(ភ្នំពេញ)៖ កម្ពុជានាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ នេះ មានទំហំទឹកប្រាក់ប្រមាណជាង ៣៨៥ លានដុល្លារអាមេរិក កើនឡើងជាប់ ៤៣ ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។
បើតាមរបាយការណ៍អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញពីស្ថិតិទំនិញពាណិជ្ជកម្មនាំចេញរបស់កម្ពុជា ក្នុងនោះការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ នៅក្នុងខែកក្កដា ឆ្នាំ២០២៣ នេះ មានទឹកប្រាក់ជាង ៦១ លានដុល្លារ ខណៈការនាំចេញរយៈពេលដូចគ្នាឆ្នាំ ២០២២ មានត្រឹម ៤១ លានដុល្លារប៉ុណ្ណោះ ។ចំណែកក្នុងរយៈពេល ៧ខែឆ្នាំ២០២៣នេះវិញ ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោក មានទំហំទឹកប្រាក់សរុបជាង ៣៨៥ លានដុល្លារ ខណៈនៅក្នុងរយៈពេលដូចគ្នាឆ្នាំ២០២២ ការនាំចេញទំនិញប្រភេទនេះ មានទឹកប្រាក់ ២៦៩ លានដុល្លារ ។ ដូច្នេះតាមរយៈនៃការនាំចេញនេះ បានបង្ហាញថា កៅស៊ូរបស់កម្ពុជាកំពុងមានទីផ្សារល្អប្រសើរសម្រាប់ទីផ្សារក្រៅស្រុក។
ជុំវិញការនាំចេញកៅស៊ូនេះ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងនូវការសាទរ ចំពោះការងើបឡើងល្អនៃការនាំចេញកៅស៊ូរបស់កម្ពុជា ខណៈបច្ចុប្បន្នទីផ្សារជ័រកៅស៊ូក្នុងស្រុកកំពុងមានកំណើន ដែលការនាំចេញទំនិញប្រភេទនេះ និងមានបន្តនិរន្តសម្រាប់ទីផ្សារនាំចេញរបស់កម្ពុជាផងដែរ ដ៏រាបណាទីផ្សារនៅក្នុងស្រុក មិនទាន់ស្រូបយកជ័រកៅស៊ូសម្រាប់ដំណើរការផលិត។ ជុំវិញតម្រូវការជ័រកៅស៊ូក្នុងស្រុកនេះដែរ អ្នកឧកញ៉ា បញ្ជាក់បន្ថែមថា ចំពោះតម្រូវការជ័រកៅស៊ូនៅក្នុងប្រទេស ប្រសិនរោងចក្រទាំងអស់បើកដំណើរ គឺស្រូបយកតែជ័រកៅស៊ូប្រភេទលេខ ១០ ខណៈដែលការផលិតកៅស៊ូប្រភេទនេះនៅកម្ពុជា មានត្រឹម ២០ ទៅ ៣០ ភាគរយប៉ុណ្ណោះ។
សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា មានរោងចក្រផលិតសំបកកង់ចំនួន ២ បានកំពុងដំណើរការ, រោងចក្រទី១ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd, ក្រុមហ៊ុននេះនឹងទិញផលិតផលជ័រកៅស៊ូក្នុងស្រុក ១០០% សម្រាប់សង្វាក់ការផលិត ក្នុងរង្វង់ប្រមាណ ៥ ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។ រោងចក្រទី ២ ស្ថិតនៅក្នុងខេត្តព្រះសីហនុ វិនិយោគដោយក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd, រោងចក្រនេះ និងប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិនៅក្នុងស្រុកផងដែរ ។ ចំណែករោងចក្រទី ៣ គឺក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd មានទីតាំងខេត្តក្រចេះ ក្រុមហ៊ុននោះនឹងអាចត្រូវការជ័រកៅស៊ូក្នុងស្រុកផងដែរ ដែលទាំងអស់នេះគឺជាផ្នែកមួយជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី