សកម្មភាពលក់លំនៅឋាន ដែលមានផ្ទះល្វែង វីឡាភ្លោះ និងទោល មានការថយចុះជាង៦០ភាគរយ ខណៈការលក់ខុនដូ មានកំណើនវិជ្ជមានក្នុងអត្រាជាង១០ភាគរយ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា។
របាយការណ៍ដែលយោងតាមនិយ័តករអាជីវករអចលនវត្ថុ និងបញ្ចាំ រួមទាំងការគណនារបស់មន្ត្រីធនាគារជាតិនៃកម្ពុជា បង្ហាញថា សកម្មភាពលក់លំនៅឋាន (ផ្ទះល្វែង វិឡាភ្លោះ និងទោល) ថយចុះប្រមាណ ៦៤,៧ភាគរយ ខណៈការលក់ខុនដូ មានកំណើនវិជ្ជមានឡើងវិញក្នុងអត្រា១២,៩ភាគរយ។
បើគិតតាមទិន្នន័យត្រឹមខែឧសភា ឆ្នាំ២០២៣ សន្ទស្សន៍ថ្លៃលំនៅឋាន (RPPI) បង្ហាញថា តម្លៃលំនៅឋាននៅកម្ពុជាពុំសូវមានការប្រែប្រួលខ្លាំងនោះទេ ដោយនៅភ្នំពេញ មានការកើនឡើង៦,៩ភាគរយ ស្របពេលដែលនៅតាមបណ្តាខេត្តផ្សេងៗទៀតកើន ៥,៣ភាគរយ។ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បានបង្ហាញពីការងើបឡើងវិញនៃវិស័យសំណង់ តាមរយៈកំណើននៃការនាំចូលសម្ភារ និងបរិក្ខារសំណង់ក្នុងរង្វង់ ០,៤ភាគរយ។ ចំពោះគម្រោងដែលអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តម្លៃ និងផ្ទៃក្រឡាគម្រោងសាងសង់ ត្រូវបានប៉ាន់ស្មានថាមានកំណើន ១,៣ភាគរយ ខណៈចំនួនគម្រោងថយចុះ ៩ភាគរយ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ផងដែរ ប៉ុន្តែសាធារណជនមិនទាន់អាចទាញយកឯកសារពីគេហទំព័រផ្លូវការរបស់ក្រសួងបានឡើយ៕