ពិតជាដំណឹងដ៏ល្អមួយ សម្រាប់ប្រជាជនកម្ពុជា ខណៈពេលដែលថ្មីៗនេះមានក្រុមហ៊ុនបរទេសចំនួន ២ គឺប្រទេសកូរ៉េ និងប្រទេសជប៉ុន បានបង្ហាញចំណាប់អារម្មណ៍ចង់មកបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោក។
ជាក់ស្តែង កាលពីកន្លងទៅ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD ដែលជាក្រុមហ៊ុនហ៊ុន១របស់ជប៉ុន។ នៅក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹងសម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជាផងដែរ។
ទាក់ទងនឹងកិច្ចការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹងសម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា។ ឯកឧត្តម ក៏បានកោតសរសើរចំពោះគំនិតច្នៃប្រឌិតក្នុងការកែច្នៃសម្រកចន្ទីទៅជាឥន្ធនៈ ប៉ុន្តែកិច្ចការងារនេះត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ហើយបានណែនាំឱ្យធ្វើការពិចារណាលើកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។
ជាមួយគ្នានោះដែរ ថ្មីៗនេះ យោងតាមការចុះផ្សាយដោយក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស លើគម្រោងសិក្សាលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះ លោកបណ្ឌិត Heo Jang បានជម្រាបអំពីបំណងក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថាកន្លងមកស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ ហេតុដូចនេះ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េមានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោក។
បន្ថែមពីលើនេះ ឯកឧត្តមក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕