រដ្ឋាភិបាលចិននៅថ្ងៃទី៨ ខែសីហាបានបែងចែកមូលនិធិសង្គ្រោះ៧៣២លានយ័ន (១០២លានដុល្លារ) ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃផលិតកម្មកសិកម្ម បន្ទាប់រងគ្រោះខ្លាំងដោយសារខ្យល់ព្យុះ។
ទឹកប្រាក់១០២លានដុល្លារត្រូវបញ្ចេញដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងកសិកម្ម និងកិច្ចការ ជនបទ ហើយត្រូវបញ្ជូនទៅកាន់តំបន់ខេត្តចំនួនប្រាំបួនរួមមានហឺប៉ី, ជីនលីន, ហីឡុងជាំង និងហ្វូជៀនជាដើម និងឱ្យក្រុមហ៊ុន Beidahuang ដែលជាក្រុមហ៊ុនកសិកម្ម និងកសិពាណិជ្ជកម្មដ៏សំខាន់មួយរបស់ចិន។
បើយោងតាមក្រសួងហិរញ្ញវត្ថុ ថវិកាទាំងនេះត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់សម្រាប់ការ គ្រប់គ្រងទឹកជំនន់ផ្នែកកសិកម្ម និងការងារសង្គ្រោះគ្រោះមហន្តរាយ និងដើម្បីគាំទ្រដល់ផលិតកម្មកសិកម្មក្រោយគ្រោះមហន្តរាយ។ ការឧបត្ថម្ភធនសមស្រប ក៏នឹងត្រូវបានអនុវត្តទៅលើការទិញសម្ភារកសិកម្ម ដូចជាគ្រាប់ពូជ សំណាប ជី ថ្នាំសម្លាប់សត្វល្អិត និងសេវាកម្ម ប្រតិបត្តិការដើម្បីបន្តផលិតកម្មកសិកម្ម និងការជួសជុលកន្លែងផលិតកសិកម្មដែលរងការខូចខាត។
ខេត្តជាច្រើនរបស់ចិន ពិសេសបណ្ដាខេត្តភាគខាងជើង រងទឹកជំនន់បង្កដោយព្យុះទីហ្វុង Doksuriដែលបំផ្លាញដំណាំ និងកន្លែងផលិតកសិកម្ម ហើយព្រមទាំងនាំឱ្យជន់លិចក្នុងទីក្រុងផងដែរ។ រដ្ឋាភិបាលក្នុងតំបន់ បានចល័តកម្លាំងជួយសង្គ្រោះដើម្បីជម្លៀសប្រជាពលរដ្ឋ ហើយកំពុងជួសជុលផ្លូវថ្នល់ ស្តារប្រព័ន្ធថាមពល និងប្រព័ន្ធទំនាក់ទំនងឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រធានាធិបតីចិន ស៊ី ជីនភីង នៅថ្ងៃទី៧ ខែសីហា បានទាមទារឱ្យអាជ្ញាធរបង្កើនការជួយសង្គ្រោះបន្ថែមដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន ឬជាប់គាំងដោយសារទឹកជំនន់។ លោក ស៊ី ក៏សង្កត់ធ្ងន់ថា គ្រប់តំបន់ និងស្ថាប័នពាក់ព័ន្ធត្រូវតែពង្រឹងការត្រួតពិនិត្យ ការព្យាករណ៍ ការព្រមានជាមុន និងបង្កើនវិធានការត្រួតពិនិត្យផងដែរ៕