Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អូស្ត្រាលី ​ក្នុង​ឆមាស​ទី​១ ​សម្រេចបាន​ជិត ២៦០លាន​ដុល្លារ​

Media LNN | Aug 08, 2023
ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អូស្ត្រាលី ​ក្នុង​ឆមាស​ទី​១ ​សម្រេចបាន​ជិត ២៦០លាន​ដុល្លារ​
Clinic narith

(ភ្នំពេញ)៖​ ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អូស្ត្រាលី ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២៣ សម្រេចបាន​ក្នុង​ទឹកប្រាក់​ជិត ២៦០ ​លាន​ដុល្លារ ដែល​ប្រហាក់ប្រហែល​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០២២ខណៈ​តុល្យភាព​នៃ​ជញ្ជីងពាណិជ្ជកម្ម​គឺ​កម្ពុ​ជាមាន​ឧត្តមភាព ១០២ លាន​ដុល្លារ​។ នេះ​បើតាម​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។​

​តារាង​ជញ្ជីង​​ពាណិជ្ជកម្ម​អន្តរជាតិ​កម្ពុជាបង្ហាញថា ពី​ខែមករា​-​ខែមិថុនា ឆ្នាំ​ ២០២៣ ការផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា-អូស្ត្រាលី មាន​ទឹកប្រាក់​សរុប ២៥៨,១៤​លាន​ដុល្លារ ថយចុះ ០,០០៦ភាគរយ​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ ​២០២២ ដែលមាន ២៥៨,១៦លាន​ដុល្លារ​។ ក្នុងចំណោម​ទឹក​ប្រាក់​ខាងលើ​គឺ​ទំនិញ​កម្ពុជា​នាំទៅ​អូស្ត្រាលី ចំនួន ១៨០,៤១​លាន​ដុល្លារ ធ្លាក់ចុះ ០,៤​ ភាគ​រយ​ពី​ ១៨១,០៩​លាន​ដុល្លារ និង​អូស្ត្រាលី​នាំមក​កម្ពុ​ជាមាន​ចំនួន ៧៧,៧៣​លាន​ដុល្លារ កើនឡើង ០,៩​ភាគរយ​ពី​ចំនួន ៧៧,០៧​លាន​ដុល្លារ​។​

​អូស្ត្រាលី គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំ​ទី១៨ របស់​កម្ពុជា ដែល​នាំមុខ​ដោយ​ប្រទេស​មួយចំនួន​ដូចជា ចិន អាមេរិក វៀតណាម ថៃ ជប៉ុន សិង្ហ​បុរី ឥណ្ឌូនេស៊ី និង​អាល្លឺម៉ង់ ជាដើម​។ សម្រាប់​តុល្យភាព​ជញ្ជីងពាណិជ្ជកម្ម គឺ​កម្ពុ​ជាមាន​ឧត្តមភាព​លើ​អូ​ស្ត្រា​លី ១០២,៦៨​លាន​ដុល្លារ​។ នេះ​បើតាម​តារាង​ខាងលើ​។​

​អ្នកសេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៧ ខែសីហា​ថា ទោះ​ទំហំ​ពា​ណិ​​ជ្ជ​កម្ម​ប្រទេស​ទាំង​ ២ ​មិនធំ​ដូច​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ ប៉ុន្តែ​អូស្ត្រាលី​អាច​ចាត់ទុកជា​ប្រទេស​ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុ​ជាច្រើន​ផងដែរ​។ បច្ចុប្បន្ន​ក្រៅពី​ការបញ្ជាទិញ​ទំ​និ​ញ​ពី​កម្ពុជា ក៏មាន​វិនិយោគិន​អូស្ត្រាលី​មួយចំនួន​កំពុង​វិ​និ​យោគ​នៅ​កម្ពុជា​ដែរ​។

លោក​បន្ថែមថា ក្នុងនាម​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ​(RCEP) ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង ​២ នឹង​កើនឡើង​ពេល​សេដ្ឋកិច្ច​ពិភព​លោក​ល្អប្រសើរ​ឡើងវិញ​។​

​លោក​ថ្លែងថា​៖ «​ទីតាំង​ភូមិ​សាស្ត្រ និង RCEP នឹង​ជួយ​ឱ្យ​ការនាំចេញ​-​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ ២ កើនឡើង​ថែម​ទៀត​នាពេលខាងមុខ ខណៈ​បច្ចុប្បន្ន​កម្ពុជា​ក៏មាន​ផលិតផល​ចម្រុះ​ជាច្រើន​ដែលមាន​គុណ​ភាព​ស្តង់ដា​អន្តរជាតិ​សម្រាប់​នាំចេញ​»​។​

​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បានឱ្យដឹងថា ដោយ​មើលឃើញ​ពី​សក្តានុពល​នៃ​ទីផ្សារ​អូស្ត្រាលី សភាពាណិជ្ជកម្ម​កម្ពុជា​កាលពី​ខែឧសភា​បានប្រកាស​បើក​កា​រិ​យា​ល័យ​តំណាង​របស់ខ្លួន ២ កន្លែង​នៅ​ប្រទេស​អូស្ត្រាលី គឺ​ក្នុង​ទីក្រុង​មែ​ល​ប៊​ន និង​ស៊ីដនី​។ ការិយាល័យ​តំណាង​នេះ​នឹង​ជួយ​ផ្តល់ព័ត៌មាន ក៏ដូចជា​ទាក់​​ទាញ​អ្នកវិនិយោគ​ឱ្យមក​វិ​និ​យោគ​នៅ​កម្ពុជា​កាន់តែច្រើន​។ បច្ចុប្បន្ន​វិស័យ​ដែល​វិនិយោគិន​​អូស្ត្រាលី​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​មានដូចជា រ៉ែ ឧស្សាហ​កម្ម និង​កសិកម្ម ជាដើម​។​

​លោក​ថ្លែងថា​៖ «​ក្រៅពី​វិ​និ​យោគ និង​នាំ​ទំនិញ​ពី​កម្ពុជា អូស្ត្រាលី ក៏​កំពុង​ផ្តល់ជំនួយ​ជាច្រើន​ដល់​កម្ពុជា​ផងដែរ​»​។​

​យោងតាម លោក លឹម ហេង ផលិតផល​សក្តានុពល​ដែល​កម្ពុជា​នាំទៅ​អូស្ត្រាលី មាន​ដូច​ជា ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​កសិផល ចំណែក​អូស្ត្រាលី​នាំចូល​មកវិញ រួមមាន ផលិត​ផល​អេឡិចត្រូនិក ឱសថ និង​យានយន្ត ជាដើម​។​

​ក្នុង​ឆ្នាំ​ ២០២២ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា អូស្ត្រាលី មាន​ចំនួន​សរុប ៥២៣,៦១​ លាន​ដុល្លារ កើនឡើង ៦០,៩​ ភាគ​​រយ​ធៀប​នឹង​ឆ្នាំ​ ២០២១ ដែលមាន ៣២៥,៤៧​ លាន​ដុល្លារ​។ កម្ពុជា​នាំ​ទំនិញ​ទៅ​អូស្ត្រាលី ចំនួន ៣៧៩,០៣​ លាន​ដុល្លារ កើន ៨៤,៦ ​ភាគរយ និង​ទំនិញ​នាំ​ពី​អូស្ត្រាលី​ចំនួន ១៤៤,៥៨ លាន​ដុល្លារ កើនឡើង ២០,៣ ភាគរយ​។ បើ​ផ្អែក​តាម​ទិន្នន័យ​គឺ​ជញ្ជីងពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព​ប្រមាណ ២៣៤,៤៦ លាន​ដុល្លារ​៕