តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆមាសទី១ឆ្នាំ២០២៣នេះ ប្រតិបត្តិការទូទាត់សងប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនមានជាង៣រយលានប្រតិបត្តិការកើនឡើង៥៨% និងមានទំហំទឹកប្រាក់ជាង ៥៨ពាន់លានដុល្លារ កើនឡើងជាង៩៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយទំហំនេះស្មើនឹងជិត ២០០% នៃផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា។
តាមរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០២៣របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា វិស័យទូទាត់សងប្រាក់ សេវាទូទាត់ឌីជីថលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការដាក់ចេញនូវផលិតផល និងសេវាថ្មីៗ ដែលផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ការរីកចម្រើនទាំងនេះអាចសម្រេចទៅបានដោយសារការដាក់ចេញបទប្បញ្ញត្តិ ដែលមានភាពអំណោយផលដល់ការប្រកួតប្រជែងរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ និងយន្តការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់របស់ធនាគារជាតិនៃកម្ពុជា។ ជាក់ស្តែងគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ មានគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់សរុបចំនួន ៣៥ ទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន២ទទួលបានលិខិតអនុញ្ញាតធ្វើប្រតិបត្តិការទូទាត់សងប្រាក់ ដោយមានអតិថិជនចុះឈ្មោះបង្កើតគណនីអីវ៉ាឡេតសរុបជាង ២០លានគណនី។ ជាមួយគ្នានេះ ប្រតិបត្តិការទូទាត់សងប្រាក់បានកើនឡើងប្រមាណ៥៨ % ពីជាង២១១លានប្រតិបត្តិការទៅជាង៣៣៣លានប្រតិបត្តិការ និងមានទំហំទឹកប្រាក់កើនឡើងជាង៩៨% ពីជាង២៩ពាន់លានដុល្លារទៅជាង៥៨ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឬស្មើប្រមាណជិត២០០% នៃផ.ស.ស។
មិនតែប៉ុណ្ណោះ ការទូទាត់តាមរយៈ KHQR Code ទទួលបានការពេញនិយមគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមខែមេសា ឆ្នាំ២០២៣ ចំនួនប្រតិបត្តិការទូទាត់តាម KHQR Code មានការកើនឡើងជាលំដាប់ក្នុងនោះប្រតិបត្តិការជារៀលមានចំនួនជិត ១៧ម៉ឺនប្រតិបត្តិការ គិតជាទឹកប្រាក់មានចំនួន ៩៧ពាន់លានរៀល និងប្រតិបត្តិការជាដុល្លារមានចំនួនជាង២១ម៉ឺនប្រតិបត្តិការ គិតជាទឹកប្រាក់មានចំនួន៣៨ លានដុល្លារ។
សូមបញ្ជាក់ថា ក្នុងគោលបំណងពង្រឹងកិច្ចសហការលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ឆ្លងដែន ធនាគារជាតិនៃកម្ពុជាបាន និងគ្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ជាមួយប្រទេសមួយចំនួនក្នុងតំបន់ដូចជា ថៃ ម៉ាឡេស៊ី ឡាវ និងវៀតណាម ហើយក៏បានពង្រឹងផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយប្រទេសហ្វីជី កោះសូឡូម៉ូន និងប្រទេសរវ៉ាន់ដា ដើម្បីចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុរវាងគ្នានិងគ្នាផងដែរ៕