Alynana Media Cambodia
Icon Collap
clinic narit

តើហេតុអ្វីចិន មិនជំរុញរុស្ស៊ីឱ្យវិលចូលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅវិញ?

Media LNN | Aug 08, 2023
តើហេតុអ្វីចិន មិនជំរុញរុស្ស៊ីឱ្យវិលចូលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅវិញ?
Clinic narith

ប្រទេសចិន នឹងខាតបង់សេដ្ឋកិច្ចធំធេងពីការដួលរលំនៃគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅក្រោយរុស្ស៊ីដកខ្លួនចេញកាលពីខែមុន។ ប៉ុន្តែអ្នកជំនាញថា ទីក្រុងប៉េកាំងប្រហែលជានឹងមិនងាកទៅដាក់សម្ពាធលើប្រទេសរុស្ស៊ីដើម្បីឱ្យម៉ូស្គូ វិលចូលកិច្ចព្រមព្រៀងនេះវិញឡើយ។

ក្រោមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលផ្តួចផ្តើមឡើងកាលពីខែកក្កដាឆ្នាំមុន បានអនុញ្ញាតឱ្យផលិតផលកសិកម្មអ៊ុយក្រែនប្រហែលជិត ៣៣លានតោនរួមមាន ស្រូវសាលី ស្រូវបាឡេ និងពោត ត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោក ចំពេលដែលសង្គ្រាមកំពុងវាយប្រហារសេដ្ឋកិច្ចពិភពលោក។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។

ប្រទេសចិនគឺជាប្រទេសដែលបាននាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនធំជាងគេបំផុតមួយ ក្រោមកិច្ចព្រមព្រៀងសមុទ្រខ្មៅនេះ។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ ផលិតផលកសិកម្មអ៊ុយក្រែនប្រមាណជិត ៨លានតោន ឬស្មើនឹងជិតមួយភាគបួននៃគ្រាប់ធញ្ញជាតិសរុបដែលត្រូវបាននាំចេញ គឺបាននាំចេញទៅប្រទេសចិន។ ក្នុងនោះមានពោតជិត៦លានតោន អាហារគ្រាប់ផ្កាឈូករ័ត្នជិត ២លានតោន ប្រេងផ្កាឈូករ័ត្ន ៣៧ម៉ឺនតោន និងស្រូវបាឡេ ៣៤ម៉ឺនតោន។

បើតាម លោក Willy Wo-Lap Lam អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Jamestown ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន មានការយល់ឃើញថា ទោះបីជាការដួលរលំនៃកិច្ចព្រមព្រៀងនេះពិតជាធ្វើឱ្យខូតខាតសេដ្ឋកិច្ចចិនមែន ក៏ប៉ុន្តែប្រធានាធិបតីចិនលោកស៊ី ជិនពីងនឹងនៅតែបន្តគាំទ្រលោកពូទីនតទៅទៀត ពោលគឺមិនឈរខាងសហរដ្ឋអាមរិកដែលជាគូប្រជែង និងសម្ព័ន្ធមិត្តលោកខាងលិចរបស់គេទេ។ លោកវីលី ថាការពឹងផ្អែកកាន់តែខ្លាំងលើគ្រាប់ធញ្ញជាតិអ៊ុយក្រែន និងការពង្រីកខ្លួនរបស់ណាតូមកកាន់ភាគខាងកើតដូចជាជប៉ុន កូរ៉េខាងត្បូង និងអូស្ត្រាលី កំពុងបង្កជាក្តីកង្វល់ភូមិសាស្ត្រនយោបាយនិងសន្តិសុខជាតិដ៏ធំសម្រាប់មេដឹកនាំចិន។ ដូចនេះហើយលោកស៊ី ជិនពីង សង្ឃឹមថានឹងអាចកៀរគរប្រទេស សម្ព័ន្ធមិត្តអត្តាធិបតេយ្យផ្សេងទៀតដូចជារុស្ស៊ី អ៊ឺរ៉ង់ ប៉ាគីស្ថានដើម្បីទប់ទល់នឹងឥទ្ធិពលអាមេរិក។

បើតាមមន្ត្រីអ៊ុយក្រែនដែលប្រាប់Nikkei Asiaក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឱ្យដឹងថា ប្រទេសចិនមិនបានបញ្ចុះបញ្ចូលរុស្ស៊ីឱ្យចូលមកកិច្ចព្រមព្រៀងនេះវិញទេ «ទោះបីជាចិនមានឥទ្ធិពលក្នុងការធ្វើបែបនោះ»។ មន្ត្រីអ៊ុយក្រែនរូបនេះបន្ថែមថា ចិនគឺជាប្រទេសដែលទទួលផលប្រយោជន៍ច្រើនជាងគេមួយពីកិច្ចព្រមព្រៀងធញ្ញជាតិសមុទ្រខ្មៅ តែប៉េកាំងជ្រើសរើសមិនអើពើជំរុញម៉ូស្គូបន្តវាតទៅទៀត។ ខុសពីប្រទេសបច្ចឹមលោក ចិនពិតអាចប្រើឥទ្ធិពលក្នុងការធ្វើវា ហើយក៏អាចមានទឹកមាត់ប្រៃក្នុងការរុញឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមដែរ។ តែមន្ត្រីរូបនេះថា នៅពេលសង្គ្រាមបន្តអូសបន្លាយ រុស្ស៊ីនិងលោកខាងលិចជាអ្នកខ្សោះធនធានទៅៗ រីឯចិនជាអ្នកប្រមូលផល ដូចជាការទិញប្រេងថោកៗពីរុស្ស៊ី និងធ្វើឱ្យមហាយោធាមួយនេះពឹងផ្អែកលើសេដ្ឋកិច្ចចិនកាន់តែខ្លាំងដែរ។

ដោយឡែក លោក Alexander Gabuev ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ Carnegie Russia Eurasia មានទស្សនយល់ឃើញបែបផ្សេងថា «ប្រទេសចិនចាប់អារម្មណ៍លើការស្តារឡើងវិញនូវគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ប៉ុន្តែទីក្រុងប៉េកាំងទំនងជាយល់ថារុស្ស៊ីមិនចាប់អារម្មណ៍ក្នុងការវិលត្រឡប់ចូលវិញទេ។ លោកបានគូសបញ្ជាក់ថា ចិនមិនចង់ចូលរួមជាមួយលោកខាងលិចដាក់សម្ពាធលើទីក្រុងម៉ូស្គូឡើយ ត្បិតប៉េកាំងក៏អាចរកទីផ្សារផលិតផលកសិកម្មពីប្រទេសផ្សេងមកជំនួសអ៊ុយក្រែនរួមទាំងប្រទេសរុស្ស៊ីផ្ទាល់តែម្តង»៕