គិតត្រឹមរយៈពេល៧ខែ ដើមឆ្នំា២០២៣នេះ កម្ពុជាបាននំាចេញកសិផលបានជាង៤,៥តោន គិតជាទឹកប្រាក់ ប្រមាណ២.៦២៩លានដុល្លារអាមេរិក។ នេះបើ់យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញកសិផលក្នុងរយៈពេល៧ខែ ឆ្នំា២០២៣ របស់អគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញថាការនាំចេញកសិផលទៅក្រៅប្រទេ សដែលអគ្គនាយកដ្ឋានកសិកម្ម ទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង ៤,៥តោន ក្នុងនោះអង្ករមានចំនួនជាង៣៦ម៉ឺនតោន, ស្រូវមានជាង១,៥លានតោន និងកសិផលក្រៅពីស្រូវ អង្ករមានជាង២,៦លានតោន ទៅកាន់ទិសដៅ៦៨ប្រទេស មានការថយចុះជាង១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នំា២០២២។
របាយការណ៍ដដែលគូសបញ្ជាក់ថា «ក្នុងរយៈពេល៧ខែ ដើមឆ្នំា២០២៣ ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនំាចេញកសិផលមានចំនួនជាង២.៦២៩លានដុល្លារអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានជាង៣១៣លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង៥០៤លានដុលា្លរអាមេរិក និងតម្លៃការនំាចេញកសិផលក្រៅពីស្រូវអង្ករមានជាង១.៨១១លានដុល្លារអាមេរិក»។
របាយការណ៍លើកឡើងថា ការនាំចេញកសិផលក្នុងរយៈពេល៧ខែ ឆ្នំា២០២៣ មានការថយចុះជាង១៩% ដោយសារ វិបត្តិសេដ្ឋកិច្ចសកលលោក បណ្តាលឱ្យការបញ្ជាទិញទំនិញគ្រប់ប្រភេទមានការថយចុះ និងបង្អាក់ចរន្តពាណិជ្ជកម្ម,កំណើននៃការស្រូបទាញយកវត្ថុធាតុដើមក្នុងស្រុកដើម្បីផលិតចំណីសត្វ និងការកែច្នៃក្នុងប្រទេសបណ្តាលឱ្យមានកំណើននៃការស្រូបយកកសិផលស្រស់មកកែច្នៃ, ផលិតកម្មដំណំាមួយចំនួនមានការថយចុះ ដោយសារស្ថានភាពមិនច្បាស់លាស់ខាងទីផ្សារ និងបញ្ហាបម្រែបម្រួលអាកាសធាតុនំាឱ្យប៉ះពាល់ដល់ទិន្ន័យ និងគុណភាពនៃដំណំា, ការនាំចេញដោយគ្មានការស្នើសុំវិញ្ញាបនបត្រភូតគាមអនាម័យ តាមច្រករបៀងទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ មួយចំនួនមិនមានការកត់ត្រា។
តាមរបាយការណ៍ជាដំណោះស្រាយចំពោះមុខ គឺជំរុញវិស័យឯកជនស្វែងរកដៃគូបញ្ជាទិញឱ្យបានច្រើនជាងទីផ្សារដែលមានស្រាប់, ជំរុញការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ដើម្បីលើកកម្ពស់ផលិតភាពនិងជំរុញការនាំចេញផលិតផលកែច្នៃ,ជំរុញការផ្សព្វផ្សាយអំពីផលិតផលកសិកម្មកម្ពុជាឱ្យកាន់តែទូលំទូលាយនៅក្នុងវេទិកានិងពិព័រណ៍នានា ដើម្បីទាក់ទាញការវិនិយោគ និងពង្រីកទីផ្សារផលិតផលកសិកម្មកម្ពុជា,ជំរុញវិស័យឯកជនក្នុងការចូលរួមវិនិយោគលើការផលិតធាតុចូលកសិកម្ម នៅក្នុងស្រុកដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម។
របាយការណ៍ធ្វើការសន្និដ្ឋានថា កំណើននៃការកែច្នៃកសិផល បានជួយស្រូបយកវត្ថុធាតុដើមក្នុងស្រុក ដោយបានចូលរួមចំណែកបង្កើនតម្លៃបន្ថែមដល់ខ្សែច្រវាក់តម្លៃដំណាំ,ថ្វីត្បិតតែការនំាចេញកសិផលពីទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់អ្នកផលិតឬមានបញ្ហាចាល់លក់មិនអស់នោះឡើយ៕