Alynana Media Cambodia
Icon Collap
clinic narit

មន្ត្រី ក.ប.ប ចុះពិនិត្យស្ថានីយ-ដេប៉ូប្រេងឥន្ធនៈរកឃើញ ៣ ទីតាំង បន្លំលីត្រ និងមិន​អនុលោម​ភាព​បរិមាណ

Media LNN | Aug 03, 2023
មន្ត្រី ក.ប.ប ចុះពិនិត្យស្ថានីយ-ដេប៉ូប្រេងឥន្ធនៈរកឃើញ ៣ ទីតាំង បន្លំលីត្រ និងមិន​អនុលោម​ភាព​បរិមាណ
Clinic narith

មន្ត្រី​ស៊ើបអង្កេត ក​.ប​.ប ចុះ​ត្រួតពិនិត្យ​ស្ថានីយ និងដេប៉ូ​ប្រេងឥន្ធនៈ ១៦ ទីតាំង រក​ឃើញ ១ ទីតាំង បន្លំ​លីត្រ​ប្រេងសាំង ប្រេងម៉ាស៊ូត និង ២ ទីតាំង​ទៀត ពុំ​មាន​អនុលោម​ភាព​ផ្នែក​បរិមាណ នៅ​ខេត្ត​ចំនួន ៥។

កាលពី​ថ្ងៃ​ទី ២ ខែ​សីហា ឆ្នាំ ២០២៣ នេះ ដោយ​សង្កេត​ឃើញ​មាន​ភាព​មិនប្រក្រតី​លើ​ដេប៉ូ​ប្រេង​ឥន្ធនៈ ១ កន្លែង នៅ​តាម​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក លោក​ប្រធាន​សាខា ក​.​ប​.​ប ខេត្ត​កណ្ដាល បាន​ដឹកនាំ​កម្លាំង​មន្ត្រី​ជំនាញ​ចុះ​ទៅ​ដល់​ទីតាំង​ដេប៉ូ​ប្រេងឥន្ធនៈ ១ កន្លែង ស្ថិត​ក្នុង​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់​កណ្ដាល ដោយ​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ហ្មត់ចត់​តាមរយៈ​ការ​ប្រើប្រាស់​ឧបករណ៍​ត្រួត​ពិនិត្យ​ប្រេងឥន្ធនៈ (Pumpwatch)។

ជា​លទ្ធផល មន្ត្រី​ជំនាញ បាន​រក​ឃើញ​ថា ដេប៉ូ​ខាងលើ​មាន​លម្អៀង​ផ្នែក​បរិមាណ ​(បន្លំ​លីត្រ​) ទាំង​ប្រេងសាំង​ធម្មតា (លម្អៀង ៤.៨ ល​/១០០ ល) និង​ប្រេងម៉ាស៊ូត (លម្អៀង ៣.១ ល/១០០ ល)។ ជាមួយ​នោះ មន្ត្រី​ជំនាញ ក៏​បាន​អនុវត្ត​វិធានការ​តាមច្បាប់ ​ស្ដីពី ​កិច្ចការពារ​អ្នក​ប្រើប្រាស់​ជា​ធរមាន និង​បាន​ឲ្យ​ម្ចាស់​ដេប៉ូ​ខាងលើ​ ធ្វើ​កិច្ចសន្យា​កែតម្រូវ​ជាដាច់ខាត។នៅ​ថ្ងៃ​ខែ​ឆ្នាំ​ដដែល ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ស្ពឺ កណ្ដាល កំពត ស្វាយរៀង និង​ខេត្ត​កំពង់ធំ មន្ត្រី ក​.ប​.ប បាន​បន្ត​ត្រួតពិនិត្យ​អនុលោម​ភាព​លើ​ស្ថានីយ និងដេប៉ូ​ប្រេងឥន្ធនៈ សរុប​ចំនួន ១៥ ទីតាំង ដោយ​​រក​ឃើញ​មាន​ដេប៉ូ​ប្រេងឥន្ធនៈ ២ ទីតាំង ពុំ​មាន​អនុលោម​ភាព​ផ្នែក​បរិមាណ និង​បាន​ទទួល​រង​នូវ​ការ​ពិន័យ​អន្តរការណ៍​ពី​មន្ត្រី​ជំនាញ ក៏ដូចជា​ធ្វើ​កិច្ចសន្យា​កែតម្រូវ​ផង​ដែរ។ដោយឡែក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ មន្ត្រី​ជំនាញ ចុះ​អង្កេត និង​តាមដាន​តម្លៃ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ និងដេប៉ូ បាន​ចំនួន ៦ ទីតាំង ក្នុង​ខណ្ឌ​ទួលគោក និង​ខណ្ឌ​មានជ័យ ដែល​ពុំ​មាន​ស្ថានីយ និងដេប៉ូ​ណា ដាក់​លក់​លើស​តម្លៃ​កំណត់​ដោយ​ក្រសួងពាណិជ្ជកម្ម​នោះ​ទេ៕