨៦ ដែលមានតម្លៃសរុប ៤,០៣ ពាន់លានដុល្លារ ហើយក្នុងនោះគេសង្កេតឃើញវិនិយោគិនបរទេសសំខាន់ៗរួមមាន ចិន ថៃ និងជប៉ុន បានផ្តោតសំខាន់ទៅលើការវិនិយោគលើវិស័យកសិកម្ម ផលិតកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។