Alynana Media Cambodia
Icon Collap
clinic narit

​មន្ត្រី​ជំនាញ​ប្រកាស​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត ជាពិសេសនៅ​តាមបណ្ដោយ​ស្ទឹង​ព្រែក​ត្នោត និង​ព្រែក​ផ្សេងៗ

Admin Alynana | Aug 09, 2023
​មន្ត្រី​ជំនាញ​ប្រកាស​ឱ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត ជាពិសេសនៅ​តាមបណ្ដោយ​ស្ទឹង​ព្រែក​ត្នោត និង​ព្រែក​ផ្សេងៗ
Clinic narith

ភ្នំពេញៈ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកណ្តាល​បានប្រកាស​ឱ្យដឹងថា ស្ថាន​ភាព​ទឹក​ក្នុង​ស្ទឹង​ព្រែក​ត្នោត​បាន​ឡើងដល់​កម្រិត​ដែល​គួរឱ្យ​ប្រុងប្រយ័ត្ន ហេតុដូច្នេះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​បណ្ដោយ​សណ្ត​ស្ទឹង​​ព្រែក​ត្នោត និង​ព្រែក​មួយចំនួន​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រូវមាន​ការប្រុងប្រយ័ត្ន​។

យោងសេចក្ដី​ប្រកា​សរប​ស់​មន្ទីរ​ធនធានទឹក​ខេត្តកណ្តាល ចុះ​ថ្ងៃទី ​៧ ខែសីហា ឆ្នាំ​ ២០២៣ ខណៈដែល​ក្រសួង​ធនធានទឹក​បានប្រកាស​ថា ចាប់ពី​ថ្ងៃទី​ ៩ ដល់ទី ​១៥ ខែសីហា​នេះ អាចមាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​លោក នូវ​ប៉េង ច័ន្ទ​តារា អភិបាលរង​ខេត្តកណ្ដាល បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ៨ ខែ​​សីហា​ថា អាជ្ញាធរខេត្ត​បាន​ត្រៀម​រៀបចំ​ឆ្លើយតប​ទៅនឹង​បញ្ហា​ការ​ហក់​ឡើង​នៃ​កម្ពស់​ទឹក​នេះ​រួចរាល់​ហើយ ដូចជា​ការត្រៀម​កន្លែង​ដែលមាន​សុវត្ថិភាព​សម្រាប់​ជួយ​ប្រជា​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​កុំឱ្យ​មាន​គ្រោះថ្នាក់​។​

​លោក​បន្តថា ក្រៅពីនេះទៀត លោក​ក៏បាន​ណែ​នាំឱ្យ​អាជ្ញាធរ​ស្រុក​នៅ​មូលដ្ឋាន​ដែល​ពាក់ព័ន្ធ នឹង​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​យក​​ចិត្ត​ទុកដាក់​ចុះទៅ​ផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យមាន​ការប្រុងប្រយ័ត្ន​។​

​លោក នូវ​ប៉េង ច័ន្ទ​តារា បញ្ជាក់ថា​៖ «​ជាធម្មតា​ក្នុងនាម​យើង​ជា​អាជ្ញាធរ គឺ​យើង​តែង​តែ​យកចិត្តទុកដាក់​ពី​គ្រោះ​ធម្មជាតិ​នេះ ដើម្បី​ការពារ​បង្ការ កុំឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​ផ្ទះ​​សំបែង​ជាដើម​»​។​

 

​លោក​បន្ថែមទៀតថា បញ្ហា​ទឹក​ហក់​ឡើង​នៅតាម​សណ្ដ​ស្ទឹង និង​ព្រែក​នេះ វា​ក៏​មិនមាន​ជា​បញ្ហា​អ្វី​គួរឱ្យ​បារម្ភ​ខ្លាំង​នោះទេ ដោយសារ​ខាង​ខេត្ត​កំពង់​ស្ពឺ​បាន​បើកទឹក​មក ហើយ​នៅពេល​បិទ​វិញ នោះ​ស្ថានភាព​កម្ពស់​ទឹក​តាម​សណ្ដ​ស្ទឹង និង​ព្រែក គឺអាច​នឹង​ស្រក​ចុះទៅ​វិញ​ដែរ​។​

​ប៉ុន្តែ​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចុះ​ថ្ងៃទី​ ៨ ខែសីហា​បានឱ្យដឹងថា ស្ថាន​​ភាព​ធាតុអាកាស ចាប់ពី​ថ្ងៃទី​ ៩ ដល់​ថ្ងៃទី​ ១៥ ខែសីហា ឆ្នាំ​ ២០២៣ ​នេះ អាចមាន​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​សេចក្ដីប្រកាស​ដដែល​បានឱ្យដឹង​ទៀតថា កម្ពុជា​ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ជ្រលង​សម្ពាធ​ទាប​។ បន្ទាប់មក​ចាប់ពី​ថ្ងៃទី ​១២ ខែសីហា ទទួល​ឥទ្ធិពល​ខ្សោយ​ពី​ប្រព័ន្ធ​សម្ពាធ​ទាប អូសបន្លាយ​លើ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា ឡាវ និង​ប្រទេស​វៀតណាម ជាមួយ​ខ្យល់មូសុង​និរតី​មធ្យម​។

​សេចក្តីប្រកាស​បាន​បន្ត​ថា​៖ «​លក្ខណៈ​បែបនេះ នឹងធ្វើ​ឱ្យ​តំបន់​ទំនាប​កណ្តា​លអាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កម្រិត​ខ្សោយ​។ ចំពោះ​តំបន់​ខ្ពង់រាប​វិញ ក៏​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កម្រិត​ខ្សោយ​ដូចគ្នា​»​។​

​ក្រសួង​ធនធានទឹក​បន្ថែមថា ចំណែក​តំបន់​មាត់សមុទ្រ​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កម្រិត​មធ្យម​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​​គ្រប់គ្រង​គ្រោះមហន្តរាយ បានឱ្យដឹងថា ក្នុង​រយៈពេល​ ៧ ​ខែ គឺ​ចាប់ពី​ខែមករា ដល់ក​ក្កដា ឆ្នាំ ២០២៣ មាន​ករណី​ខ្យល់​កន្ត្រាក់ រន្ទះបាញ់ និង​គ្រោះ​អគ្គិភ័យ ដែល​បាន​បង្កឱ្យមាន​អ្នកស្លាប់​ចំនួន ៩០ ​នាក់ និង​របួស​ចំនួន ២១៧ ​នាក់​៕