(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្តចេញអនុក្រឹត្យកែប្រែង្កើនទំហំផ្ទៃដីសម្រាប់ជម្រកសត្វព្រៃចំនួនពីរបន្ថែមទៀត គឺជម្រកសត្វព្រៃភ្នំសំកុស ដែលពីផ្ទៃដី៣៣៣៧៥០ហិកតាទៅដល់៣៦២៣៨៤ ហិកតា ខណៈជម្រកសត្វព្រៃគូលែន-ព្រហ្មទេពពី៤០២៥០០ហិកតាទៅ៤២៨៩៧១ហិកតា។
តាមអនុក្រឹត្យ ដែលបានចេញព្រមគ្នារបស់រាជរដ្ឋាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ការដែលរាជរដ្ឋាភិបាលសម្រេចកែប្រែ ដោយបង្កើនទំហំផ្ទៃដី សម្រាប់ជម្រកសត្វព្រៃទាំងពីរនេះ គឺក្នុងគោលបំណងធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌ ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ, រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយ ធម្មជាតិ, ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយសនិទានភាពនិងនិរន្តរភាព, និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ជាដើម។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គឺស្ថិតក្នុង ភូមិសាស្ត្រខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ហើយសម្រាប់ ដែនជម្រកសត្វព្រៃភ្នំសំកុស គឺស្ថិតក្នុង ភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។
រាជរដ្ឋាភិបាលបានសម្រេចប្រគល់តួនាទីនេះ ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំកែប្រែ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃទាំងពីរខាងលើនេះ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ដែលជាប់ពាក់ព័ន្ធ ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
លិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការកំណត់តំបន់សហគមន៍ តំបន់ប្រើប្រាស់ដោយចីរភាព ការវិនិយោគ ការចេញប័ណ្ណដីធ្លី ឬការអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លី ដែលអនុលោមតាមព្រះរាជក្រឹត្យស្តីពីការបង្កើតតំបន់ការពារធម្មជាតិ អនុក្រឹត្យស្ដីពីការបង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ត្រូវមានអានុភាពអនុវត្តបន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មី មកជំនួសស្របតាមបទប្បញ្ញត្តិនៃអនុក្រឹត្យនេះ។
រាជរដ្ឋាភិបាលក៏បានបញ្ជាឲ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តទាំងអស់ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅផងដែរ៕