ភ្នំពេញ៖ គិតត្រឹមឆមាសទី ១ឆ្នាំ ២០២៣ ការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារនៅកម្ពុជា ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច មានទំហំទឺកប្រាក់ ១៨៨,៣ទីលានរៀល (៤៦ពាន់លានដុល្លារអាមេរិក) ដោយមានកំណើន ១១,៩% ថមថយល្បឿនអត្រាកំណើនធៀបនឹងគ្រាដូចគ្នាឆ្នាំមុនដែលមានដល់ទៅ ២៥%។ នេះបើយោងតាមស្ថិតិរបស់ធនាគារជាតិនៃកម្ពុជា។
វិស័យដែលមានកំណើនខ្ពស់ជាងគេ រួមមាន៖ វិស័យកម្មន្តសាល ២២,២%, ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ១៧,៥%, ការជួញដូរអចលនទ្រព្យ ១៣,៦% និងកសិកម្ម ១៣,៤%។
លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៣០ខែកក្កដា ថា ប្រព័ន្ធធនាគារកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែរឹងមាំ ហើយស្ថិរភាពនៃប្រព័ន្ធធនាគារ បានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា៖ «ជាក់ស្តែង បើទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន៣ បានដួលរលំកាលពីដើមឆ្នាំ ២០២៣ ដែលបានបង្កការព្រួយបារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែ រក្សាបានភាពធន់និងរឹងមាំ»។
លោកទេសាភិបាលបានបន្តថា ស្ថានភាពដើមទុន និងសន្ទនីយភាពបន្តមានកម្រិតខ្ពស់ជាងបទប្បញ្ញត្តិ ខណៈដែលអនុបាតឥណទានមិនដំណើរការបានកើនឡើងបន្តិច ប៉ុន្តែស្ថិតនៅកម្រិតទាបដែលមិនបង្កជាហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុនោះឡើយ។
លោកបានថ្លែងទៀតថា ស្ថិរភាពល្អប្រសើរនៃប្រព័ន្ធធនាគារកម្ពុជា គឺដោយសារកន្លងមកធនាគារជាតិនៃកម្ពុជាបានអនុវត្តនយោបាយម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្នប្រកបដោយស្មារតីបុរេសកម្ម ហើយការត្រួតពិនិត្យប្រព័ន្ធធនាគារ និងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានធ្វើឡើងជាប្រចាំ។
យ៉ាងណាមិញ លោកទេសាភិបាល បានលើកឡើងថា កំណើននៃការទទួលបានសេវាហិរញ្ញវត្ថុក៏ភ្ជាប់ជាមួយនូវហានិភ័យ ដូចជា ស្ថានភាពបំណុលលើសលប់ និងការកើនឡើងនៃឥណទានមិនដំណើរការ ប្រសិនបើការយល់ដឹងពីសេវាហិរញ្ញវត្ថុរបស់ប្រជាជននៅមានកម្រិត។ អាស្រ័យហេតុនេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងកិច្ចការពារអតិថិជនក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ដើម្បីពង្រឹងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ និងទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ។
សូមជម្រាបថា គិតត្រឹមឆមាសទី១ឆ្នាំនេះ កម្ពុជា មានគ្រឹះស្ថានធនាគារពាណិជ្ជចំនួន ៥៩ និងធនាគារឯកទេសចំនួន ៩ ដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅទូទាំងប្រទេស៕