ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃប្រទេសកម្ពុជា អាណត្តិទី៧នេះ នឹងអញ្ជើញធ្វើជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ ក្នុងការប្រកាសអំពីគោលនយោបាយសំខាន់ៗរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់មន្រ្ដីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រោយនាយករដ្ឋមន្រ្ដីថ្មីនៃប្រទេសកម្ពុជាឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលនឹងដឹកនាំអនុវត្តកម្មវិធីគោលនយោបាយស្នូលសំខាន់ៗចំនួន ៧ ហើយក្នុងចំណោមនោះ មានកម្មវិធីគោលនយោបាយ ស្នូលចំនួន ៣ គឺស្ថិតក្នុងវិស័យកសិកម្ម រួមមានការទម្លាក់ថវិកាហិរញ្ញប្បទាន ១០០ លានដុល្លារ ដើម្បីរក្សាលំនឹងតម្លៃកសិផលពេលប្រមូលផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស ១ ៦០០ នាក់ និងការពង្រីកសហគមន៍កសិកម្ម។
លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គោលនយោបាយការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស និងក៏ដូចជាគោលនយោបាយសំខាន់ៗរបស់ក្រសួងសិកម្ម នឹងត្រូវប្រកាសនាពេលខាងមុខដោយឯកឧត្ដមនាយករដ្ឋមន្រ្ដីថ្មី គឺឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលខាងមុខនេះ។
សូមជម្រាបថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសំខាន់ៗជាច្រើនក្នុងនោះមាន វិស័យសុខាភិបាល, ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន ១,៥ លាននាក់, វិស័យសង្គមកិច្ច, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ការទម្លាក់ថវិកាហិរញ្ញប្បទាន ១០០ លានដុល្លារ ដើម្បីរក្សាលំនឹងតម្លៃកសិផលពេលប្រមូលផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនៅទូទាំងប្រទេស ១ ៦០០ នាក់ និងការពង្រីកសហគមន៍កសិកម្មជាដើម៕