Alynana Media Cambodia
Icon Collap
clinic narit

អាមេរិកជំរុញឱ្យពិភពលោកប្រាប់រុស្ស៊ីថា ល្មមឈប់ប្រើសមុទ្រខ្មៅធ្វើជាការគំរាមកំហែងទៀតទៅ

Media LNN | Aug 05, 2023
អាមេរិកជំរុញឱ្យពិភពលោកប្រាប់រុស្ស៊ីថា ល្មមឈប់ប្រើសមុទ្រខ្មៅធ្វើជាការគំរាមកំហែងទៀតទៅ
Clinic narith

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប្ល៊ីនខិន បានជំរុញប្រទេសទាំងអស់នៅអង្គការសហប្រជាជាតិ ឱ្យប្រាប់រុស្ស៊ីថាល្មមឈប់ប្រើសមុទ្រខ្មៅធ្វើជាការគំរាមកំហែង ទាមទារអ្វីមួយពីគេទៀតទៅ បន្ទាប់ពីទីក្រុងមូស្គូបានបោះបង់កិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែនដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់ទីផ្សារពិភពលោកដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។

លោក ប្ល៊ីនខិន បាននិយាយនៅពេលលោកធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីទុរភិក្ស និងអសន្តិសុខស្បៀងអាហារ បណ្តាលមកពីជម្លោះរុស្ស៊ី និង អ៊ុយក្រែន ថា សមាជិកអង្គការសហប្រជាជាតិទាំងអស់គួរតែប្រាប់ទីក្រុងម៉ូស្គូថា«ល្មមគ្រប់គ្រាន់ហើយសម្រាប់រុស្ស៊ី»។

លោក ប្ល៊ីនខិន បានបញ្ជាក់ប្រាប់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិដែលមានសមាជិក ១៥រូបថា «រុស្ស៊ីគ្រប់គ្រាន់ហើយក្នុងការប្រើសមុទ្រខ្មៅធ្វើជាការគំរាមកំហែងដើម្បីទាមទារអ្វីមួយតាមខ្លួនចង់បាន និងល្មមគ្រប់គ្រាន់ហើយក្នុងការចាត់ទុកមនុស្សងាយរងគ្រោះបំផុតនៅក្នុងពិភពលោកធ្វើជាអានុភាពរបស់ខ្លួន»

លោក ប្ល៊ីនខិន បានប្រកាសថាប្រទេសជិត៩០បានគាំទ្រសេចក្តីថ្លែងការណ៍ខ្លីមួយរបស់សហរដ្ឋអាមេរិកដោយពួកគេបានប្តេជ្ញាចិត្តថា«នឹងចាត់វិធានការដើម្បីបញ្ចប់ការប្រើស្បៀងអាហារធ្វើជាអាវុធនៅក្នុងសង្គ្រាម និងការអត់ឃ្លានរបស់ជនស៊ីវិលជាយុទ្ធសាស្ត្រនៃការធ្វើសង្គ្រាម»។

អាមេរិក សហភាពអឺរ៉ុប និងប្រទេសផ្សេងទៀតបានចោទរុស្ស៊ីថាបានប្រើស្បៀងធ្វើជាអាវុធនៃសង្គ្រាមធ្វើឱ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែឡើងថ្លៃនៅពេលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែអាមេរិកមិនបានបញ្ចេញចំឈ្មោះប្រទេសណាមួយនោះទេ។

លោក ប្ល៊ីនខិន បានបន្ថែមថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិថ្មីចំនួន៣៦២លានដុល្លារដើម្បី«ដោះស្រាយអ្នកប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងអាហារ និងដើម្បីបង្កើនភាពរឹងមាំស្បៀងអាហារ»នៅក្នុងប្រទេសអាហ្វ្រិកចំនួន១១ និងប្រទេសហៃទី។

ទន្ទឹមនេះដែរ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តសេចក្ដីថ្លែងការណ៍ផ្លូវការមួយពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសន្តិសុខសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការបដិសេធចែកចាយជំនួយមនុស្សធម៌ដោយខុសច្បាប់ និងការប្រើការស្រេកឃ្លានអាហាររបស់ជនស៊ីវិលធ្វើជាវិធីសាស្ត្រនៃការធ្វើសង្គ្រាមព្រោះវាជាវិធីមួយដែលត្រូវបានហាមឃាត់នៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ៕