(ប៉េកាំង)៖ ទិន្នន័យផ្លូវការ បានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសចិនបានធ្លាក់ចូល ទៅក្នុងបរិត្តផរណាជាលើកដំបូង ក្នុងរយៈពេលជាងពីរឆ្នាំក្នុងខែកក្កដា ដោយសារការធ្លាក់ចុះការចំណាយក្នុងស្រុក ដាក់បន្ទុកលើការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
បរិត្តផរណានេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមានព័ត៌មានថា ប្រទេសចិនបានទទួលរងការធ្លាក់ការនាំចេញខ្លាំងបំផុត គិតចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាត ខណៈការនាំចូលបានធ្លាក់ចុះសារជាថ្មី ដោយសារតម្រូវការក្នុងស្រុក និងពិភពលោកថយចុះ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិ បានធ្លាក់ចុះ ០,៣នៅក្នុងខែកក្កដា។
បើទោះបីជាសន្ទស្សន៍តម្លៃទំនិញ ប្រើប្រាស់មានអត្រាល្អជាងការព្យាករដែលថា នឹងមានការធ្លាក់ចុះ ០,៤ភាគរយនៅក្នុងការស្ទង់មតិ ដោយទីភ្នាក់ងារព័ត៌មាន Bloomberg ក៏ដោយ ក៏បរិត្តផរណានេះ បានបង្ហាញពីការធ្លាក់ចុះជាលើកដំបូង គិតចាប់តាំងពីដើមឆ្នាំ២០២១មក ហើយនឹងបន្ថែមសម្ពាធលើអាជ្ញាធរចិន ក្នុងការចាត់វិធានការគាំទ្របន្ថែមទៅដល់សេដ្ឋកិច្ច។
បរិត្តផរណាសំដៅលើការធ្លាក់ចុះ តម្លៃទំនិញ និងសេវាកម្ម ដែលការធ្លាក់ចុះនេះ បណ្តាលមកពីកត្តាមួយចំនួន រួមទាំងការធ្លាក់ចុះការប្រើប្រាស់ផងដែរ។
បើទោះជាទំនិញតម្លៃកាន់តែថោក អាចមានប្រយោជន៍សម្រាប់កម្លាំងទិញក៏ដោយ ក៏ការធ្លាក់ចុះតម្លៃទំនិញបង្កការគំរាមកំហែង ដល់សេដ្ឋកិច្ចកាន់តែទូលំទូលាយ ខណៈដែលអ្នកប្រើប្រាស់មានទំនោរពន្យារ ពេលការទិញទំនិញដោយសង្ឃឹមថានឹងមានការធ្លាក់ចុះតម្លៃបន្ថែមទៀត។
នៅពេលនោះ កង្វះតម្រូវការបង្ខំឱ្យក្រុមហ៊ុនកាត់បន្ថយផលិតកម្ម ឈប់ជួលបុគ្គលិក ឬជម្រុះបុគ្គលិក និងសុទ្ធចិត្តលក់ទំនិញបញ្ចុះថ្លៃ ដើម្បីលក់ទំនិញក្នុងស្តុករបស់ពួកគេ ដែលប៉ះពាល់ដល់ប្រាក់ចំណេញ ខណៈដែលការចំណាយនៅដដែល។
ប្រទេសចិនបានជួបប្រទះបរិត្តផរណារយៈពេលខ្លីនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ ដោយសារតែការធ្លាក់ចុះថ្លៃសាច់ជ្រូក ដែលជាសាច់ដែលប្រើប្រាស់យ៉ាងទូលំទូលាយបំផុត នៅក្នុងប្រទេសចិន។ មុនពេលនោះ រយៈពេលកើតមានបរិត្តផរណាចុងក្រោយ គឺនៅឆ្នាំ២០០៩៕