សមាជិកក្រុមប្រឹក្សានៃទេសាភិបាលធនាគារកណ្ដាលអាមេរិកម្នាក់បានលួចបង្ហើយឱ្យដឹងថា ធនាគារកណ្ដាលអាមេរិកទំនងជានឹងត្រូវធ្វើការដំឡើងអត្រាការប្រាក់គោលបន្ថែមទៀតមួយកម្រិតទៀត ដើម្បីកាត់បន្ថយអតិផរណាឱ្យមកស្ថិតនៅក្នុងកម្រិតមួយតាមការកំណត់របស់ធនាគារនេះ ក្រោយពីបានដំឡើងអត្រាការប្រាក់គោល ០,២៥%ក្នុងកិច្ចប្រជុំលើក១២កាលពីចុងខែកក្កដា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗ។
លោកស្រី មីឆែល បូម៉េន (Michelle Bowman) ជាសមាជិក ក្រុមប្រឹក្សាទេសាភិបាលនៃធនាគារកណ្ដាលអាមេរិកបាននិយាយកាលពីថ្ងៃសៅរ៍ ទី៥ ខែសីហាថា លោកស្រីរំពឹងថា ធនាគារកណ្ដាលអាមេរិកទំនងជានឹងត្រូវការដំឡើងអត្រាការប្រាក់គោលបន្ថែមទៀតដើម្បីធ្វើឱ្យកម្រិតអតិផរណាស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅ ២% ត្រឡប់មកវិញ។
លោកស្រី បូម៉េន បាននិយាយថា លោកស្រីបានគាំទ្រដល់ការដំឡើងអត្រាការប្រាក់ ០,២៥%របស់ធនាគារកណ្ដាលអាមេរិកកាលពីខែមុនដោយសារកម្រិតអតិផរណានៅតែខ្ពស់ដែលធ្វើឱ្យអ្នកប្រើប្រាស់ចំណាយកាន់តែច្រើន ការស្ទុះងើបឡើងវិញនៅក្នុងទីផ្សារលំនៅឋាន និងទីផ្សារការងារដែលកំពុងតែជួយជំរុញបង្កើនតម្លៃកាន់តែខ្ពស់ថែមទៀត។
លោកស្រីបានបន្ថែមថា គោលនយោបាយរូបិយវត្ថុមិនស្ថិតនៅលើ «ផ្លូវដែលត្រូវកំណត់ជាមុន» នោះទេ ហើយទិន្នន័យនឹងជំរុញឱ្យមានការសម្រេចចិត្តនាពេលអនាគត ដោយលោកស្រីបានបន្ថែមថា ពួកគេគួរតែបន្តឆន្ទៈក្នុងការបង្កើនអត្រាមូលនិធិសហព័ន្ធនៅឯកិច្ចប្រជុំនាពេលខាងមុខ បើទោះបីជា ទិន្នន័យក្នុងពេលខាងមុខបានបង្ហាញថា កំណើន អតិផរណានៅទ្រឹងក្ដី។
លោកស្រី បូម៉េន តែងតែបញ្ចេញទស្សនៈដែលមានភាពស្រពិចស្រពិលជាងមិត្តរួមការងារមួយចំនួនទៀតរបស់លោកស្រី។
នៅក្នុងព្យាករណ៍ដែលបានចេញផ្សាយនៅក្នុងខែមិថុនា អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្ដាលអាមេរិកភាគច្រើនរំពឹងថា នឹងបញ្ចប់ឆ្នាំនេះ ជាមួយអត្រាការប្រាក់គោលរបស់ធនាគារកណ្ដាលអាមេរិកនៅត្រឹមកម្រិត ៥,៦% ។
បន្ទាប់ពីការដំឡើងអត្រាការប្រាក់ថ្មីៗនេះប្រធានធនាគារកណ្ដាលលោក ជេរ៉ូម ផៅវែល បានទុកឱ្យទ្វារបើកចំហសម្រាប់ការដំឡើងម្ដងទៀតនៅក្នុងខែកញ្ញា ប៉ុន្តែក៏បានផ្តល់សញ្ញាដែរថា អតិផរណាធ្លាក់ចុះអាចជំរុញឱ្យផ្អាកការដំឡើងអត្រាការប្រាក់នេះជាបន្តទៀត។
លោកស្រី បូម៉េន បានកត់សម្គាល់ពីវឌ្ឍនភាពមួយចំនួនពាក់ព័ន្ធនឹងអតិផរណា ដែលតាមសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់អត្រាប្រចាំឆ្នាំ៣%ក្នុងខែមិថុនា គឺបានធ្លាក់ចុះពីកម្រិត៩%នៅក្នុងឆមាសទី១ឆ្នាំមុន។
ដោយឡែក របាយការណ៍ទីផ្សារការងារប្រចាំខែរបស់ក្រសួងការអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃទី ៤សីហា បានបង្ហាញថា ការជួលបុគញគលមានការថយចុះនៅក្នុងខែមិថុនា ប៉ុន្ដែ អត្រាគ្មានការងារធ្វើ គឺស្ថិតនៅក្នុងកម្រិត ៣,៥% ដែលនៅតែមានល្បឿនយឺតនៅឡើយ។ ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់ធនាគារកណ្ដាលអាមេរិកបានកត់សម្គាល់ឃើញថា នៅតែមានការងារច្រើនទៀតដែលនៅទំនេរ ច្រើនជាងចំនួនកម្មករដែលធ្វើការងារនៅក្នុងវិស័យនោះ។
ទន្ទឹមនឹងនេះ ធនាគារនានាក៏បន្ដបង្កើនការផ្ដល់កម្ចី ទៅកាន់ក្រុមគ្រួសារពលរដ្ឋ និងអាជីវកម្ម ទោះបីជាការផ្ដល់កម្ចីទាំងនោះ មានល្បឿនយឺតជាងមុនក្ដី៕