(ភ្នំពេញ)៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះអគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹងចំពោះអ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យមានតម្លៃលើសពី ១០០ ០០០ ០០០ រៀល ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ក្នុង ភូមិសាស្ត្រដែលអចលនទ្រព្យនោះស្ថិតនៅ ឬនៅអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធ។
យ៉ាងណាមិញដើម្បីចុះបញ្ជី បង់ពន្ធលើអចលនទ្រព្យ អ្នកជាប់ពន្ធដែលជាម្ចាស់អចលនទ្រព្យត្រូវរៀបចំឯកសារសំខាន់ៗមួយចំនួន ដូចជា៖
*អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ (ច្បាប់ថតចម្លង)
*ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធ
*នឹងការកាន់កាប់ អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ថតចម្លង)
*ទីតាំងអចលនទ្រព្យ (និយាមកា ដែលមានរយៈទទឹង និងរយៈបណ្តោយ)
*រូបថតអចលនទ្រព្យ
*បំពេញទម្រង់ Form PT01
*វិក្កយបត្រអគ្គិសនី ឬវិក្កយបត្រទឹក (ប្រសិនបើមាន)
*ឯកសារពាក់ព័ន្ធផ្សេងទៀតរួមមាន លិខិតអនុញ្ញាតសាងសង់ លិខិតបើកការដ្ឋានសាងសង់ លិខិតបិទការដ្ឋានសាងសង់ លិខិតបញ្ជាក់ ពីអាជ្ញាធរមានសមត្ថកិច្ច (ក្នុងករណីសំណង់ទើបសាងសង់ ឬមានការប្រែប្រួល)។
ចំពោះអ្នកជាប់ពន្ធត្រូវផ្ដល់ព័ត៌មានជូនរដ្ឋបាលសារពើពន្ធ (បច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ) ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារដូចបានបញ្ជាក់ ខាងលើ រួមជាមួយបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធនាឆ្នាំកន្លងមក ឬលេខអត្តសញ្ញាណកម្មអចលនទ្រព្យ (PIN) ឬប័ណ្ណសម្គាល់ការបង់ពន្ធ លើអចលនទ្រព្យ ចំពោះអចលនទ្រព្យដែល៖
*មូលដ្ឋានគិតពន្ធត្រូវបានប្រែប្រួល ដូចជាដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ និង/ឬសំណង់ផ្សេងៗ ឬផ្ទះ អគារ និងសំណង់ផ្សេងៗ ត្រូវ បានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
*អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយនៃអចលនទ្រព្យ៕