ក្រុមហ៊ុនដឹកជញ្ជូនទំនិញរបស់សហរដ្ឋអាមេរិកដ៏ធំមួយឈ្មោះ Yellow Corp ដែលបានធ្វើប្រតិបត្តិការរយៈពេលជិត១០០ឆ្នាំមកហើយនេះ បានដាក់ពាក្យសុំក្ស័យធនកាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ក្រោយពីបានជំពាក់បំណុលគេវ័ណ្ឌក និងបន្ទាប់ពីការចរចារគ្នាដ៏តានតឹងស្ដីពីកិច្ចសន្យាមួយចំនួនជាមួយ សហជីព ធីមស្ទើ យូនៀន (Teamsters Union)។
យោងតាមពាក្យសុំក្ស័យធនដែលក្រុមហ៊ុន យែលឡូ បានដាក់ទៅតុលាការក្រុងដេឡាវែរ (Delaware) បានឱ្យដឹងថា ក្រុមហ៊ុននេះមានទ្រព្យសម្បត្តិ និងបំណុលប្រមាណពី ១ពាន់លានដុល្លារទៅ១០ពាន់លានដុល្លារជាមួយនឹងម្ចាស់បំណុលចំនួនជាង១០ម៉ឺននាក់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
លោក ដារ៉េន ហកឃីន (Darren Hawkins) នាយកប្រតិបត្តិក្រុមហ៊ុន យែលឡូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា វាជាការខកចិត្តយ៉ាងខ្លាំងដែលក្រុមហ៊ុន យែលឡូ បានប្រកាសថា ខ្លួននឹងបិទទ្វារបន្ទាប់ពីបានធ្វើអាជីវកម្មជិត១០០ឆ្នាំមកនេះ។
ក្រុមហ៊ុន យែលឡូ ដែលគេហៅថាក្រុមហ៊ុន YRC Worldwide នោះគឺជាក្រុមហ៊ុនដឹកទំនិញដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក និងជាតួអង្គដ៏លេចធ្លោមួយនៅក្នុងផ្នែកដឹកទំនិញតាមរថយន្តធំៗសម្រាប់អតិថិជនជាច្រើនរួមទាំងក្រុមហ៊ុនលក់រាយធំៗដូចជាក្រុមហ៊ុន Walmart និងក្រុមហ៊ុន Home Depot ព្រមទាំងក្រុមហ៊ុនផលិតមួយចំនួនទៀតផងដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុនមួយចំនួនដែលជាអតិថិជនរបស់ក្រុមហ៊ុន យែលឡូ បានសម្រេចផ្អាកការដឹកជញ្ជូនជាមួយក្រុមហ៊ុននេះដោយសារបារម្ភថាពួកគេអាចនឹងខាតបង់ ឬជាប់គាំងទំនិញរបស់ពួកគេប្រសិនបើក្រុមហ៊ុនដឹកជញ្ជូនដ៏ធំមួយនេះបានក្ស័យធនមែននោះ។
ការដាក់ឯកសារការពាការក្ស័យធនរបស់ក្រុមហ៊ុន យែលឡូ នេះបានធ្វើឡើងបន្ទាប់ពីសហជីព Teamsters បាននិយាយកាលពីចុងខែមុននេះថា គេបានជូនដំណឹងថាក្រុមហ៊ុននេះកំពុងបញ្ឈប់ប្រតិបត្តិការ។
ក្រុមហ៊ុននេះកំពុងស្ថិតក្នុងដំណើរការចរចាជាមួយសហជីពនេះជុំវិញគំនិតផ្តួចផ្តើមពីការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញដើម្បីបង្កើនប្រសិទ្ធភាព ហើយថ្មីៗនេះវាបានបញ្ចៀសការធ្វើកូដកម្មរបស់កម្មករតំណាងឱ្យសហជីពធីមម៉ាស្ទឺចំនួនជាង២ម៉ឺននាក់។
នៅមុនពេលនៃការបញ្ចៀសកូដកម្មនេះ ក្រុមហ៊ុន យែលឡូ បានប្តឹងសហជីពនេះទៅតុលាការសហព័ន្ធនៅរដ្ឋកាន់សាស់ (Kansas) ដើម្បីស្វែងរកការរារាំងកូដកម្មនេះ ហើយបាននិយាយថា ការបដិសេធរបស់សហជីពក្នុងការចរចាគ្នាបានរុញច្រានក្រុមហ៊ុននេះទៅដល់«គែមនៃការក្ស័យធន»៕