Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​ស្វាគមន៍​ការបណ្តាក់ទុន​ថ្មី​បន្ថែមទៀត​ មកលើ​វិស័យ​កែច្នៃ​កៅស៊ូ​

Media LNN | Aug 04, 2023
កម្ពុជា​ស្វាគមន៍​ការបណ្តាក់ទុន​ថ្មី​បន្ថែមទៀត​ មកលើ​វិស័យ​កែច្នៃ​កៅស៊ូ​
Clinic narith

ភ្នំពេញៈ​ លោក ម៉ែន សុភ័ក្ត្រ ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា អំពាវនាវ​ដល់ វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​វិនិយោគ​លើ​ការកែច្នៃ​ជ័រកៅស៊ូ​នៅក្នុង​ប្រទេស​កម្ពុជា​ដើម្បី បង្កើនតម្លៃបន្ថែម​ក្នុងស្រុក និង​នាំចូល​នូវ​បច្ចេកវិទ្យា​ថ្មីៗ ខណៈដែល​កម្ពុជា​កំពុងតែ​ទាក់ទាញ ក្រុមហ៊ុន​បរទេស​បង្កើត​រោងចក្រ​កែច្នៃ​សម្បក​រថយន្ត​បាន​មួយចំនួន​ហើយ​នាពេល​បច្ចុប្បន្ន​។​11-4.2e16d0ba.fill-960x540-64

​ការ​ថ្លែង​របស់លោក ម៉ែន សុភ័ក្ត្រ ក៏​ជា​ប្រធាន​ក្រុមហ៊ុន​សុភ័ក្ត្រ​នី​កា​ដែល​គ្រប់គ្រង​ចម្ការកៅស៊ូ​ប្រមាណ​១​ម៉ឺន​៤​ពាន់​ហិកតា​នៅក្នុង​ខេត្តកំពង់ធំ និង​ខេត្តកំពង់ចាម​ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​របស់​វៀតណាម​ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍​កៅស៊ូ​បាន​ដាក់ឱ្យ​ដំណើរការ​នូវ​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​ពាក់កណ្តាល​សម្រេច​នៅក្នុង​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា​កន្លងទៅនេះ​។

​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ជីប៉ា កំពង់ធំ​របស់​ក្រុមហ៊ុន​វៀតណាម​ស៊ី អ ស៊ី ខេ​បាន​ដាក់ឱ្យ​ដំណើរការ​ក្នុងការ​កែច្នៃ​ជ័រកៅស៊ូ​ន​កាលពី​ថ្ងៃទី​២៨ ខែកក្កដា ដែលមាន​សមត្ថភាព​កែច្នៃ​បាន​២​តោន​ក្នុង​១​ម៉ោង​។​

​លោក​ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ ដែល​បាន​ធ្វើជា​អធិបតីភាព​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​នោះ​ថា រហូតមកដល់​ពេលនេះ​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ជីប៉ា កំពង់ធំ បានបញ្ចប់​ការសាងសង់​ជា​ស្ថាពរ​តាម​កាលកំណត់ ដែល​បាន​គ្រោងទុក និង​បានដាក់​បញ្ចូល​ខ្សែ​បញ្ជូន​ចង្វាក់​ផលិតកម្ម​ដែលមាន​សមត្ថភាព​ផលិត ២​តោន​ក្នុង​១​ម៉ោង ឱ្យ​ដំណើរការ​។​

​លោក​បាន​បន្ថែមថា​៖« នេះ​ជា​រោងចក្រ​កែច្នៃ​កៅស៊ូ​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប ដែលជា​ការកត់សម្គាល់​នូវ​ដំណើរការ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា របស់​បុគ្គលិក​ក្រុមហ៊ុន អ្នកម៉ៅការ​សំណង់ អ្នកផ្គត់ផ្គង់​ឧបករណ៍​សម្ភារ និង​ក្រុមហ៊ុន​ជា​ដៃគូ​មួយចំនួនទៀត​បាន​ចូលរួមចំណែក​ក្នុងការ​បញ្ចប់​ការសាងសង់​រោងចក្រ​ជា​ស្ថាពរ​»​។​

 

​លោក​បាន​ថ្លែងបន្តថា ដើម្បី​បំពេញតម្រូវការ​ចាំបាច់​សម្រាប់​ការកែច្នៃ​ផលិតផល​កៅស៊ូ និង​លើកកម្ពស់​តម្លៃ​ទំនិញ​បង្កើន​ការប្រកួតប្រជែង និង​នាំមក​នូវ​ប្រសិទ្ធភាព​ក្នុង​ផលិតកម្ម និង​អាជីវកម្ម សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ វៀតណាម​បាន​យល់ព្រម​អនុញ្ញាតឱ្យ​វិនិយោគ​លើ​គម្រោង​សាងសង់​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់​ក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍​កៅស៊ូ​។​

​លោក​ក៏បាន​ថ្លែង​បញ្ជាក់ទៀតថា​៖«​ការដាក់ឱ្យ​ដំណើរការ​រោងចក្រ​កែច្នៃ​កៅស៊ូ​នៅពេលនេះ ពិតណាស់​នឹង​ក្លាយជា​ផ្នែក​មួយ​បន្ថែមទៀត​ក្នុង​ការជំរុញ​សេដ្ឋកិច្ច ជាពិសេស​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​សណ្តាន់​។ យើង​គាំទ្រ​វិនិយោគិន​វៀតណាម​បន្ត​វិនិយោគ​ក្នុង​ខេត្តកំពង់ធំ​ឱ្យបាន​កាន់តែច្រើន​បន្ថែម​ទៀត​។​

​លោក ម៉ែន សុភ័ក្ត្រ​បានលើកឡើង​ថា វត្តមាន​របស់​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ​របស់​វៀតណាម​នេះ ឆ្លុះបញ្ចាំង​អំពី​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​មកលើ​សេដ្ឋកិច្ចកម្ពុជា ជាពិសេស​រោងចក្រ​នេះ​មិន​ត្រឹមតែ​ចូលរួម​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​នាំមក​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ក្នុងការ​កែច្នៃ​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យនេះ​ផងដែរ​។​

​លោក​បាន​ថ្លែងថា​៖«​យើង​ស្វាគមន៍​រាល់​ការវិនិយោគ​លើ​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ព្រោះ​វា​បានបង្ហាញ​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​នៅ​ប្រទេស​កម្ពុជា​យើង​។ លើសពីនោះ​ទៅទៀត​រោងចក្រ​នេះ​នឹង​ផ្តល់​តម្លៃបន្ថែម​តាមរយៈ​ការបង្កើត​ការងារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក៏ដូចជា​នាំចូល​នូវ​បច្ចេកវិទ្យា​ទំនើប​មក​បំពាក់​នៅ​រោងចក្រ​ខ្លួន​ផងដែរ ជាជាង​ការដាំដុះ​រួច​នាំចេញ​តែ​វត្ថុធាតុដើម​»​។​

​បើ​យោងតាម​លោក សុភ័ក្ត្រ គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ កម្ពុ​ជាមាន​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ និង​សិប្បកម្ម​កែច្នៃ​ប្រមាណ​ជា​១០០​ទីតាំង ខណៈដែល​ប៉ុន្មាន​ឆ្នាំមុន​មាន​ជាង​១៦០​។​

​ជាមួយនឹង​វត្ត​មាននៃ​ការបន្ត​បើក​ដំណើរការ​រោងចក្រ​ផលិត​សម្បក​កង់​កៅស៊ូ​រថយន្ត​នៅ​ខេត្ត​ព្រះសីហនុ ខេត្តក្រចេះ និង​ខេត្តស្វាយរៀង នឹង​ជួយ​ស្រូប​ទាញយក​ជ័រកៅស៊ូ​ក្នុងស្រុក​នាពេលខាងមុខ​។​

​យោងតាម​អគ្គនាយកដ្ឋាន​កៅស៊ូ កម្ពុជា​បាន​រក​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០២៣ មាន​ចំនួន​១៨៧ ១០៦ ៩៤៦​ដុល្លារ ចំណែក​ការនាំចេញ​ឈើ​កៅស៊ូ មាន​ចំនួន​៨៤២ ០០៣​ដុល្លារ​។​ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ ជ័រកៅស៊ូ​មានតម្លៃ ១ ៣៤៤​ដុល្លារ ក្នុង​១​តោន ថយចុះ​ចំនួន ២៥២​ដុល្លារ ក្នុង​១​តោន ស្មើនឹង​១៥.៨១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០២២​។ ចំណែក​តម្លៃ​នៃ​ការនាំចេញ​ឈើ​កៅស៊ូ ក្នុង​រយៈពេល​ដូចគ្នានេះ មានតម្លៃ ៣០៦​ដុល្លារ ក្នុង​១​ម៉ែត្រគុប​។​

​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ផ្ទៃដី​កៅស៊ូ​សរុប ៤០៤ ៥៧៨​ហិកតា ក្នុងនោះ ផ្ទៃដី​ចៀរ​ជ័រ​មាន​ចំនួន ៣១៥ ៣៣២​ហិកតា ស្មើនឹង​៧៨​ភាគរយ និង​ផ្ទៃដី​ថែទាំ​មាន​ចំនួន ៨៩,២៤៦​ហិកតា ស្មើនឹង​២២​ភាគរយ​។​

​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​កម្ពុជា​រកចំណូលបាន​ជា​ង ៥៣១​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ ក្នុងនោះ​ចំណូល​ពី​ការនាំចេញ​ជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩​ដុល្លារ និង​ចំណូល​ពី​ការនាំចេញ​ឈើ​កៅស៊ូ ចំនួន ៤ ០៨៩ ២៧៣​ដុល្លារ​៕