ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នៅសប្ដាហ៍នេះ នឹងដាក់ចេញបញ្ជាមួយដែលគេបានទន្ទឹងរង់ចាំជាយូរមកហើយ ដើម្បីត្រួតពិនិត្យលើការវិនិយោគទៅកាន់ប្រទេសចិន ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាសំខាន់។ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះនិងបានចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។
មន្ត្រីនាំពាក្យសេតវិមានម្នាក់បាននិយាយថា លោក បៃដិន គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាអនុវត្តមួយ ដើម្បីទប់ស្កាត់ការនាំចេញគ្រឿងបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសចិននៅដើមសប្ដាហ៍នេះ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបានផ្ដល់ព័ត៌មានលម្អិតនោះទេ។
គោលដៅនៃការដាក់ចេញនូវបទបញ្ជានេះ គឺដើម្បីទប់ស្កាត់មូលធន និងអ្នកជំនាញរបស់សហរដ្ឋអាមេរិកមិនឱ្យជួយពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យា ដែលនឹងគាំទ្រដល់ទំនើបកម្មយោធារបស់ប្រទេសចិន និងគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
ប្រភពខ្លះបាននិយាយថា បទបញ្ជានេះត្រូវបានគេរំពឹងថា នឹងកំណត់គោលដៅលើភាគហ៊ុនឯកជនរបស់សហរដ្ឋអាមេរិក ដើមទុនបណ្តាក់ទុនរួម និងការវិនិយោគរួមគ្នានៅក្នុងប្រទេសចិននៅក្នុងវិស័យបន្ទះឈីប គ្រឿងកុំព្យូទ័រ និងបញ្ញាសិប្បនិម្មិត។ ការវិនិយោគភាគច្រើនដែលកំណត់នៅក្នុងបទបញ្ជានេះនឹងតម្រូវឲ្យជូនដំណឹងទៅកាន់រដ្ឋាភិបាលស្ដីពីការវិនិយោគទាំងនោះ ហើយមានប្រតិបត្តិការមួយចំនួននឹងត្រូវបានហាមឃាត់ផងដែរ។
លោក ខូដែល ហាល់ (Cordell Hull) អតីតមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា បទបញ្ជានេះនឹងបំពេញចន្លោះប្រហោងនៅក្នុងការគ្រប់គ្រងពាណិជ្ជកម្ម និងការវិនិយោគរបស់អាមេរិក។
បទប្បញ្ញត្តិខ្លះត្រូវបានគេរំពឹងថា នឹងមិនទាន់ចូលជាធរមានភ្លាមៗនោះទេ ហើយរដ្ឋបាលរបស់លោក បៃដិន នឹងស្នើសុំការអត្ថាធិប្បាយលើសំណើរបស់ខ្លួនមួយចំនួន ខណៈដែលរដ្ឋបាលនេះបានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ និងបានពិភាក្សាជាមួយសម្ព័ន្ធមិត្តហើយផងដែរ។
ចំណែកប្រទេសចិនក៏នឹងចាត់វិធានការឆ្លើយតបចំពោះវិធានការរបស់សហរដ្ឋអាមេរិកបែបនេះផងដែរ ដោយលោក លឺ ផេងយូ (Liu Pengyu) មន្ត្រីនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបាននិយាយថា សហរដ្ឋអាមេរិកតែងតែធ្វើនយោបាយលើបញ្ហាបច្ចេកវិទ្យា និងពាណិជ្ជកម្ម ហើយប្រើប្រាស់វាធ្វើជាឧបករណ៍ និងអាវុធក្នុងនាមសន្តិសុខជាតិ។
លោក លឺ បាននិយាយថា ប្រទេសចិនក៏នឹងអនុវត្តតាមព្រឹត្តិការណ៍វិវត្តចុងក្រោយរបស់អាមេរិក និងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិនផងដែរ៕